ស៊ី ជីនភីង៖ SCO គួរប្រឆាំងនូវសកម្មភាពគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ខណៈ AUKUS លេចចេញជារូបរាង
លោកប្រធានាធិបតីចិន ស៊ី ជីនភីង កាលពីថ្ងៃសុក្រកន្លងទៅ បានថ្លែងប្រាប់ប្រទេស ដែលជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) សកម្មភាពដែលបង្កជាការគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ និងបង្កជាភាពតានតឹងនៅក្នុងតំបន់ គួរតែត្រូវច្រានចោល។
ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋលើកទី២១ នៃអង្គការ SCO លោក ស៊ី បានលើកឡើងថា ប្រទេសចិន និងប្រទេសដែលជាសមាជិកនៃ SCO «បានរួមគ្នាប្រកាន់ខ្ជាប់នូវសណ្ដាប់ធ្នាប់អន្តរជាតិ ក៏ដូចជាតស៊ូមតិដើម្បីលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងតម្លៃរួមនៃមនុស្សជាតិ ហើយព្រមទាំងប្រកាន់នូវជំហរមួយប្រឆាំងនឹងភាពវាតទីនិយម និងល្បែងនយោបាយប្រកួតប្រជែងដើម្បីយកអំណាច»។
អង្គការ SCO នៅពេលនេះមានសមាជិកចំនួន ៨ប្រទេស ដែលភាគច្រើននៅតំបន់អាស៊ីកណ្ដាល និងអាស៊ីខាងត្បូង។ ប្រទេសទាំង ៨នោះមានដូចជា ចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន និងអ៊ូបេគីស្ថាន។ អង្គការនេះធ្វើការលើផ្នែកសន្តិសុខ ដែលជាពិសេសព្យាយាមដោះស្រាយលើបញ្ហាធំៗចំនួន ៣គឺ ភេរវកម្ម ចលនាផ្ដាច់ទឹកដី និងក្រុមសាសនាជ្រុលនិយម។
ប្រធានាធិបតីចិនបានបន្ថែមថា «នៅក្នុងទំនាក់ទំនងអន្តរជាតិ យើងគួរតែសង្កេតនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍នៃការពិគ្រោះយោបល់គ្នា»។
«យើងត្រូវតែអនុវត្តនូវប្រព័ន្ធពហុភាគីនិយមដ៏ពិតប្រាកដមួយ ហើយប្រឆាំងនឹងសកម្មភាពណា ដែលបង្កឡើងក្នុងនាមជា លើកកម្ពស់ផ្លូវច្បាប់អន្តរជាតិ តែផ្ទុយទៅវិញធ្វើការគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ហើយបណ្ដាលឱ្យមានការប្រឈមមុខដាក់គ្នា និងការបែងចែកបក្ខពួក»។ នេះជាការបន្ថែមរបស់លោក ស៊ី។
ជារឿងគួរឱ្យកត់សម្គាល់ផងដែរ លោកស៊ី លើកឡើងបែបនេះ នៅមួយថ្ងៃបន្ទាប់ពី សម្ព័ន្ធមិត្តយោធាត្រីភាគីរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា AUKUS ត្រូវបានបង្កើតឡើង។
ក្នុងកិច្ចព្រមព្រៀងនោះដែរ អាមេរិក រួមគ្នាជាមួយអង់គ្លេស ដើម្បីចែករំលែកបច្ចេកវិទ្យាផ្នែកយោធាទៅកាន់អូស្ត្រាលី ដើម្បីឱ្យប្រទេសនេះមានសមត្ថភាពក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ តែបំពាក់ដោយអាវុធយុទ្ធភណ្ឌមិនមែនជាប្រភេទបរមាណូ។
ក្រសួងការបរទេសចិនបានហៅការបង្កើតកិច្ចព្រមព្រៀងនេះថាជា «ទង្វើខ្វះទំនួលខុសត្រូវយ៉ាងខ្លាំង» ដែលបណ្ដាលឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព ហើយបង្កឱ្យមានការប្រណាំងប្រជែងផ្នែកសព្វាវុធនៅក្នុងតំបន់។
យ៉ាងណាក៏ដោយ លោក ស្កុត ម៉ូរីសុន និយាយក្នុងបទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មានចំនួន ៥អង្គភាព ដោយឡែកៗគ្នាកាលពីថ្ងៃសុក្រកន្លងទៅ ដើម្បីបកស្រាយ និងពន្យល់អំពីគោលជំហររបស់រដ្ឋាភិបាលលោកទៅលើសម្ព័ន្ធមិត្ត AUKUS។
លោក ម៉ូរីសុន សង្កត់ធ្ងន់ម្ដងជាពីរដងថា សម្ព័ន្ធមិត្ត AUKUS នេះ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ធ្វើឡើងដើម្បីតែ «ប្រយោជន៍ជាតិរបស់ប្រទេសអូស្ត្រាលី» និងដើម្បី «សុវត្ថិភាពប្រជាជនអូស្ត្រាលី» ប៉ុណ្ណោះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអូស្ត្រាលីមួយ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានហៅ AUKUS នេះថាជា «ដៃគូអមតៈ»។ ទោះជាបែបនេះក្ដី លោកប្រាប់សារព័ត៌មានមួយទៀតថា អូស្ត្រាលីនឹងមិនជ្រើសរើសអាមេរិក ហើយចោលទំនាក់ទំនងជាមួយចិននោះទេ។
«អ្វីដែលយើងបានធ្វើជាមួយសហរដ្ឋអាមេរិក គឺស្របទៅនឹងអ្វីដែលយើងធ្លាប់ធ្វើជាមួយដៃគូ និងសម្ព័ន្ធមិត្តនាពេលកន្លងទៅ… ក្នុងន័យនេះទ្វារបស់យើងនឹងបើកជានិច្ច ដើម្បីអនុវត្តនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលយើងមានជាមួយចិនរួចស្រាប់ហើយ»។ នេះជាការលើកឡើងរបស់លោក ស្កុត ម៉ូរីសុន។
ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី ហាក់បីដូចជារកាំរកូស ក្រោយពេលដែលអូស្ត្រាលីអំពាវនាវឱ្យមានការស្រាវជ្រាវ និងស៊ើបអង្កេតលើប្រភពនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០។ ចិនបានឆ្លើយតបទៅវិញ ដោយដំឡើងពន្ធលើស្រា និងគ្រឿងសមុទ្រអូស្ត្រាលី ចំណែកឯអូស្ត្រាលីក្រោយមកទៀត ក៏លុបចោលគម្រោងខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិនមាននៅក្នុងប្រទេសរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោក ម៉ូរីសុន បានប្រាប់ទៅកាន់អ្នកកាសែតថា ខាងអូស្ត្រាលីតែងតែស្វាគមន៍ឱ្យមានកិច្ចសន្ទនាជានិច្ចជាមួយចិន ដើម្បីជជែកពិភាក្សាលើបញ្ហាដែលធ្លាប់មានជាមួយគ្នា៕

ប្រភព៖ Aljazeera