អ៊ីស្រាអែលចាប់ខ្លួនអ្នកទោសប៉ាឡេស្ទីន ២ នាក់ចុងក្រោយ បន្ទាប់ពីរត់ចេញពីពន្ធនាគារ

ហ្ស៊េរុយសាឡិម៖ កង​កម្លាំង​អ៊ីស្រាអែល​ចាប់​ខ្លួន​អ្នក​ទោស​ជន​ជាតិ​ប៉ាឡេស្ទីន ​២​នាក់​ចុង​ក្រោយ​ បន្ទាប់​ពី​​រត់​គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ដែល​មាន​សន្តិសុខ​តឹង​រ៉ឹង​​ជិត​ពីរ​សប្តាហ៍​មុន​ ដែលជនជាតិ​​អ៊ីស្រាអែល​ហៅ​ថា​ជា​ភាព​អាម៉ាស​សម្រាប់​ប្រព័ន្ធ​សន្តិសុខ​របស់​ខ្លួន​ ហើយ​​ជន​ជាតិ​ប៉ាឡេស្ទីន​​ចាត់​ទុក​ថា​ជា​ទង្វើ​នៃ​វីរភាព​ក្រោម​ការ​ជិះ​ជាន់​របស់​អ៊ីស្រាអែល​។​

​ស្នង​ការ​ប៉ូលីស​អ៊ីស្រាអែល​លោក​ Yaakov ​Shabtai ​​និយាយ​ថា​ សមាជិក​ពីរ​នាក់​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​ជីហាដ​អ៊ិស្លាម​រួម​មាន​លោក​ Munadil Nafayat​​ និង​ Eham Kamamji ​ត្រូវ​បាន​ចាប់​ខ្លួន​មុន​ពេល​ព្រលឹម​ស្រាង​ៗ​ ពី​ផ្ទះ​មួយ​ក្នុង​ទីក្រុង​ Jenin ​របស់​ប៉ាឡេស្ទីន​ក្នុង​តំបន់​ West Bank ​​ក្រោម​ប្រតិបត្តិការ​​រួម​គ្នា​ជាមួយ​អង្គភាព​កង​កម្លាំង​ពិសេស​របស់​ប៉ូលីស​ និង​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ក្នុង​ស្រុក​អ៊ីស្រាអែល​។​

​ក្នុង​ចំណោម​អ្នក​រត់​គេច​ទាំង​ ៦ ​នាក់​ មាន​តែ​អ្នក​ទាំង​ពីរ​​នេះ​ទេ​ ដែល​អាច​ភៀស​ខ្លួន​រហូត​ដល់​ West Bank ​ខណៈ​ដែល​ ៤​​ នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភាគ​ខាង​ជើង​អ៊ីស្រាអែល​ប្រហែល​ជាង​មួយ​សប្ដាហ៍​មុន​។​ ជន​ជាតិប៉ា​ឡេស្ទីន​ចាត់​ទុក​សមាជិក​ក្រុម​ប្រដាប់​អាវុធ​ដែល​អ៊ីស្រាអែល​ចាប់​ដាក់​ពន្ធនាគារ​​ថាជា​វីរបុរស​ក្នុង​ការ​តស៊ូ​បង្កើត​រដ្ឋ​នៅ​តំបន់​ West Bank ​ហ្កាហ្សា ​និង​ហ្ស៊េរុយសាឡិម​ខាង​កើត​ ដែល​ជា​ទឹក​ដី​អ៊ីស្រាអែល​ដណ្តើម​បាន​នៅ​ក្នុង​សង្គ្រាម​មជ្ឈឹម​បូព៌ា​ឆ្នាំ​ ១៩៦៧ ​ខណៈ​អ៊ីស្រាអែល​ចាត់​ទុក​ពួក​នេះ​ថា​ជា​ភេរវករ​។​

​​ការ​រត់​គេច​ខ្លួន​ពី​អ្នក​ទោស​ដែល​ផ្តន្ទាទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ភេរវកម្ម​ ទាំង​ ៦​​នាក់​​​ បង្ក​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​នៅ​អ៊ីស្រាអែល​ ដោយ​ខ្លះ​ចាត់​ទុក​ថា​ ជា​ភាព​កំសោយ​នៃ​​ប្រព័ន្ធ​ពន្ធនាគារ​ នីតិ​វិធី​សន្តិសុខ​ និង​សមត្ថភាព​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​​រដ្ឋាភិបាល​​​។ ​ប៉ុន្តែ​សម្រាប់​ជន​ជាតិ​ប៉ាឡេស្ទីន​ជា​ច្រើន​ ការណ៍​នេះ​ជា​ទង្វើ​ដែល​លើក​ស្ទួយ​សីល​ធម៌​នៃ​វីរភាព​។​

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ជន​ជាតិ​ប៉ាឡេស្ទីន​​បាន​ធ្វើ​បាតុកម្ម​គាំទ្រ​អ្នក​ទោស​ដែល​រត់​គេច​ខ្លួន​នៅ​ទូទាំង​តំបន់​ West Bank ​និង​ ហ្ស៊េរុយសាឡិម​ខាង​កើត​។​ សមាជិក​នៃ​ជន​ជាតិ​ភាគ​តិច​អារ៉ាប់​របស់​អ៊ីស្រាអែល​ ដែល​តែង​តែ​កំណត់​អត្តសញ្ញាណ​ខ្លួន​ថា​ជា​ជន​ជាតិ​ប៉ាឡេស្ទីន ​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​​ផង​ដែរ​ ជាមួយ​នឹង​ការ​តវ៉ា​ជាច្រើន​ទៀត​ដែល​គ្រោង​នឹង​ធ្វើ​ជា​បន្ត​បន្ទាប់​។​

បច្ចុប្បន្ន​ ជនជាតិ​ប៉ាឡេស្ទីន​ប្រហែល​ ៥ ០០០ ​នាក់​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​អ៊ីស្រាអែល​។​​​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner