ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីថៃនៅខេត្ដបន្ទាយមានជ័យ (Video Inside)
យ៉ាងហោចមានប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ ព្រមទាំងផលដំណាំមួយចំនួន ក្នុងបន្ទាយមានជ័យ ត្រូវបាន រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនិងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ។ អភិបាលខេត្តបន្ទាយមានជ័យ លោក អុំ រាត្រី បានថ្លែងនៅថ្ងៃទី២០ ខែកញ្ញានេះថា គ្រួសារពលរដ្ឋដែលទាំង៤០គ្រួសារដែលរងផលប៉ះពាល់ នោះ គឺស្ថិតក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល។
នៅក្នុងខេត្តបន្ទាយមានជ័យដដែលនោះផងដែរ, គឺនៅក្នុងស្រុកមង្គលបុរី អភិបាលស្រុកលោក រ័ត្ន ដាស៊ីណង់ បានថ្លែងដែរថា ជំនន់ទឹកភ្លៀងក្នុងស្រុកបានបង្កឱ្យ ផលប៉ះពាល់ដល់ដំណាំកសិកកម្មរបស់ពលរដ្ឋប្រមាណ ៥០០ហិកតា, ផ្លូវលំប្រមាណ៥០ទៅ៦០ម៉ែត្រ បានរងផលប៉ះពាល់ ប៉ុន្តែមិនទាន់បានគម្រាមកំហែងដល់ភូមិករ អ្នកស្រុកឡើយ ទន្ទឹមនឹងអាជ្ញាធរក៏បានត្រៀមរួចជាស្រេចហើយដែរ នូវទូកកាណូត និងទីទួលសុវត្ថិភាព និង សម្ភារៈនានាក្នុងករណីចាំបាច់ត្រូវចេញសង្គ្រោះ។
រដ្ឋបាលស្រុកមង្កលបុរី បានជូនដំណឹងនៅថ្ងៃទីច័ន្ទនេះថា ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុង ក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្ដោយ ដងស្ទឹងនៃស្រុកបវេល នៃខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ បានធ្វើឱ្យកម្រិត ទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំង នឹងបារម្ភប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ផ្ទះសម្បែង និងលដំណាំជាដើម។
រដ្ឋបាល ស្រុកមង្កលបុរី បានអំពាវនាវប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមត្រៀម ស្បៀងនិង ថ្នាំសង្កូវទុកបម្រុងជាមុននិងរៀបចំប្រមូលរក្សាទុកនូវឯកសារសំខាន់ៗឱ្យបានគង់វង្ស រួមមានៈ សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអត្រានុកូលដ្ឋាន, អត្តសញ្ញាណប័ណ្ណ, សញ្ញាបត្រ, ប័ណ្ណកម្មសិទ្ធិ និងឯកសារសំខាន់ៗទៀតនិងត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀស នៅពេលទឹកជំនន់ មកដល់។
រដ្ឋបាលស្រុកនៅបានអំពាវនាវមាតាបិតានិងអ្នកអាណាព្យាបាលប្រុងប្រយ័ត្នក្មេងតូចនិងកូនចៅមិន ត្រូវឲ្យចុះ លេងទឹកក្នុងពេលមានជំនន់ទឹកភ្លៀងនោះឡើយ, ត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុង ប្រយ័ត្ន ចំពោះសត្វ អសិរពិសផ្សេងៗ ផងដែរ។
កម្ពុជាកំពុងរងនឹងឥទ្ធិពលជ្រលងសម្ពាធទាប ឥណ្ឌានិងខ្យល់មូសុងនីរតីខ្សោយ ដែលបង្កការធ្លាក់ភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម, ប៉ុន្តែក្នុងសប្តាហ៍ដែលនឹង មកដល់នេះ កម្ពុជានឹងរងនូវវិសម្ពាធ មួយផ្សេងទៀតដែលកើតឡើងក្នុងសមុទ្ទចិនខាងត្បូង នឹងអាចបង្កើន ឥទ្ធិ ពលទៅជាកូនព្យុះទី១៥ដែលនឹង អាចប៉ះពាល់ដល់ខេត្តនាបណ្តាភាគឥសានកម្ពុជាថែមទៀត៕