រដ្ឋបាលខេត្តកំពត រៀបចំគម្រោងអភិវឌ្ឍឆ្នេរព្រែកកំពតថ្មីមួយកន្លែង បន្ថែមទៀតដើម្បីបម្រើវិស័យទេសចរណ៍ក្នុងខេត្ត

កំពត ៖ ដើម្បីបង្កើនភាពទាក់ទាញប្រកបដោយភាព ស្រស់ស្អាតសំដៅបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាការរៀបចំកន្លែងលំហែកម្សាន្ត មានខ្យល់អាកាសបរិសុទ្ធ មានអនាម័យបរិស្ថានធានាដល់គុណភាព សុខភាព សាធារណៈ និងសោភ័ណភាពក្នុងក្រុង ឲ្យបានកាន់តែប្រសើរឡើងថែមទៀតនៅពេលខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងមានការអភិវឌ្ឍន៍ទៅលើគម្រោងថ្មីមួយបន្ថែមទៀត ដែលគម្រោងនេះស្ថិតនៅ តាមដងឆ្នេរព្រែកកំពត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាលក្រុងកំពត។

នៅរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត មន្រ្តីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ បានចុះសិក្សាវាយតម្លៃទីតំាងជាក់ស្ដែងដើម្បីរៀបចំអភិវឌ្ឍន៍គម្រោងថ្មីមួយបន្ថែមទៀត ឲ្យបានសម្រេចនៅពេលខាងមុខឆាប់នេះ ។

គម្រោងនេះ នៅតាមដងឆ្នេរព្រែកកំពត ជាគម្រោងវិនិយោគ ពីវិស័យឯកជនក្នុងជំហានដំបូងតម្រូវឲ្យធ្វើការបូមខ្សាច់ចាក់បំពេញតាមឆ្នេរដងព្រែក និងរៀបចំប្រព័ន្ធលូទឹក និងរៀបចំខឿនទប់ខ្សាច់ ដែលមានប្រវែងជិត ៣០០ម៉ែត្រ ចាប់ពីចំណុច មណ្ឌលកីឡាលើទឹក រហូតដល់ ផែទូកនេសាទ ខាងត្បូងជាប់ទីលានសួនសាធារណៈព្រះបាទអង្គឌួង ។ គម្រោងនេះ ធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត នូវភាពស្រស់ស្អាតតាមដងឆ្នេរព្រែក ក៏ដូចជាការរៀបចំកន្លែងលំហែកម្សាន្ត មានខ្យល់អាកាសបរិសុទ្ធ មានអនាម័យបរិស្ថានធានាដល់គុណភាព សុខភាពសាធារណៈ និងសោភ័ណភាព ក្នុងគោលដៅបម្រើសេវាកម្មមួយចំនួនក្នុងវិស័យទេសចរណ៍ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តក្នុងឱកាសនោះ បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីអភិវឌ្ឍនូវគម្រោងមួយឲ្យទទួលបានលទ្ធផលជោគជ័យ ធានាបាននូវគុណភាពនិរន្តរភាព បញ្ចៀសបាននូវផលប៉ះពាល់ គឺចាំបាច់ត្រូវមានការចូលរួមពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមផ្ដល់នូវមតិយោបល់ល្អៗ ក្នុងដំណើរការកសាងនៃគម្រោងទាំងអស់នោះ ។

ជាក់ស្ដែងការចុះមកពិនិត្យដល់ ទីតាំងគម្រោងនេះ គឺក្នុងគោលបំណងដើម្បីសិក្សាវាយតម្លៃនិងទាមទារឲ្យមានការចូលរួមមតិយោបល់ ពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធសំដៅធ្វើយ៉ាងណា ធ្វើឱ្យដំណើរការអភិវឌ្ឍន៍គម្រោង ប្រកបដោយគុណភាព និរន្តរភាពបញ្ចៀសបាននូវផលប៉ះពាល់ឲ្យនៅមានកម្រិតតិចបំផុត និងបម្រើដល់ផលប្រយោជន៍សាធារណជនឲ្យបានច្រើនបំផុត ។

ឧត្តមអភិបាលខេត្តក៏បានគាំទ្រគម្រោងមួយនេះ និងផ្ដាំផ្ញើដល់មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ពិសេស មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត ត្រូវធ្វើយ៉ាងណាសហការគ្នាជាមួយអ្នកវិនិយោគ សិក្សារៀបចំគម្រោងប្លង់មេឲ្យបានច្បាស់លាស់ និងលឿនរហ័សនៅពេលខាងមុខនេះ ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ខេត្តកំពត ពិសេសទីក្រុងកំពត នៅពេលខាងមុខ ក្រោយពីបង្កើតបាននូវគម្រោងថ្មីមួយនេះបន្ថែមទៀត នឹងអាចមាននូវហេដ្ឋារចនាសម្ព័នបំរើក្នុងវិស័យទេសចរណ៍ នឹងបង្កើតបានភាពទាក់ទាញព្រមទាំងបានផ្ដល់នូវមុខរបរអាជីវកម្មការងាររួមនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner