សម្ដេចតេជោ៖ ដោយសារគុណតម្លៃនៃសន្តិភាព ធ្វើប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ និងជំរុញឱ្យកម្ពុជា ខិតខំអភិវឌ្ឍខ្លួនក្លាយជាប្រទេសមួយដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងបុព្វហេតុសន្តិភាពពិភពលោក

ភ្នំពេញ ៖ យោងតាមសារលិខិត ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ ថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ ក្រោមមូលបទ «ការស្ដារពិភពលោកឱ្យមានភាពប្រសើរឡើងវិញប្រកបដោយសមធម៌ និងនិរន្តរភាព» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក បង្កឡើងដោយការប្រកួត ប្រជែងរវាងមហាអំណាចដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដាពីរអំពី ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។

សម្ដេចតេជោ បានបន្ដថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើង ដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះ បានដាក់បង្ខំមកលើកម្ពុជា។ សម្ដេចថា កម្ពុជាក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែគ្រាន់តែប្រើប្រាស់សិទ្ធិអធិបេតយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមាន ជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិត ប៉ុណ្ណោះ។ នៅក្នុងទិសដៅនេះ កម្ពុជា បានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នានិងមាន ផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាឱឡារិក ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការការពារ ទោះក្នុងតម្លៃណាក៏ដោយ នូវសន្តិភាព និង ស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍប្រទេសជាតិ។ សម្ដេចថា ដោយសារគុណតម្លៃនៃសន្តិភាពដែលកម្ពុជាទទួលបានដោយលំបាកនេះហើយ ដែលបាន ធ្វើប្រទេសជាតិ មានការរីកចម្រើននៅលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជំរុញឱ្យកម្ពុជាខិតខំ អភិវឌ្ឍខ្លួនក្លាយជាប្រទេសមួយដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងបុព្វហេតុសន្តិភាព ពិភពលោក ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner