ព្រះមហាក្សត្រខ្មែរ នឹងយាងដឹកនាំព្រះរាជពិធីសុំភ្លើងអាទិទេព នៅប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តការណ៍ស៊ីហ្គេម ២០២៣

យោងតាមអគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន ដែលបានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា កម្ពុជា នឹងរៀបចំព្រះរាជពិធីសុំភ្លើងអាទិទេព នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា រួមជាមួយនឹងពិធីរត់ភ្លើងគប់ចេញពីកម្ពុជា ឆ្ពោះទៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួចហើយរត់ត្រឡប់ចូលមកកម្ពុជា នៅជុំវិញបឹងទន្លេសាប ឆ្ពោះមកពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣តែម្តង ខណៈដែលកាលបរិច្ឆេទនៃព្រះរាជពិធីនេះ ត្រូវបានកំណត់រួចរាល់ហើយ ប៉ុន្តែនៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ។

ការបញ្ជាក់របស់ លោក វ៉ាត់ ចំរើន បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយតាមប្រព័ន្ធ ZOOM ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលកិច្ចប្រជុំនោះ រៀបចំឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។

អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានបន្ថែមថា ក្នុងកិច្ចប្រជុំនោះ សម្តេចពិជ័យសេនា បានត្រួតពិនិត្យបន្ថែមលើគ្រោងឆ្អឹងនៃព្រះរាជពិធីសុំភ្លើងអាទិទេព និងគម្រោងនៃពិធីបើក-បិទស៊ីហ្គេម ២០២៣ ដោយត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដោយបានរៀបចំផែនការគោលសំខាន់ៗអស់ហើយ ហើយត្រូវបន្តបំបែកកម្មវិធីលម្អិត ដូចជានៅក្នុងកម្មវិធីបើក-បិទនេះមានទស្សនីយភាព ការធនធានសម្តែង សម្ភារ និងគម្រោងថវិកាជាដើម។

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ចំពោះការរត់ភ្លើងគប់នេះ ត្រូវធ្វើការរួមគ្នាសម្រាប់ពិធីរត់ក្នុងប្រទេសគឺជាការសហការគ្នាជាមួយអាជ្ញាធរខេត្ត ខណៈពិធីរត់ភ្លើងគប់នៅបណ្តាប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ត្រូវសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ និងបណ្តាស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗ ដោយCAMSOC បានកំណត់កាលបរិច្ឆេតរួចហើយថា ប្រទេសណាត្រូវរត់ភ្លើងគប់នេះ ពីថ្ងៃណាដល់ថ្ងៃណា ហើយការត់ក្នុងស្រុកត្រូវរត់ពីថ្ងៃណាដល់ថ្ងៃណា ដែលពេលវេលាទាំងអស់នេះ ត្រូវបានកំណត់ជាគោលការណ៍រួចហើយ។

«សម្រាប់កម្មវិធីរត់ភ្លើងគប់នេះត្រូវបានរៀបចំនៅក្នុងកូនសៀវភៅ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ដោយគ្រាន់តែអ្នកជំនាញអនុវត្តតាមគោលការណ៍ដែលបានកំណត់នេះរួចហើយលើកម្មវិធីបើក និងកម្មវិធីបិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព ការរត់ភ្លើងគប់ ដែលមានភាពលម្អិតស៊ីជម្រៅច្បាស់លាស់។ ទាំងអស់នេះគឺជាដំណើរវឌ្ឍនភាពការងាររបស់ CAMSOC ដើម្បីឈានឆ្ពោះទៅធ្វើការលម្អិតរួមបញ្ជូលគ្នានៃផែនការនីមួយៗ ដើម្បីឲ្យមានការទទួលខុសត្រូវខ្ពស់ ជាក់លាក់ប្រកបដោយប្រសិទ្ធភាព»។

សូមរំលឹកថា កាលពីឆ្នាំ២០១៨ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី២ ព្រះរាជប្រទានភ្លើងគប់ ត្រូវបានប្រារព្ធធ្វើក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner