សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យយកចិត្តទុកដាក់បន្ថែមលើការបំពាក់ភ្លើងស្តុប កាមេរ៉ា និងការរឹតបន្តឹងច្បាប់

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមលើកិច្ចការមួយចំនួនទៀតដូចជា បំពាក់ភ្លើងស្តុប កាមេរ៉ា ការរឹតបន្តឹងច្បាប់ និងអប់រំផ្សព្វផ្សាយការលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តព្រមទាំងជំរុញការផ្សព្វផ្សាយអនុវត្តវិធានការ៣ការពារ និង៣កុំ ដោយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានកាន់តែប្រសើរឡើង។

ការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ  នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ពាក់ព័ន្ធនឹងមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថានៅតែជាបញ្ហាប្រឈម ជាពិសេសអ្នកជិៈម៉ូតូមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរនៅពេលយប់។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់អំពីភាពខ្វះខាតនៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសម្ដេចបានណែនាំកុំឱ្យមើលស្រាលបញ្ហានេះនិងបានស្នើឱ្យអភិបាលរាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូសចរាចរណ៍នេះឱ្យបាន ពីព្រោះការងារនេះក៏ជាសេវាសាធារណៈចាំបាច់មួយជូនប្រជាពលរដ្ឋដែរ។

សម្ដេចក្រឡាហោម ក៏បានលើកយោបល់ឱ្យមានការគិតការគូពិចារណាឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារ និងបច្ចេកទេស។ សម្ដេចបានបន្តថា បើយើងចំណាយថវិកាដើម្បីបំពាក់ឧបករណ៍សម្ភារ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្រ្តជាង ឬមួយណាចំណេញជាង និងបញ្ជាក់ក្នុងន័យដើមថា«និយាយអ៊ីចឹង មិនមែនមានន័យថាលែងឱ្យមានកងកម្លាំងនគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយតម្រូវការ ដោយប្រើប្រាស់ប៉ូលីសតិច តែមានប្រសិទ្ធិភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់»។

សម្ដេចក្រឡាហោមក៏បានបន្តមានប្រសាសន៍អំពីបញ្ហាប្រឈមជាសត្យានុម័ត និងអន្តនោម័តមួយចំនួនដែលបាន និងកំពុងកើតមានឡើង ហើយមិនទាន់មានដំណោះស្រាយសមស្រប ដូចជាមូលហេតុនៃគ្រោះថ្នាក់ រួមមានការល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ ការជិៈម៉ូតូមិនពាក់មួកសុវត្ថុភាព, កត្តាខ្វះខាតស្លាកសញ្ញា គំនូសសញ្ញា, កត្តាយានយន្តដឹកទំនិញនិងដឹកដីមួយចំនួនមិនបានចុះបញ្ជី កែច្នៃខុសបច្ចេកទេស និងបង្កបញ្ហាលើដងផ្លូវ ព្រមកត្តាយានយន្តដឹកជញ្ជូនបែបប្រមូលផ្ដុំ ដូចជារថយន្តដឹកកម្មករ និងកត្តាមួយចំនួនទៀត។

ចំពោះទិសដៅការងារឆមាសទី២វិញ សម្ដេចក្រឡាហោម ស ខេង បានឯកភាព និងបានស្នើយកចិត្តទុកដាក់បន្ថែមលើកិច្ចការមួយចំនួនទៀតដូចជា បំពាក់ភ្លើងស្តុប កាមេរ៉ា ការរឹតបន្តឹងច្បាប់ និងអប់រំផ្សព្វផ្សាយ ការលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ព្រមទាំងជំរុញការផ្សព្វផ្សាយអនុវត្តវិធានការ៣ការពារ និង៣កុំ ដោយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប១.២៦១លើក(យប់៥៤ភាគរយ) បណ្ដាលឱ្យស្លាប់៧០៩នាក់ និងរងបួស១.៧៩២នាក់ ក្នុងនោះរបួសធ្ងន់១.០៤៦នាក់ ហើយមូលហេតុនៃគ្រោះថ្នាក់គឺល្មើសល្បឿន៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ២៣ភាគរយ មិនប្រកាន់ស្ដាំ១៦ភាគរយ វ៉ាជែង៨ភាគរយ បត់៩ភាគរយ កត្តាយានយន្ត៣ភាគរយ ស្រវឹង៣ភាគរយ និងសុខភាព ងងុយ ១ភាគរយ៕ 

ដោយៈ ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner