ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់បានដោយងាយស្រួល ប្រសិនបើរៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានម៉ត់ចត់។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី ជម្លោះ និងការថ្នាំងថ្នាក់ចំពោះគ្នាអាចនឹងកើតឡើង ដូច្នេះសូមរក្សាចិត្ត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារដែលខ្លួនប៉ងប្រាថ្នា។ មានបញ្ហាតូចតាចមួយចំនួននឹងអាចកើតឡើងផងដែរ ដូច្នេះសូមប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្រប និងសន្តិវិធី។ លោកអ្នកអាចក្លាយទៅជាមានទោសបានដោយពាក្យសំដី ដូច្នេះសូមប្រុងប្រយ័ត្ន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួនឡើយ។ ចូរធ្វើទំនាក់ទំនងក្នុងថ្ងៃនេះឲ្យមានច្រើន ហើយក៏កុំភ័យខ្លាចនឹងស្ថានភាពថ្មីឡើយ ចូរសម្របខ្លួន និងត្រូវមានភាពរហ័សរហួនផង។ ប្រសិនបើអ្នកអាចធ្វើបាន ផល និងភាពចម្រើនចេញពីអាជីពនឹងមានកំរិតខ្ពស់ និងអាចគង់វង្សបានយូរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មគួរជាទីមោទនក្រៃលែង។ សូមរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងាររបស់អ្នក។ ភាពរឹងទទឹង និងអារម្មណ៍ឆេវឆាវមិនអាចប្រើប្រាស់បានទេ បើទោះជាលោកអ្នកត្រឹមត្រូវក្តី។ ក្រៅពីនេះសូមប្រយ័ត្នការបាត់បង់ទិន្នន័យ ហើយរាល់ការសម្រេចចិត្ត ឬចុះហត្ថលេខាទាមទារការពិនិត្យជាក់ស្តែង។ លើសពីនេះ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារ​ ប្រហែលមិនមែនជាពេលវេលាល្អបំផុតនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុកផងដែរ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការរៀនសូត្រ ឬការចែករំលែកចំណេះដឹង​ និងបទពិសោធន៍ការងារ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងចំណេះដឹងក្នុងការប្រតិបត្តិការងារ។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ពីព្រោះលោកអ្នកកំពុងក្លាយជាគោលដៅរបស់មនុស្សជាច្រើនរួមទាំងថ្នាក់លើផង។ ក្រៅពីនេះ ​សូមលោកអ្នកធ្វើបុណ្យចែករំលែកទើបជាការល្អប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ។ លោកអ្នកក៏អាចនឹងទទួលបានពត៌មានថ្មី​ ប៉ុន្តែកុំមានក្តីបារម្ភវាមិនអាចធ្វើឲ្យប៉ះពាល់ដល់ការ ការងារនោះទេ។ ក្នុងនោះលោកអ្នកមានមនុស្សចាំជួយជ្រោមជ្រែងច្រើនណាស់ ដូច្នេះគ្មានអ្វីត្រូវខ្លាចនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ បញ្ហាប្រទាក់ក្រឡាផ្តើមចេញពីភាពយល់ច្រលំ ដូច្នេះសូមធ្វើការដោយម៉ត់ចត់ និងដោះស្រាយបញ្ហាតូចធំឲ្យបានចប់សព្វគ្រប់។ ដោយឡែក អ្នកគួរចំណាយពេលវេលាបង្ហើយការងារដែលនៅសល់លើតុ កុំប្រមូលផ្តុំនាំឲ្យលំបាកទៅពេលក្រោយ។ ថ្ងៃនេះសុខភាពរបស់អ្នកហាក់ប្រឈមនឹងបញ្ហាតិចតួច ពិសេសសូមឈប់សម្រាក លំហែកាយខ្លះទើបជាការល្អប្រសើរបំផុតចំពោះអារម្មណ៍។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខ។ ការខាតបង់ប្រាក់កាស គឺមានកំរិតខ្ពស់​ ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់គម្រោងផែនការ ចំណែកការចាយវាយ ឬទិញរបស់របរចូលក៏មិនជាការប្រសើរដែរក្នុងពេលនេះ។ ក្នុងនោះដែរ ស្ថានភាពអាជីពរបស់អ្នកកំពុងប្រែប្រួល ដូច្នេះសូមពិនិត្យ និងវាយតម្លៃស្ថានភាពជាថ្មី ហើយវាទាមទារបទពិសោធន៍ និងវិជ្ជាជីវរបស់អ្នក។ ទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្ត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅជាធម្មតាសិន ពីព្រោះស្ថានភាពការងារទាំងស្រុងសម្រាប់ថ្ងៃនេះហាក់មានភាពស្រពិចស្រពិលនៅឡើយ។ សូមព្យាយាមបន្ថែមកំរិតទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ។ ដោយឡែក ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញកុំពាក់ព័ទ្ធឲ្យសោះ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូ​វឲ្យបានល្អ នោះអ្នកនឹងអាចរក្សាស្ថេរភាពការងារបានល្អ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន ហើយលាភសំណាងនឹងអាចកើតឡើងផងដែរនៅរវាងពេលរសៀល។ ថ្ងៃនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ ដើម្បីបំពេញការងារ និងចាប់យកឳកាសសំខាន់នានាបាន ដូច្នេះជៀសវាងធ្វើកិច្ចការប្រញាប់ប្រញាល។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច ពីព្រោះចិត្តរបស់លោកអ្នកកំពុងទទួលឥទ្ធិពលពីខាងក្រៅ។ ក្រៅពីនេះ សូមកុំធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនបើអាចគួរតែផ្អាកសិន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរល្អប្រសើរ ក្នុងនោះសូមធ្វើការប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារ ពិសេសថ្នាក់លើ។ ចំពោះមតិរិះគន់ ឬគំនិតយោបល់ណាមួយក្តី គួរតែត្រូវផ្អែកទៅលើភស្តុតាង​ និងទិន្នន័យទើបអ្នកមិនជួបបញ្ហា។ ហើយសូមរក្សាភាពអត់ធ្មត់ ពីព្រោះជម្លោះអាចកើតមានឡើងក្នុងថ្ងៃនេះ។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរពិចារណា និងរកមធ្យោបាយដោះស្រាយបញ្ហា ហេតុដូច្នេះស្ថានភាពតានតឹងនានានឹងអាចធូរស្រាលទៅវិញ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន។ លោកអ្នកអាចទទួលបានដំណឹងល្អទាក់ទងការងារ ឬអំពីជិវិតឯកជនផងដែរនៅរវាងពេលព្រឹក។ ចំពោះកិច្ចការងារដែលកំពុងអនុវត្ត គឺមិនអាចឃ្លាតពីគម្រោងផែនការបានទេ​ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានការផ្លាស់ប្តូរ ដែលពិបាកអាចកំណត់បាន ដូច្នេះសូមមានភាពឆ្លាតវៃ ហើយត្រូវក្តោបក្តាប់បញ្ហាឲ្យបាន។ ការជឿទុកចិត្ត ត្រូវមានកំរិតក្នុងពេលនេះ ពីព្រោះការខាតបង់ និងភាពខកចិត្តអាចកើតឡើង។ 

ចំណាំ៖

អស្ចារ្យណាស់ ឆ្នាំទាំង៣ ឆ្លូវ រោង ​រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកមានសេចក្តីសុខសម្រាន្តក្នុជីវិតឯកជន និងក្រុមគ្រួសារ។ ចំណែកទ្រព្យសម្បត្តិ ឳកាសការងារ និងផលសម្រេចនានានឹងកើតឡើងចំពោះអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner