ក្រុមហ៊ុនចិនមួយមានគម្រោងវិនិយោគសេវាដឹកជញ្ជូនតាមរថយន្តក្រុង នៅក្រុងព្រះសីហនុ

នៅសាលាខេត្ដព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ អ្នកវិនិយោគចិនតំណាងក្រុមហ៊ុន ហុង តឹងឡុង សេវាដឹកជញ្ជួនសាធារណៈ បានជួបពិភាក្សាជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីស្នើសុំការគាំទ្រលើគម្រោងវិនិយោគសេវាដឹកជញ្ជូន (រថយន្តក្រុង) នៅក្នុងក្រុងព្រះសីហនុ ស្របពេលខេត្តព្រះសីហនុកំពុងមានសន្ទុះនៃការអភិវឌ្ឍ។

តំណាងក្រុមហ៊ុន បានអោយដឹងថា ក្រុមហ៊ុនមានរថយន្តក្រុងចំនួន៣០គ្រឿង មានគម្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ។ លោកមានបំណងវិនិយោគលើវិស័យនេះដោយមើលឃើញថា ខេត្តព្រះសីហនុ មានការរីកចំរើនឥតឈប់ឈរ អាចក្លាយជាទីក្រុងឆ្លាតវៃ ជាកន្លែងទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ ដែលជាឱកាសល្អសម្រាប់ការវិនិយោគ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងពីគោលបំណងវិនិយោគលើសេវាដឹកជញ្ជូន (រថយន្តក្រុង) នៅក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែ ក្រុមហ៊ុន ត្រូវសិក្សាតម្លៃសេដ្ឋកិច្ចឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគលើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ប្រកបដោយជោគជ័យ។   ឯកឧត្តម បន្តថា ត្រូវសិក្សាពី ខ្សែរត់ ការធ្វើចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការវិនិយោគលើសេវាកម្មដឹកជញ្ជូនឱ្យបានទូលំទូលាយ នៅក្រុងព្រះសីហនុ។

រដ្ឋបាលខេត្ដ ចង់បានសេវាដឹកជញ្ជូនសាធារណៈជាការចាំបាច់ ដើម្បីចូលរួមជួយសម្រួលការធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណេញថវិកា។ ទន្ទឹមនោះក្រុមហ៊ុន ត្រូវរកអ្នកជំនាញសិក្សាគម្រោង និងធ្វើបទបង្ហាញដើម្បីធានាការបោះទុនវិនិយោគលើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ទទួលបានលទ្ធផលផ្លែផ្កាល្អ៕សាវ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner