កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិកៈ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ចែករំលែក​ការព្រួយបារម្ភ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​

ភ្នំពេញៈ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក (​ស​.​រ​.​អា​)​ក្នុងឱកាស​នៃ​មហាសន្និបាត អង្គការសហប្រជាជាតិ លើក​ទី​៧៦ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​ស​.​រ​.​អា​ចំពោះ​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រួមទាំង​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា អាស៊ាន និង​ស​.​រ​.​អា នឹង​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​អាច​ចាប់ផ្តើម​ឡើងវិញ​នូវ​ការធ្វើដំណើរ​ដោយ​សុវត្ថិភាព ការផ្លាស់ប្តូរ​ធុរកិច្ច និង​សេដ្ឋកិច្ច ដោយ​មិន​ត្រឹមតែ​នៅក្នុង​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រវាង​អាស៊ាន និង​ស​.​រ​.​អា ព្រមទាំង​ជាមួយ នឹង​ប្រទេស​នានា​ក្នុង​សកលលោក​ផងដែរ​។

​ចំពោះ​បញ្ហា​តំបន់​និង​អន្តរជាតិ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ចែករំលែក​ការព្រួយបារម្ភ​អំពី​ផល​អវិជ្ជមាន​ដែល​បណ្តាលមកពី​ភាពស្មុគស្មាញ​ដែល​កំពុងតែ​កើនឡើង និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​។​

​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា​កន្លងទៅ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក (​ស​.​រ​.​អា​) ក្នុងឱកាស​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៦​។ លោកជំទាវ រ៉េត​ណូ ម៉ារ​ស៊ូ​ឌី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែលជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ស​.​រ​.​អា និង​ឯកឧត្តម អេ​ន​តូ​នី ប្លី​ន​ខេន រដ្ឋ​ម​ន្រី្ត​ការបរទេស​សហរដ្ឋអាមេរិក ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ​។​

​យោងតាម​ប្រភព​ក្រសួងការបរទេស​បាន​បញ្ជាក់ថា កិច្ច​ប្រជុំបាន​ពិភាក្សា​អំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ទំនាក់ទំនង​អាស៊ាន​-​ស​.​រ​.​អា និង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និង​ចំណាប់អារម្មណ៍​រួម ក្នុងនោះ​រួម​កិច្ចសហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​ឆ្លងកាត់​ព្រំដែន ដូចជា​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។​

ចំពោះ​ទំនាក់ទំនង​អាស៊ាន​-​ស​.​រ​.​អា អាស៊ាន​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការថែរក្សា​ពហុភាគី​និយម ម​ជ្ឈ​ភាព​អាស៊ាន និង​បាន​កោតសរសើរ​តួនាទី​របស់​ស​.​រ​.​អា នៅក្នុង​ការអភិវឌ្ឍ​តំបន់ សមាហរណកម្ម​តំបន់ និង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន តាមរយៈ​គំនិត​ផ្តួចផ្តើម​តំបន់ និង​អនុតំបន់​នានា​។

អាស៊ាន​បានកត់សម្គាល់​ការប្តេជ្ញា​រប​ស់ស​.​រ​.​អា ក្នុងការ​ធ្វើការ​ជាមួយ​អាស៊ាន ដើម្បី​ជំរុញ​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់ ស្របតាម​គោលការណ៍​ដែល​មានចែង​នៅក្នុង​ទស្សនៈវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​និង​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ទាំង​៤​។ អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​សំណើ​ស​.​រ​.​អា ក្នុងការ​ពង្រីក​ទំនាក់ទំនង​អាស៊ាន​-​ស​.​រ​.​អា ក្នុង​វិស័យ​ដឹកជញ្ជូន សមភាព​យេនឌ័រ ការពង្រឹង​សិទ្ធិអំណាច​ស្ត្រី ថាមពល ការការពារ​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ ហើយ​រំពឹង​ដល់​ការធ្វើសកម្មភាព​រួមគ្នា​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ស​.​រ​.​អា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ផលប៉ះពាល់​ដ៏​ធំធេង​របស់​ជំងឺ​នេះ និង​ធានា​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យ​រឹងមាំ​។ អាស៊ាន​បាន​សម្តែង​ការកោតសរសើរ​ដល់​ការប្តេជ្ញា​របស់​ស​.​រ​.​អា ចំពោះ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​ឆ្ពោះទៅរក​ការបញ្ចប់​ជំងឺ​រាតត្បាត​សកល ក៏ដូចជា​ការផ្តល់​វ៉ាក់សាំង​ចំនួន​ជាង ២៣​លាន​ដូ​ស និង​ទឹកប្រាក់​ជិត ១៦០​លាន​ដុល្លារ ក្នុង​ក្របខ័ណ្ឌ​ជំនួយ​សម្រាប់​សង្គ្រោះបន្ទាន់​ផ្នែក​សុខាភិបាល និង​មនុស្សធម៌ ដល់​ប្រទេស ជា​សមាជិក​អាស៊ាន និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីភ្នាក់ងារ USAID ដើម្បី​ជួយ​ដល់​អាស៊ាន​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​សម្របសម្រួល​ភាព​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​អាស៊ាន​។ អាស៊ាន និង​ស​.​រ​.​អា បាន​ចែករំលែក​ទស្សនៈ​ថា វ៉ាក់សាំង​មិនគួរ​យកមក​ធ្វើជា​ឧបករណ៍​នយោបាយ និង​សារៈសំខាន់​នៃ​លើកកម្ពស់​សមភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង និង​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ជុំវិញ​ពិភពលោក​អោយបាន​ឆាប់រហ័ស​បំផុត​។​

កិច្ច​ប្រជុំបាន​សម្តែង​ការគាំទ្រ​ចំពោះ​សំណើ​សេចក្ដីប្រកាស​ថ្នាក់ដឹកនាំ​អាស៊ាន​-​ស​.​រ​.​អា ស្តីពី​ការអភិវឌ្ឍ​ឌីជីថល ដែល​នឹងត្រូវ​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ស​.​រ​.​អា លើក​ទី​៩ នៅ​ខែតុលា ឆ្នាំ​២០២១ ហើយ​ដែល​អាច​នឹង​ពង្រឹង​ការត្រៀមខ្លួន​របស់​អាស៊ាន​សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ (4IR) និង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​ឌីជីថល និង​គម្លាត​ការអភិវឌ្ឍ​ព័ត៌មានវិទ្យា (ICT) នៅក្នុង​អាស៊ាន​។​

​កិច្ចប្រជុំ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដែលមាន​សារៈសំខាន់​ចំពោះ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់ រួមទាំង​ស្ថានការណ៍​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ការព្រួយបារម្ភ​ពី​ទំនាក់ទំនង​របស់​ប្រទេស​មហាអំណាច​។ អាស៊ាន​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ទំនាក់​ទ​នង​ដែលមាន​ភាពនឹងនរ និង​ផ្តល់​ផលប្រយោជន៍ ជាជាង​ការប្រកួតប្រជែង​រវាង​ចិន និង​ស​.​រ​.​អា ព្រោះ​វា​អាចជួយ​រក្សា​សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner