សម្តេចតេជោ ហ៊ុន សែន៖កម្ពុជាពិតជាមានមោទនភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូ នៅក្នុងខែវិច្ឆិកាខាងមុខនេះ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ដែលជាសារៈសំខាន់ក្នុងបរិបទបច្ចុប្បន្ននេះ ។ តាមទស្សនៈរបស់សម្តេចរបៀបវារៈចម្បងនៃកិច្ចប្រជុំកំពូល គឺ «ពហុភាគីនិយមផ្ដល់អាទិភាពដល់ការរួមគ្នា (convergences)» ដែលមានជាអាទិ៍៖ ការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងសង្គម-សេដ្ឋកិច្ច ឱ្យមានភាពរឹងមាំឡើងវិញ, ការរួមគ្នាប្រយុទ្ធនឹង ការប្រែប្រួលអាកាសធាតុ និងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ល។
នេះបើយោងតាមសុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ, កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរួមនៅក្នុង តំបន់ ។ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅ, កម្ពុជា នឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារៈ សំខាន់សម្រាប់ពាណិជ្ជកម្ម, ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក ។ កម្ពុជានឹងបន្តជំរុញការ កសាងសហគមន៍អាស៊ានមួយប្រកបដោយភាពរស់រវើកនិងសុខដុមរមនា ជាមួយនឹងការការពារដល់ពលករ ចំណាកស្រុក, របៀបវារៈការអភិវឌ្ឍន៍ ដែលមានភាពបៃតង និងបរិយាប័ន្ន, ការធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម (MSMEs) ក៏ដូចជាការលើកកម្ពស់សហគ្រិនភាព របស់ស្ត្រី និងយុវវ័យ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា នេះជាលើកទី០២ (ពីរ) ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូ ដោយសារជំងឺកូវីដ-១៩ ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃមេរោគ បំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ។ ការយកឈ្នះលើជំងឺ រាតត្បាតកូវីដ-១៩ និងការខិតខំប្រឹងប្រែង ក្នុងការស្ដារកំណើន សេដ្ឋកិច្ចឡើងវិញគឺជាអាទិភាពខ្ពស់បំផុត សម្រាប់ប្រទេសទាំងអស់នៅជុំវិញពិភពលោក កម្ពុជាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្ដើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ត្រូវបាន ចាប់ផ្តើមកាលពីថ្ងៃទី១០ ខែ កុម្ភៈឆ្នាំ២០២១ និងមានវឌ្ឍនភាពជាលំដាប់ រួមទាំងការចាក់វ៉ាក់សាំងជូន ជនបរទេស និងកុមារ និងយុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំផងដែរ ។ កម្ពុជារំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនប្រជាជនបានប្រមាណ ៨០%(ឬស្មើនឹង ១៣ លាននាក់) នៃចំនួនប្រជាជនសរុបប្រមាណ ១៦ លាននាក់ យ៉ាងយូរត្រឹមខែវិច្ឆិកាខាងមុខនេះ ។
ដោយមានវឌ្ឍនភាពល្អក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជាមួយនឹងវិធានការទប់ស្កាត់ និងព្យាបាលដ៏រឹងមាំ, កម្ពុជាសម្លឹងឆ្ពោះទៅរកការបើកដំណើរការពេញលេញឡើងវិញ ជាបណ្តើរៗ ទាំងសកម្មភាពសង្គម និង សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ការគាំទ្រ ដោយសប្បុរស ចំពោះប្រទេសកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕
ដោយ:ពលជ័យ