ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អំពាវនាវពលរដ្ឋបន្តអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល

ស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមបន្តចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និងការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩។

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បន្តចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឱ្យពួកគាត់យល់ដឹងឱ្យកាន់តែច្បាស់អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

លោកបណ្ឌិត កែរ រដ្ឋា ថ្លែងថា ដោយមានការណែនាំពីលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយលោករដ្ឋមន្រ្តីសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំងគ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវដូចមុនទេ លោករដ្ឋមមន្ត្រីក៏បានស្នើឱ្យគ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូចមុន។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានធ្វើផែនការដើម្បីចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស់ គ្រប់ស្រុកក្រុងក្នុងខេត្តស្វាយរៀង ជាក់ស្តែងកាលពីថ្ងៃទី២៥ កញ្ញា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី បានចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋចំនួន៣០គ្រួសារ នៅស្រុករមាសហែក ផងដែរ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស់ ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគកូវីដ១៩ ចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀត។

ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី បានផ្តល់អំណោយរបស់លោក ហ៊ុន ម៉ានី ជូនប្រជាពលរដ្ឋចំនួន ៣០នាក់ និងយុវជន ស.ស.យ.ក ចំនួន៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ម៉ាស់១០ សាប៊ូ Protex ១ និងជែលចំណុះ២៣០មីលីត្រចំនួន១ដប និងថវិកា ១៥០,០០០រៀល ជូនក្រុមប្រឹក្សាសង្កាត់ និងភូមិមេភ្លើង ផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner