កម្ពស់ទឹកស្ទឹងសែន នៅខេត្តព្រះវិហារ ឡើងរហូត ១២.១២ម៉ែត្រ លើសកម្រិតប្រកាសអាសន្នត្រឹម ១១.៥០ម៉ែត្រ

អត្ថបទដោយ៖
ធី ដា

ព្រះវិហារ ៖ កម្ពស់ទឹងដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឡើងរហូត ១២.១២ម៉ែត្រ លើសកម្រិតត្រូវប្រកាសអាសន្ន ១១.៥០ម៉ែត្រ។ ករណីនេះសូមប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបងាយរងគ្រោះដទៃទៀត ត្រូវត្រៀមលក្ខណះប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីការពារនូវគ្រោះថ្នាក់ផ្សេងៗ និងទ្រព្យសម្បត្តិរបស់ខ្លួន។

បើតាមការបញ្ជាក់ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា កម្ពស់ទឹកដងស្ទឹងសែន ក្នុងខេត្តព្រះវិហារនៅព្រឹកនេះ គឺមានកម្ពស់រហូត ១២.១២ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាសន្នត្រឹម ១១.៥០ម៉ែត្រប៉ុណ្ណោះ ដូច្នេះកម្ពស់ទឹកឡើងលើសកម្រិតប្រកាសអាសន្ន៨.២តឹក ។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានថ្លែងថា កម្ពស់ទឹកអប្បរមាត្រឹម ១១.៥០ម៉ែត្រ គឺតម្រូវឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាប ត្រូវមានការប្រុងប្រយ័ត្ន ចំណែកកម្ពស់ទឹកអតិបរមា ១៣.៥០ម៉ែត្រ គឺប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន និងតំបន់ទំនាបងាយរងគ្រោះមួយចំនួនទៀត ត្រូវស្វែងទីទួលសុវត្ថិភាពដែលនៅជិតៗ ឬមួយទីទួលសុវត្ថិភាពដែលអាជ្ញាធរបានរៀបចំបំរុងទុក។ ប៉ុន្តែលោកថាកម្ពស់ទឹក មិនអាចឡើងដល់១៣.៥០ម៉ែត្រនោះទេ ដោយសារមេឃចាប់ផ្តើមរាំងភ្លៀងរយះពេល ២ថ្ងៃហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុដោយសារជំនន់ទឹកភ្លៀង ដោយធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមដងស្ទឹងសែន និងនៅតាមដងទន្លេមេគង្គ សូមប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ជៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ។

ក្នុងករណីដែលប្រជាពលរដ្ឋជួបនូវគ្រោះទឹកជំនន់ សូមរាយការណ៍ និងផ្តល់ព័ត៌មានឱ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា និងជៀសវាងនូវការគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាការបាត់បង់ទ្រព្យសម្បត្តិផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner