គណបក្សសង្គមប្រជាធិបតេយ្យ SPD កំពុងស្វែងរកការបង្កើតរដ្ឋាភិបាលថ្មី ក្រោយទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលនៅអាល្លឺម៉ង់

ប៊ែរឡាំង៖ គណបក្សសង្គមប្រជាធិបតេយ្យរបស់ប្រទេសអាល្លឺម៉ង់បានកំណត់នៅថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមដំណើរការនៃការព្យាយាមបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីពួកគេបានឈ្នះការបោះឆ្នោតសកលលើកដំបូងរបស់ពួកគេយ៉ាងប្រផិតប្រផើយ ចាប់តាំងពីឆ្នាំ ២០០៥ ដើម្បីបិទបញ្ចប់សម័យកាលកាន់អំណាច១៦ឆ្នាំរបស់លោកស្រី អាន់ជែឡា មើគែល ដែលសម្រេចមិនឈរឈ្មោះជាអធិការបតី ក្នុងការបោះឆ្នោតលើកនេះឡើយ។

លទ្ធផលផ្លូវការនៃការបោះឆ្នោតសកលនៅប្រទេសអាល្លឺម៉ង់ បានបង្ហាញថា គណបក្សសង្គមប្រជាធិបតេយ្យ SPD គឺជាអ្នកដែលទទួលបានអាសនៈច្រើនជាងគេ។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរត្រួតពិនិត្យការបោះឆ្នោតរបស់អាល្លឺម៉ង់ គណបក្ស SPD ទទួលបានជ័យជម្នះប្រផិតប្រផើយតែប៉ុណ្ណោះ លើគណបក្សអភិរក្សនិយម CDU/CSU របស់អធិការបតីអាល្លឺម៉ង់ចាំផ្ទះ លោកស្រី អាន់ជែឡា មើគែល ក្នុងការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ លទ្ធផលផ្លូវការបង្ហាញថា គណបក្ស SPD បានទទួលជ័យជំនះក្នុងសំឡេងគាំទ្រ២៥.៧ភាគរយ បន្ទាប់មកគណបក្ស CDU/CSU ទទួលបាន២៤.‌១ភាគរយ ខណៈគណបក្សបៃតងទទួលបាន១៤.៨ភាគរយ។ យ៉ាងណាមិញ បុគ្គលដែលត្រូវឡើងជាអធិការបតីអាល្លឺម៉ង់ថ្មី នឹងមិនទាន់អាចកំណត់ច្បាស់ទេ ទាល់តែកិច្ចព្រមព្រៀងបង្កើតក្រុមចម្រុះ ដើម្បីដឹកនាំរដ្ឋាភិបាល ត្រូវចរចាបង្កើតឡើង។

បន្ទាប់ពីបានទទួលជ័យជម្នះហើយនោះ គណបក្ស SPD នឹងចាប់ផ្តើមដំណើរការចរចា ដើម្បីបង្កើតរដ្ឋាភិបាល ខណៈវាជាដំណើរការមួយ ដែលអាចចំណាយពេលរាប់សប្តាហ៍ ឬរហូតដល់រាប់ខែ ទើបសម្រេចទៅបាន។ តួយ៉ាងបន្ទាប់ពីការឈ្នះឆ្នោតរបស់គណបក្សលោកស្រី មើគែល កាលពីខែកញ្ញា ឆ្នាំ២០១៧ ទម្រាំតែបង្កើតរដ្ឋាភិបាលបាន គឺចំណាយពេល់ទៅដល់ជាង៥ខែ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner