ចិន៖ ការផ្តល់ជំនួយគួរតែប្រញាប់បញ្ជូនអោយអាហ្វហ្គានីស្ថានដោយគ្មានការពន្យារពេលឡើយ

ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាហ្វហ្គានីស្ថានលោក វ៉ាង យូ បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយលោក អាមៀ ខាន់ មុតតាគី រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានបណ្តោះអាសន្ន នៅថ្ងៃអាទិត្យសប្តាហ៍មុន (ម៉ោងក្នុងតំបន់)ថា ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសអាហ្វហ្គានីស្ថាន គឺជារឿងអាទិភាព ហើយគួរតែត្រូវបានធ្វើឡើងដោយមិនបង្អង់យូរឡើយ។

ការអត្ថាធិប្បាយបែបនេះរបស់លោក វ៉ាង បានធ្វើឡើងនៅមុនការមកដល់នៃកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ដំបូងរបស់ចិនដល់ប្រទេសអាហ្វហ្គានីស្ថាន។ អំឡុងកិច្ចប្រជុំនោះ លោក វ៉ាង បាននិយាយថា ចិនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតម្រូវការរបស់ប្រជាជនអាហ្វហ្គានីស្ថាន ដោយលោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចិន ក្នុងការផ្តល់ការគាំទ្រផ្នែកមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដល់ប្រជាជនអាហ្វហ្គានីស្ថាន ហើយបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនជំនួយដល់ប្រទេសនេះដោយមិនបង្អង់យូរ។ ឯកអគ្គរដ្ឋ ទូតចិនរូបនេះ ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធដកការដាក់ទណ្ឌកម្មឯកតោភាគី និងការរឹតត្បិតប្រឆាំងនឹងប្រទេសអាហ្វហ្គានីស្ថានផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា ទុនបំរុងរូបិយប័ណ្ណបរទេសរបស់អាហ្វហ្គានីស្ថាន គឺជាទ្រព្យសម្បត្តិជាតិដែលគួរតែជារបស់ប្រជាជន ហើយមិនគួរប្រើជាបន្ទះក្តារចរចា ដើម្បីដាក់សម្ពាធប្រទេសនោះទេ។

សូមបញ្ជាក់ថា ប្រទេសចិនបានប្រកាសថា ខ្លួននឹងបរិច្ចាគជំនួយចំនួន ២០០ លានយ័ន ឬស្មើនឹង៣១លានដុល្លារ រួមទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន ៣ លានដូស រួមជាមួយសម្ភារៈសង្គ្រោះបន្ទាន់ផ្សេងទៀតដល់ប្រជាជនអាហ្វហ្គានីស្ថាន។ ការផ្គត់ផ្គង់នារដូវរងានេះ នឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខ ខណៈដែលការផ្គត់ផ្គង់ផ្សេងទៀត រួមទាំងអាហារក៏គ្រោងនឹងមកដល់ក្នុងពេលឆាប់ៗនេះដែរ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner