មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ និងសាលាខណ្ឌដង្កោ បិទផ្សាយឯកសារវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ស្ថិតក្នុងភូមិទ័ពបោះ ក្នុងសង្កាត់ព្រៃវែង,ខណ្ឌដង្កោ
ភ្នំពេញ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ និងសាលាខណ្ឌដង្កោ បិទផ្សាយជាសាធារណៈនូវឯកសារនៃការ វិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិទ័ពបោះ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្នុងបរិវេណសាលាសង្កាត់ព្រៃវែង ក្រោមវត្តមានលោកប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ លោកជ គឹមស៊ អភិបាលរងខណ្ឌដង្កោ មន្រ្តីពាក់ព័ន្ឋនិងប្រជាពលរដ្ឋជាច្រើននាក់ទៀត ។
លោកស្រី ព្រុំ គន្ឋា អនុប្រធានក្រុមចុះបញ្ជីអនុវិស័យដីធ្លីប្រចាំខណ្ឌដង្កោ បានឱ្យដឹងថា នៅភូមិទ័ពបោះ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ក្រុមការងារសុរិយោដី បានចុះវាស់វែង ប្រមូលទិន្នន័យក្បាលដី បានចំនួន៥៥៨ក្បាលដី ក្នុងនោះកំណត់ព្រំ បានចំនួន៥៥៨ក្បាលដី វិនិច្ឆ័យបានចំនួន៤៨៥ក្បាលដី និងមិនទាន់វិនិច្ឆ័យ ចំនួន៧៣ក្បាលដី ហើយករណីក្បាលដីមួយចំនួន ដែលគ្មានទិន្នន័យគឺបណ្តាលមកពីម្ចាស់ក្បាលដីទាំងនោះមិនបានចូលរួមផ្តល់ពត៌មាន។
លោកប៊ិន សូឈី មានប្រសាសន៍ថាចាប់ពីពេលនេះតទៅ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញនិងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ នឹងពន្លឿនរាល់ការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋដើម្បីងាយស្រួលដល់ពួកគាត់ យកទៅប្រើប្រាស់តាមតំរូវការចាំបាច់។ លោកបានលើកឡើងថា កាលពីពេលកន្លងមក គ្រាន់តែបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ត្រូវបានប្រើប្រាស់ពេលវេលាអោយប្រជាពលរដ្ឋមកពិនិត្យផ្ទៀងផ្ទាត់ និង តវ៉ារយៈពេល៣០ថ្ងៃ, ប៉ុន្តែចាប់ពីពេលនេះទៅ ត្រូវប្រើពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សំរាក។ ហើយឯកសារប្លង់ដីដែលធ្វើរួច នឹងត្រូវយកទៅផ្តល់ជូនប្រជាពលរដ្ឋដល់ផ្ទះ មិនរង់ចាំទុកធ្វើបានច្រើនហើយអញ្ជើញប្រជាពលរដ្ឋ មកយកនោះទៀតទេ។
លោក ជ គឹមស៊ បញ្ជាក់ថា៖ ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ជាវិធីសាស្រ្តមួយដែលយើងអាចធ្វើការចុះបញ្ជីរដីធ្លីបានច្បាស់លាស់មានប្រសិទ្ធិភាព មានតម្លាភាព ធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លី និង ធានាសុវត្ថិភាពលើដីធ្លី ។ ប្រការនេះគឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់ជាតិ ប្រកបដោយចីរភាព និង សុខដុមរមនា។ លោកអភិបាលរងខណ្ឌដង្កោ ក៍បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងតំបន់វិនិច្ឆ័យនេះ មកពិនិត្យមើលឈ្មោះនិងទិន្ន័យក្បាលដីរបស់ខ្លួនអោយបានគ្រប់ៗគ្នា ដោយមិនត្រូវអោយអ្នកដទៃមកមើលជំនួស ពីព្រោះអ្នកដទៃមិនបានដឹងច្បាស់ពីប្រភេទទ្រព្យ និង ទំហំដីពិតប្រាកដរបស់ខ្លួនឡើយ ។ ការមកផ្ទៀងផ្ទាត់ និងមើលផ្ទាល់របស់ម្ចាស់ដី គឺជាប្រការមួយសំខាន់បំផុត ព្រោះថាបើសិនជាយើងឆ្ងល់ប្រការណាមួយ ឬ ទិន្ន័យក្បាលដីរបស់យើងបានបាត់នោះ យើងអាចសាកសួរ ឬតវ៉ា ទៅគណៈកម្មាការដែលប្រចាំការដើម្បីពិនិត្យឡើងវិញ និង ធ្វើការកែតម្រូវ ៕