ចោរលួចចេក ដ៏សកម្មត្រូវនគរបាលស្រុកស្អាង បង្ក្រាបបាន
កណ្តាល ៖ ជនសង្ស័យពីនាក់ ជាមុខសញ្ញាលួច និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ត្រូវបាននគរបាលស្រុកស្អាង បង្ក្រាបបាន ខណៈធ្វើសកម្មភាពលួចចេកក្នុងចំការអស់ជាច្រើនស្ទង ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទី នៅចំណុចចំការចេករបស់ឈ្មោះ វង់ វន ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ វង់ វន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យទី១ឈ្មោះ ស្រ៊ន ច័ន្ទរិទ្ធ ហៅ ជិះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទី២ឈ្មោះ ហ៊ង ថៃហ្គ័រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (មានផ្ទុកនូវសារធាតុញៀន) ទាំងពីរនាក់មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
លោកវរសេនីយ៌ លន ចន្ថារ អធិការរងស្រុកស្អាងបានប្រាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទៅមើលចំការចេករបស់ខ្លួនស្រាប់តែបានឃើញផ្លែកចេករបស់ខ្លួនត្រូវបានគេលួចកាប់អស់ជាច្រើនស្ទង ហើយគរទុកនៅក្បែរចំការចេកនោះ ។ ក្រោយមកជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាលន់អោយជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលតាលន់ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការពួនស្ទាក់ចាំចាប់ជនសង្ស័យ ។
លុះនៅវេលាម៉ោង១៧ និង៣០នាទី ទើបសមត្ថកិច្ចបានឃើញជនសង្ស័យទាំងពីរធ្វើសកម្មភាព ជិះម៉ូតូខាងលើដឹកចេកណាំវ៉ារបស់ជនរងគ្រោះចេញពីចំណុចកើតហេតុ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងយកទៅអនុវត្តន៍តាមនីតិវិធីតែម្ដង ៕ ឆ ដា (កញ្ចក់ ទិព្វ)