សហរដ្ឋអាមេរិក បានសន្យា នឹងជួយគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្តែងការគាំទ្រដល់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម W.Patrick Murphy អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារទ្វេរភាគី និងជំរុញកិច្ចសហប្រិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូនអំពីវឌ្ឍនភាព នៃយុទ្ធនាការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអាម៉េរិក ចំពោះការផ្តល់ជូនវ៉ាក់សាំង Johnson & Johnson ចំនួន១.០៦០.១០០ ដូស តាមរយៈ COVAX មកកម្ពុជា។

ឯកឧត្តមបន្តថា៖ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែមានការកើនឡើង កាលពីឆ្នាំកន្លងទៅ ដែលសហរដ្ឋអាម៉េរិក គឺជាទីផ្សារធំរបស់កម្ពុជា។ គិតត្រឹមរយៈពេល៧ខែចុងក្រោយនេះ ទំហំពាណិជ្ជកម្ម កម្ពុជា-អាម៉េរិកមានចំនួន៤ពាន់លានដុល្លារជាង កើនឡើងជាង ៣៧% ប្រើប្រៀបធៀបរយៈពេល៧ខែដូចគ្នា ក្នុងឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកឡើងវិញ អំពីកិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីឆ្នាំ១៩៩៦ កន្លងទៅ ដែលបានជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើន។

ហើយកម្ពុជាបាន និងកំពុងប្រឹងប្រែង សហការជាមួយអង្គការ កម្មសិទ្ធបញ្ញាពិភពលោក (WIPO)ក្នុងការសិក្សាចូលជាសមាជិក នៃសន្ធិសញ្ញាអន្តរជាតិ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗ ជាច្រើនទៀត និងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរទ្បើង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់ សម្រាប់ការស្តារទ្បើងវិញ នូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើង នូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ នូវការដាក់ដំណើររោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិសាត់ ដែលអាចផ្តល់ឱកាសជូនប្រជាជនកម្ពុជា និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ឯកឧត្តមក៏បានសម្តែងការស្វាគមន៍ ចំពោះការបើកការិយាល័យរបស់ក្រសួងកសិកម្ម អាម៉េរិក (USDA) ប្រចាំកម្ពុជា ដែលអាចលើកកម្ពស់ផលិតភាព វិស័យកសិកម្មកម្ពុជា ហើយតាមរយៈនេះ អាចបង្កើនកិច្ចសហប្រតិបត្តិពាណិជ្ជកម្ម ទាក់ទងនឹងកសិកម្ម រវាងប្រទេសទាំងពីរ ផងដែរ។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរ អំពីការងារអាទិ-ភាពក្នុងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យានឹងជួយគាំទ្រកម្ពុជាក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងសម្តែងការគាំទ្រដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner