ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កាន់តែខិតជិតចូលមកដល់ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បាននាំយកនូវទេយ្យ-ទេយ្យវត្ថុ គ្រឿងឧបភោគនិងបច្ច័យមួយចំនួនប្រគេនដល់វត្តមួយចំនួនក្នុងក្រុង-ស្រុក
អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ជាបន្តបន្ទាប់ បាននាំយកទេយ្យទាន-ទេយ្យវត្ថុ សម្ភារៈ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ដើម្បីប្រគេនព្រះសង្ឃ នៅតាមបណ្ដាវត្តអារាមនានាក្នុងស្រុក-ក្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។ជាពិសេសព្រះសង្ឃកំពុងធ្វើចត្តាឡីស័ក និងព្យាបាលនៅក្នុងតំបន់ដែលត្រូវបិទខ្ទប់ ។
ព្រមជាមួយគ្នានោះផងដែរ អាជ្ញាធរខេត្តក៏បានសំណូមពរដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត លោកយាយ លោកតា និងពុទ្ធបរិស័ទដែលចំណុះជើងវត្តទាំងទីជិតទីឆ្ងាយ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងពីការណែនាំរបស់ក្រុមគ្រូពេទ្យ ព្រមទាំងវិធានការរដ្ឋបាលនានាដែលបាន ដាក់ចេញដោយរដ្ឋបាលខេត្តបាត់ដំបង កន្លងមក។
ការថ្លែងលើកឡើងជារឿយៗរបស់ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅគ្រប់វេទិកានិងនៅតាមទីអារាមនានាបែបនេះគឺធ្វើឡើងបន្ទាប់ពីប្រមុខនៃរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលរកឃើញព្រះសង្ឃ និង ពុទ្ធបរិស័ទ មានការឆ្លងនូវជំងឺកូវីដ-19ជាបន្តបន្ទាប់។ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក ពីការប្រារព្វរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីបិណ្ឌ៤រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីជាការបង្ការនិងទប់ស្កាត់ពីការឆ្លងនិងចម្លងពីជំងឺកូវីដ-19 ដែលកំពុងតែបន្តឆ្លងរាលដាលក្នុងសហគមន៍ជាបន្តបន្ទាប់។
គួររម្លឹកថា៖កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បានពាំនាំនូវទេយ្យទាន-ទេយ្យវត្ថុជាគ្រឿងឧបភោគ-បរិភោគនិងបច្ច័យមួយចំនួន របស់សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ តាមរយៈឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដល់វត្តក្នុងស្រុក-ក្រុងសរុបចំនួន១៣វត្តតាមរយៈឯកឧត្តមផ្ទាល់ និងថ្នាក់ដឹកនាំជាអភិបាលរងខេត្តមួយចំនួនផងដែរ។ហើយទេយ្យទាន-ទេយ្យវត្ថុនិងគ្រឿងឧបភោគ-បរិភោគទាំងនោះជារួមមាន៖ អង្ករ,មី,ភេសជ្ជៈទឹកក្រូច,ទឹកសុទ្ធកេសធំ និងបច្ច័យក្នុងវត្តនីមួយៗចំនួន១លានរៀល។ដោយឡែកនៅវត្តពោធិវាល និងវត្តធម្មការាម ប្រគេនបច្ច័យដល់វត្តទាំង២នូវ បច្ច័យ ចំនួន២លានរៀល ក្នុងវត្តនីមួយៗ ផងដែរ។
តាមការគូសបញ្ជាក់ពីលោក គុណ សម្បត្តិមុន្នីរ័ត្ន ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តបាត់ដំបង បានឲ្យដឹងថា៖ ក្នុងបរិបទនៃការរាតត្បាតដោយជំងឺកូវីដ-19និងកំពុងរាលដាលក្នុងសហគមន៍កន្ល
ងមកនេះ បើទោះបីជាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានប្រមុខរាជរដ្ឋាភិបាលផ្អាកមិនឲ្យរៀបចំប្រារព្វពិធីបុណ្យនិងមានការជួបជុំ។ ប៉ុន្តែព្រះសង្ឃនៅទូទាំងខេត្តបាត់ដំបង ពុំមានការដាច់ចង្ហាន់ឡើយ គ្រាន់តែការផ្គត់ផ្គង់ចង្ហាន់មិនសំបូរបែបដូចឆ្នាំបណ្តាឆ្នាំមុនៗកន្លងទៅ។ ក្នុងនោះផងដែរ មន្ទីរក៏បានចាត់តាំងក្រុមការងាររបស់មន្ទីរធម្មការចំនួន៦ក្រុម ឱ្យចុះពិនិត្យមើលជាប្រចាំ នៅតាមទីវត្តអារាមនៅទូទាំង១៤ក្រុង-ស្រុក មិនបណ្ដោយឲ្យមានករណីព្រះសង្ឃដាច់ចង្ហាន់ឡើយ។
លោក គុណ សម្បត្តិមុន្នីរ័ត្នប្រធានមន្ទីរធម្មការ បានបញ្ជាក់ថា រហូតមកដល់ពេលនេះមានវត្តចំនួន៧តាមបណ្ដាយស្រុកជាប់ព្រំដែនថៃ និងក្រុងបាត់ដំបង ត្រូវបានបិទខ្ទប់ ក្រោយពីរកឃើញព្រះសង្ឃឆ្លងកូវីដ-19 ដោយក្នុងនោះ៖ មានព្រះសង្ឃជាង១ពាន់អង្គ/នាក់នៅក្នុងក្រុងបាត់ដំបងនិងរាប់រយអង្គទៀតដែលកំពុងតែគង់នៅតាមបណ្ដាស្រុកនានា បានអាជ្ញាធរក្នុងមូលដ្ឋាន និង ក្រុមគ្រូពេទ្យនៅទីនោះ កំពុងធ្វើតេស្តយកវត្ថុសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ-19។
លោកប្រធានមន្ទីរធម្មការ ក៏បានគូសបញ្ជាក់សង្កត់ធ្ងន់ឲ្យដឹងទៀតថា៖ វត្តសរុបនៅទូទាំងខេត្តបាត់ដំបង មានវត្ត ចំនួន ៣៨៥វត្ត ក្នុងនោះធម្មយុត្តិ ចំនួន១៥វត្ត និងមានព្រះសង្ឃគង់សរុប ចំនួន៦.៣៣២អង្គ។ជាមួយគ្នានោះស្ទើរគ្រប់ទីវត្តអារាមទាំងអស់ត្រូវបាននិងកំពុងតែអនុវត្តន៍ និង ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍និងវិធានសុខាភិបាល ប្រកាន់ខ្ជាប់នូវ ៣ការពារ និង ៣កុំ និងកាតព្វកិច្ចក្នុងការពាក់ម៉ាស់ឲ្យជាប់ជាប្រចាំ និងការរក្សានូវគម្លាតសុវត្ថិភាពសង្គម។ល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )