ឯកឧត្តម ប៉ាន សូរស័ក្តិ ទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U.S. ASEAN Business Council – US-ABC) ដឹកនាំដោយ ឯកឧត្តមអគ្គរដ្ឋទូត Ted Osius ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ច US-ABC តាមប្រព័ន្ធវីដេអូ។

មុននឹងចាប់ផ្តើមពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច US-ABC ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងបានថ្លែងការអបអរសាទរជូនចំពោះឯកឧត្តមអគ្គរដ្ឋទូត Ted Osius ដែលត្រូវបានជ្រើសតាំងជាប្រធាន និងនាយកប្រតិបត្តិថ្មី។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការងារអាទិភាព និងគំនិតផ្តួចផ្តើមនានា ដាក់ចេញដោយអាស៊ាន ជាពិសេស នៅពេលកម្ពុជា ទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។ បន្ថែមពីនេះ កិច្ចពិភាក្សា ផ្តោតលើការជំរុញបន្ថែម នូវកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម-សេដ្ឋកិច្ចទ្វេភាគី និងតំបន់ និងការចូលរួមរបស់វិស័យឯកជន ក្នុងស្តារទ្បើងវិញ នូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសកល ពាណិជ្ជកម្មឌីជីថល ប្រព័ន្ធសុខាភិ-បាល ការស្តារទំនុកចិត្តឡើងវិញ ក្នុងការធ្វើដំណើរ និងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ជាដើម។

ឯកឧត្តមបន្តថា ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពគ្នា និងភាពសុខដុមរមនា នៅក្នុងអាស៊ាន។ ជាពិសេស កម្ពុជានឹងផ្តោតសំខាន់ លើកិច្ចខិតខំស្តារសេដ្ឋកិច្ចសង្គម ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងប្ដេជ្ញា ធ្វើឱ្យអាស៊ាន នៅតែជាតំបន់ដែលមានសារៈសំខាន់ សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ និងកិច្ចព្រមព្រៀង ស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់ សម្រាប់ការស្តារទ្បើងវិញ នូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើង នូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងការស្វាគមន៍ នូវការដាក់ដំណើររោងចក្រ ដំទ្បើងរថយន្ត Ford នៅខេត្តពោធិសាត់ ដែលអាចផ្តល់ឱកាសការងារជូនប្រជាជនកម្ពុជា និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ម្យ៉ាងទៀតឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្វាគមន៍ ក្រុមហ៊ុនដឹកជញ្ជូន Fedex ដែលមានគោលបំណងពង្រីកសេវាកម្ម ដឹកជញ្ជូនត្រង់តាមផ្លូវអាកាស មកកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត Ted Osius បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីក្រសួងពាណិជ្ជកម្ម ដែលតែងតែបានយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួល ដល់អ្នកវិនិយោគ និងក្រុមហ៊ុនសហរដ្ឋអាម៉េរិក នាពេលកន្លងមក។ ឯកឧត្តមអគ្គរដ្ឋទូត និងក្រុមហ៊ុនអាមេរិក បានប្តេជ្ញាជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ធុរកិច្ចបន្ថែមទៀត ជាពិសេស បានបង្ហាញពីការគាំទ្រ នៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរដ្ឋទូត Ted Osius និងក្រុមហ៊ុនអាមេរិក ក៏បានថ្លែងកោតសរសើរដល់រាជរដ្ឋាភិបាល ក្នុងចំណាត់ការទប់ស្កាត់ ការរីករាលដាល និងកិច្ចខិតខំប្រឹងប្រែង ក្នុងការបើកចំហប្រទេសទ្បើងវិញ អនុញ្ញាតដំណើរការសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម សំដៅស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner