លោកជំទាវ ចម និម្មល បើកវគ្គបណ្តុះបណ្តាលស្តីពី ល័ក្ខខ័ណ្ឌស្តង់ដារពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ

ភ្នំពេញ៖ កាលពីពេលង្មីៗកន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ល័ក្ខខ័ណ្ឌស្តង់ដារពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ តាមប្រព័ន្ធវីដេអូ Zoom ដែលរៀបចំឡើងដោយ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការការជាមួយ សមាគមភស្តុភារកម្មកម្ពុជា និងមានការចូលរួមពី ឯកឧត្តម ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ព្រមទាំងសិក្ខាកាម ដែលជាមន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ទាំង២៥ និង បុគ្គលិកក្រុមហ៊ុនឯកជន ក្នុងវិស័យដឹកជញ្ជូន ចំនួន១១០នាក់។

លោកជំទាវ ចម និម្មល បានថ្លែងថា៖ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលមធ្យម កំរិតខ្ពស់។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវយុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មកម្ពុជា Cambodia Trade Integration Strategy(CTIS) ដែលគ្របដណ្តប់លើ៖ នយោបាយពាណិជ្ជកម្ម និងសមាហរណកម្មតំបន់ យុទ្ធសាស្រ្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ការរៀបចំផែនការជាតិ សម្រាប់អនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយចីរភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភារកម្ម ការបង្កើតបរិយាកាសពាណិជ្ជកម្មល្អ និងមានភាពប្រកួតប្រជែង ការផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម ការបង្កើនខ្សែច្រវ៉ាក់តម្លៃបន្ថែម លើផលិតផលនាំចេញ ការធ្វើពិពិធកម្មផ្នែកពាណិជ្ជកម្ម ការជម្រុញសេវាកម្ម សម្រាប់ទីផ្សារតំបន់ បង្កើនការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការត្រៀមខ្លួនទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងការកសាងសេដ្ឋកិច្ច ឌីជីថលជាដើម។

លោកជំទាវរដ្ឋលេខាធិការបន្តថា ការធ្វើពាណិជ្ជកម្មអន្តរជាតិ ពិតជាមានលក្ខណៈស្មុគស្មាញ និងពាក់ព័ន្ធទៅនឹងតួអង្គជាច្រើន ហេតុនេះ ត្រូវតែស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ដើម្បីការពារពីហានិភ័យ និងជៀ-សវាង ការខាតបង់ក្នុងប្រតិបត្តិការអាជីវកម្ម យើងត្រូវយល់ដឹងពី Standard Trade Condition and Risk Managment ឱ្យបានច្បាស់។ លើសពីនេះ សាធារណៈជន គួសិក្សាស្វែងយល់ ពីទិដ្ឋភាពច្បាប់ ទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ ឬទំនាក់ទំនងជាមួយស្ថានតំណាង ពាណិជ្ជកម្មកម្ពុជា ដែលមានស្រាប់ នៅតាមបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដើម្បីដឹងលម្អិតពីការអនុវត្តជាក់ស្តែង និងលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មជា មួយបណ្តាប្រទេសទាំងនោះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner