រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី៤ តុលា
ភ្នំពេញៈ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេដា រ៉ូស្សាឡាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ -សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០(ACC) ដែលនឹង ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៤ខែតុលា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។
![](https://asset.ams.com.kh/central/media/IMG_7076-1-1024x683.jpg)
ក្រសួងការបរទេសបានបន្តថា នៅក្នុងឱកាសកិច្ចប្រជុំទាំងនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេល ខាងមុខនេះ អាទិភាពនានា របស់អាស៊ានឆ្នាំ២០២១និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាននិងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ពិនិត្យមើលឡើងវិញ ការអនុវត្តផែនការលំអិតស្តីពីការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាពនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចជាពិសេសការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេស មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាគ្នាផងដែរពីការបង្កើនទំនាក់ទំនងបន្ថែម ទៀតជាមួយដៃគូសន្ទនាខាងក្រៅ តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន និងការថែរក្សា មជ្ឈភាពអាស៊ាន។ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបាន លើកយកមកពិភាក្សាគ្នាផងដែរ៕ ដោយៈ ពលជ័យ
![](https://asset.ams.com.kh/central/media/Draft_PR_KHEN_AMM_24th_APSC_30th_ACC_2021_10_04_SS_revised_Page_1-724x1024.jpg)