Cambodia2050 Ep26: ទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី សមិទ្ធផល និងទិសដៅអនាគត

អត្ថបទដោយ៖
AMS

(សម្រង់អត្ថបទបកប្រែ)

ពិធីករ៖  ជាបថម នាងខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្ដមដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធី «កម្ពុជា ២០៥០» នៅក្នុងថ្ងៃនេះ។ ហើយថ្ងៃនេះផងដែរ យើងនឹងមកនិយាយអំពីទំនាក់ទំនងកម្ពុជា-អូស្រ្តាលី ក៏ដូចជាសមិទ្ធផលដែលសម្រេចបានពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូចដែលយើងបានដឹងហើយថា កម្ពុជានិងអូស្រ្តាលីបានចាប់ផ្ដើមចំណងមិត្តភាពទ្វេភាគីជាផ្លូវការតាំងពីឆ្នាំ១៩៥២ មកម្លេះ។ ជាដំបូង នាងខ្ញុំចង់ឲ្យលោកជួយរៀបរាប់ជាសង្ខេបអំពីប្រវត្តនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្រ្តាលី ហើយតើមកទល់នឹងពេលនេះកម្ពុជា និងអូស្រ្តាលីបានសម្រេចនូវសមិទ្ធផលអ្វីខ្លះនៅក្នុងទំនាក់ទំនងទ្វេភាគីនេះ?

វាគ្មិន៖   បាទ! អរគុណអ្នកនាង លីលី និងអ្នកទាំងអស់គ្នាដែលកំពុងទស្សនាកម្មវិធីនេះ។ ត្រឹមត្រូវហើយ នៅឆ្នាំក្រោយ ២០២២នេះ គឺជាគម្រប់ខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីផ្លូវការរវាងអូស្រ្តាលី និងកម្ពុជា ហើយខ្ញុំពិតជារំភើបខ្លាំងណាស់។ ពិតប្រាកដណាស់ វាបានកើតឡើងនៅឆ្នាំ១៩៥២ នៅមុនពេលដែលកម្ពុជាទទួលបានឯករាជ្យ ហើយពីដើមទសវត្សរ៍ ១៩៥០ និស្សិតកម្ពុជាបានធ្វើដំណើរទៅសិក្សានៅប្រទេសអូស្រ្តាលី។ ដូច្នេះ នេះគឺជាប្រវត្តិសាស្រ្តដ៏យូរមួយ។ នៅក្នុងរយៈពេល ៧០ឆ្នាំកន្លងទៅនេះ ជាពិសេសចាប់តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ ១៩៧០មក ខ្ញុំគិតថាយើងមានប្រជាជនកម្ពុជាជាច្រើនបានធ្វើចំណាកស្រុកទៅប្រទេសអូស្រ្តាលី និងតាំងទីលំនៅនៅទីនោះ។ មកទល់នឹងពេលនេះ យើងមានប្រវត្តិជនជាតិកម្ពុជាជាង ៦៦០០០នាក់នៅក្នុងប្រទេសអូស្រ្តាលី ដែលអាចហៅថាជាការផ្លាស់ទីដ៏ធំមួយ។ កន្លែងសហគមន៍ដូចជា Springvale នៅរដ្ឋ Victoria និង New South Wales ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាមជ្ឈមណ្ឌលដ៏ធំនៃសហគមន៍ខ្មែរ-អូស្រ្តាលី។ យើងពិតជាមានមោទនភាពចំពោះការចូលរួមចំណែកនេះដែលពួកគេបានធ្វើឲ្យសង្គមអូស្រ្តាលីកាន់តែធំទូលំទូលាយ។

ខ្ញុំគិតថាភាពរឹងមាំពិតប្រាកដនៃទំនាក់ទំនងរបស់យើងបានមកតាមរយៈការរួមចំណែករបស់អូស្រ្តាលីក្នុងការងើមឡើងវិញរបស់កម្ពុជា ជាក់ស្ដែងគឺបន្ទាប់ពីសម័យខ្មែរក្រហម និងការរួមចំណែកឥតឈប់ឈររបស់អូស្រ្តាលីចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាធិបតេយ្យរបស់កម្ពុជា។ ជាពិសេស អូស្រ្តាលីគឺជាតួអង្គសំខាន់ក្នុងការចរចាដែលបាននាំឲ្យឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅខែតុលា ឆ្នាំ១៩៩១ ដែលកាលនោះខួបនៃទំនាក់ទំនងលើកទី៣០ គឺនៅរយៈពេល២ខែ ខាងមុខ។

ជាការពិតណាស់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបើកភ្លើងខៀវ និងដឹកនាំផ្លូវដល់អាជ្ញាធរអន្តរកាលរបស់អង្គការសហប្រជាតិនៅកម្ពុជា ដែលហៅថា UNTAC ដែលជាថ្មីម្ដងទៀត អូស្រ្តាលីបានដើរតួនាំមុខគេនៅខាងផ្នែកទំនាក់ទំនងយោធា ដឹកនាំដោយឧត្ដមសេនីយ៍ John Sanderson។ ហើយតាមពិតទៅខ្ញុំទើបតែបានជួបជាមួយគាត់នៅទីក្រុង Canberra កាលពីពីរខែកន្លងទៅនេះ, ហើយបើទោះបីជាកន្លងផុតទៅ៣០ឆ្នាំក្ដី ក៏គាត់នៅតែចងចាំប្រទេសកម្ពុជា និងប្រជាជនកម្ពុជាជាដោយក្ដីស្រឡាញ់ ក៏ដូចគ្នាដែលចំពោះជនជាតិអូស្រ្តាលីដែលបានចូលរួមជួយកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ខ្ញុំគិតថាបច្ចុប្បន្ននេះ យើងមានទំនាក់ទំនងប្រកបដោយភាពស្វាហាប់ និងការវិវត្ត ហើយអូស្រ្តាលីបានផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាង ១ពាក់លានដុល្លាអាមារិក ចាប់តាំងពីដើមទស្សវត្សន៍ឆ្នាំ១៩៩០ នៅក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការរួមចំណែកក្នុងវិស័យរ៉ែ វិស័យសុខាភិបាលដែលយើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងរយៈពេលវែង និងការគាំទ្ររបស់យើងចំពោះជនពិការ ហើយជាពិសេសនោះចាប់តាំងពីការកើតមានជំងឺកូវីដ-១៩មក យើងបានគាំទ្រនិងជួយកម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលនេះ។ 

ដូចដែលខ្ញុំបាននិយាយពីមុខមកហើយ ថាមាននិស្សិតកម្ពុជាជាច្រើនបានទៅសិក្សានៅប្រទេសអូស្រ្តាលី។ ចាប់តាំងពីឆ្នាំ១៩៩៤ មាននិស្សិតកម្ពុជា ១៩,០០០នាក់បានទៅសិក្សានៅប្រទេសអូស្រ្តាលី ហើយអូស្រ្តាលីអាចថាជាទិសដៅភាសាអង់គ្លេសដែលពេញនិយម សម្រាប់និស្សិតសាលកលវិទ្យាល័យកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស ហើយមិនត្រឹមតែមាននិស្សិតទៅសិក្សាតាមរយៈកម្មវិធីអាហារូបករណ៍ Australia Awards របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏មាននិស្សិតដែលចំណាយថវិការផ្ទាល់ខ្លួនរាប់ពាន់នាក់ដែលបានទៅសិក្សានៅអូស្ត្រាលី។ ខ្ញុំធ្លាប់បានជួបអតីតនិស្សិតកម្ពុជាជាច្រើនមកពីសាកលវិទ្យាល័យអូស្រ្តាលីនៅទីនេះគ្រប់ពេល ហើយពួកគេតែងតែប្រាប់ខ្ញុំអំពីបទពិសោធន៍របស់ពួកគេនៅក្នុងប្រទេសរបស់ខ្ញុំ ថាការសិក្សានៅទីនោះគឹជាការផ្លាស់ប្ដូរជីវិតប្រកបដោយវិជ្ជមានសម្រាប់ពួកគេ។

ម៉្យាងវិញទៀតកាលពីមុនពេលការកើតមានជំងឺកូវីដ-១៩ យើងមាននិស្សិតសាកលវិទ្យាល័យអូស្រ្តាលីជាច្រើនមកធ្វើកម្មសិក្សានៅមជ្ឈមណ្ឌលការងារ និងរស់នៅក្នុងប្រទេសកម្ពុជាក្រោមកម្មវិធីផែនការ New Colombo។ យើងក៏ធ្លាប់មានប្រវត្តិនៃក្រុមអ្នកស្ម័គ្រចិត្តអូស្រ្តាលីមកជួយពង្រឹងអង្កការសង្គមស៊ីវិលនៅកម្ពុជាផងដែរក្រោមកម្មវិធីផែនការ New Colombo។ បើនិយាយឲ្យទូលំទូលាយជាងនេះ អូស្រ្តាលីគឺជាអ្នកគាំទ្រយ៉ាងមុខមាំ និងជាស្មារតីគ្រប់ជ្រុងជ្រោយសម្រាប់អាស៊ាន ហើយយើងក៏កំពុងតែទន្ទឹងរង់ចាំចំពោះប្រទេសកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាក្រោយនេះ និងសម្រាប់កិច្ចប្រជុំទាំងឡាយណាដែលយើងនឹងរៀបចំធ្វើនៅឆ្នាំក្រោយ ក៏ដូចជាគំនិតផ្ដួចផ្ដើនដ៏ទៃទៀត ដែលអូស្រ្តាលីសង្ឃឹមថានឹងចូលរួមគាំទ្រដល់កម្ពុជា។

ពិធីករ៖  ចាស! សូមអរគុណ។ ជាបន្ទាប់នាងខ្ញុំសូមសួរទាក់ទងទៅនឹងការវិនិយោគរវាងអតីតកាល និងបច្ចុប្បន្នកាល។ បើតាមគំនិតរបស់លោក តើលោកគិតថាការវិនិយោគនៅក្នុងប្រទេសកម្ពុជាមានទំហំធំ ឬតូច? ហើយតើអូស្ត្រាលីមានយុទ្ធសាស្រ្តអ្វីសម្រាប់ជំហររបស់ខ្លួនក្នុងការវិនិយោគនៅកម្ពុជា?

វាគ្មិន៖   នេះគឺជាសំណួរល្អ។ ខ្ញុំគិតថានៅដើមដំបូងនៃក្រោយសម័យ UNTAC ក្រុមហ៊ុនអូស្រ្តាលីធំៗ មួយចំនួនបានដាក់ដំណើរការនៅក្នុងប្រទេសកម្ពុជាដូចជា Telstra ជាក្រុមហ៊យនទូរគមនាគន៍ធំជាងគេ និងក្រុមហ៊ុន AZ ដែលជាស្ថាប័នហិរញ្ញវត្ថុដែលមានភាគហ៊ុនសរុបធំបំផុត ហើយក៏មានក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតផងដែរ។ ដូច្នេះ ក្រុមហ៊ុនទាំងអស់នេះបានដើរតួយ៉ាងសំខាន់នៅក្នុងភាពជារដ្ឋរបស់កម្ពុជា បន្ទាប់ពីសម័យ UNTAC។ ជាការពិតណាស់ អ្នកដឹងទេថាអ្វីៗត្រូវបានផ្លាស់ប្ដូរ ហើយខ្ញុំគិតថាវាកំពុងតែដំណើរការយ៉ាងរលូន ហើយយើងក៏មានតួអង្គថ្មីនៅលើទីផ្សារកម្ពុជា។ ជាការពិតណាស់ យើងបានឃើញនូវផលប្រយោជន៍គួរឲ្យចាប់អារម្មណ៍ខ្លះនាពេលថ្មីៗ នេះដូចជាកាលពីពីរបីខែមុននៅក្នុងក្រុមហ៊ុនរ៉ែ Renaissance Mineral របស់អូស្រ្តាលីបានបើកដំណើរការអាជីវកម្មរ៉ែមាសដំបូងគេនៅខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ហើយនេះគឺជាការវិនិយោគដ៏សំខាន់ពីប្រទេសអូស្រ្តាលី។ វាប្រហែលជាការវិនិយោគទោលដ៏ធំបំផុតរបស់យើងនៅកម្ពុជា ដែលវាមានតម្លៃប្រហែល ១២០លានដុល្លា និងចំណូលប៉ាន់ស្មានជាង ៣២០លានដុល្លា។ នេះគឺជាគំរោងដ៏សំខាន់ ហើយយើងសង្ឃឹមថាវានឹងជួយដល់ការបើកការជីកយករ៉ែមាន និងរ៉ែមានតំលៃដ៏ទៃទៀតប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។

បើនិយាយអំពីពាណិជ្ជកម្មទ្វេភាគី ខ្ញុំគិតថាវាបានកើនឡើងរហ័សជាមូលដ្ឋាន ដែលជាមធ្យមមានកំណើរនយ៉ាងលឿនប្រហែល ១០ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ពាណិជ្ជកម្មទ្វេភាគីរបស់យើងមានតំលៃប្រហែល ៥៥០លានដុល្លា នៅមូលដ្ឋានប្រចាំឆ្នាំ ហើយយើងរំពឹងថាវានឹងមានការកើនឡើងបន្ថែមទៀត ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ដូចជា អាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ ដែលទើបតែទទួលបានការធ្វើទំនើបកម្មនិងធ្វើបច្ចុប្បន្នភាព ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ទើបតែចូលជាធរមានចំពោះប្រទេសហត្ថលេខីដែលរួមមាន អូស្រ្តាលី និងកម្ពុជាផងដែរ។

វាពិតជាសំខាន់ណាស់ ដែលយើងអាចនិយាយបានថាអូស្រ្តាលី និងកម្ពុជាមានរបបពាណិជ្ជកម្មសេរីភាវូបនីយកម្មដរាបណាកម្ពុជាអាចនាំផលិទ្ធផលចេញទៅអូស្រ្តាលីដោយគ្មានការគិតពន្ធ ដែលនេះជារឿងដែលបានកើតឡើងជាយូរមកហើយ ហើយវានៅតែបន្តកើតមានឡើងដល់បច្ចុប្បន្ន។ ខ្ញុំគិតថាយើងពិតជាចង់ឃើញការវិនិយោគរបស់អូស្រ្តាលីចូលមកកម្ពុជាបន្ថែមទៀត ប៉ុន្តែជាក់ស្ដែងវាគឺជាបរិយាកាសអាជីវកម្មដែលមានការប្រកួតប្រជែង ជាពិសេសប្រសិនបើក្រុមហ៊ុនខ្វះចំណេះដឹងជាក់ស្ដែង ដែលវាប្រហែលជាការរារាំងការរីកធំនៃចូលរួមពាណិជ្ជកម្មរបស់អូស្រ្តាលី។ យើងបាននិយាយជាមួយអាជីវកម្មជាច្រើនអំពីការវិនិយោគបន្ថែមនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល ហើយខ្ញុំគិតថាវាជារឿងត្រឹមត្រូវដែលនិយាយថា អាជីវកម្មរបស់យើងកំពុងស្វែងរកចំណុចសំខាន់ៗ មួយចំនួនដូចជាបទបញ្ញត្តិដែលអាចព្យាករណ៍បាន ក្របខ័ណ្ឌច្បាប់ ស្ដង់ដារអភិបាលកិច្ចសាជីវកម្មខ្ពស់ និងអ្វីដែលសំខាន់គឺការជួបគ្នាដោយផ្ទាល់ដែលជាឧបសគ្គធំបំផុត ហើយវាក៏គ្របដណ្ដប់ដល់អសមត្ថភាពក្នុងការធ្វើដំណើរយ៉ាងងាយស្រួលឆ្លងប្រទេស។

ដូច្នេះជាថ្មីម្ដងទៀត អ្វីដែលខ្ញុំបាននិយាយទាំងអស់នេះពិតជានឹងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដូចនេះកម្ពុជានឹងក្លាយជាប្រទេសដែលមានភាពរឹងមាំជាងមុន និងបន្តដំណើរឆ្ពោះទៅរកភាពរុងរឿងផ្នែកសេដ្ឋកិច្ច។

ពិធីករ ចាស! អរគុណ។ សព្វថ្ងៃនេះ កម្ពុជាកំពុងជួបប្រទះនូវជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសឥឡូវនេះកម្ពុជាក៏កំពុងតែទទួលរងនូវការឆ្លងជំងឺកូវីដប្រភេទថ្មីគឺ Delta Variant និង Delta Plus ពីក្រៅប្រទេសដូចជាប្រទេសថៃនិងប្រទេសផ្សេងទៀតជាដើម ដែលនេះគឺជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែព្រួយបារម្មណ៍យ៉ាងខ្លាំង។ ដូចនេះហើយ ខ្ញុំចង់ដឹងពីទស្សនៈរបស់លោកថា តើអូស្ត្រាលីអាចជួយកម្ពុជាក៏ដូចជាពិភពលោកទាំងមូលក្នុងការសហការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងដូចម្ដេច?

វាគ្មិន បាទប្រាកដណាស់ ខ្ញុំចង់មានន័យថា អ្នករាល់គ្នាបានសង្ឃឹមថានៅពេលនេះជំងឺកូវីដ-១៩ នឹងស្ថិតក្រោមស្ថាបភាពដែលអាចគ្រប់គ្រងបាន ប៉ុន្តែវានៅតែជាបញ្ហាប្រឈមនៅជុំវិញពិភពលោក ហើយអូស្រ្តាលីមិនមានករណីលើកលែងចំពោះបញ្ហានេះផងដែរ ម៉្យាងទៀត Delta Variant គឺជារោគសញ្ញាកើតមានថ្មីៗនេះ ដូច្នេះវានៅតែបន្តជាកង្វល់ដល់អ្នករាល់គ្នា។

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថាកម្ពុជាបានបំពេញការងារដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការគ្រប់គ្រងព្រំដែនរបស់ខ្លួន ការចាក់វ៉ាក់សាំងដែលចាប់ផ្ដើមលើការអប់រំសាធារណៈ និងយុទ្ធនាការផ្សព្វផ្សាយដើម្បីលើកទឹកចិត្តប្រជាជនឲ្យមានសុវត្ថិភាព និងទទួលបានការចាក់វ៉ាក់សាំងបង្កាជំងឺ ដូចនេះកម្ពុជាសម្រេចការងារបានយ៉ាងល្អ។

ចំពោះខ្ញុំផ្ទាល់ ខ្ញុំដឹងថាប្រជាជនបានចូលរួមដោយមិនខ្វល់ពីភាពនឿយហត់កំឡុងពេលមានជំងឺកូវីដ-១៩ មិនថាជាមន្រ្តីរដ្ឋាភិបាល បុគ្គលិកមន្ទីរពេទ្រ សង្គមស៊ីវិល និងអង្គការក្នុងវិស័យសុខាភិបាលនោះទេ។ នេះជារឿងល្អដែលយើងចង់ឃើញ។ យើងពិតជាទទួលស្គាល់នូវផលប៉ះពាល់នៅដំណាក់កាលដំបូង ដែលកូវីដ-១៩ នឹងកើតមានមកលើកម្ពុជាដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហេតុនេះយើងបានសម្រេចចិត្តបង្កើតនូវផែនការអភិវឌ្ឍន៍ឆ្លើយតបនឹងជំងឺកូវីដ-១៩។ វាគឺជាផែនការដែលយើងបានឯកភាពជាមួយរដ្ឋាភិបាលកម្ពុជា ហើយវាកំណត់នូវអ្វីដែលកម្មវិធីអភិវឌ្ឍន៍នេះកំពុងអនុវត្តន៍ដើម្បីជួយកម្ពុជាក្នុងការគ្រប់គ្រង និងងើបឡើងវិញពីជំងឺកូវីដ-១៩។

ជាការពិតណាស់ វិស័យទេសចរណ៍ វិស័យកាត់ដេរ វិស័យវិនិយោគ ដែលវិស័យទាំងអស់នេះគឺជាវិស័យដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ក៏ដូចជាបញ្ហាប្រឈមដែលកំពុងកើតមាននៅតាមព្រំដែន ដែលកាលពីម្សិលមិញខ្ញុំបានជួបអគ្គនាយកអន្តោប្រវេសន៍ ដែលយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយ និងអង្គការអន្តរជាតិទទួលបន្ទុកអន្តោប្រវេសន៍ ដើម្បីជួយបុគ្គលិក GTI ដែលត្រូវបានទៅធ្វើការនៅតាមព្រំដែនគោកជាមួយប្រទេសថៃ និងធានាថាពួកគេអាចអនុវត្តការងាររបស់ពួកគេប្រកបដោយសុវត្ថិភាព និងដើម្បីធានាថាពួកគេអាចការពារបានពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនថៃ។

ដូចដែលខ្ញុំបានលើកឡើងនៅដើមដំបូងហើយ យើងបានចូលរួមក្នុងវិស័យសុខាភិបាលជាមួយកម្ពុជាអស់រយៈពេលយ៉ាងតិច ២០ឆ្នាំ ហើយយើងមានវិធីផ្សេងគ្នាជាច្រើនដែលយើងជួយកម្ពុជាទាក់ទងនឹងផ្នែកសុខាភិបាល។ ទីមួយ យើងមានការប្រើប្រាស់វ៉ាក់សាំង និងគំនិងផ្ដួចផ្ដើមសន្តិសុខសុខាភិបាល ដែលត្រូវបានប្រកាសកាលពីចុងឆ្នាំមុន ហើយក្នុងនោះរដ្ឋាភិបាលអូស្រ្តាលីបានប្ដេជ្ញា ៣៥លានដុល្លាអូស្រ្តាលី ដើម្បីគាំទ្រដល់ការឆ្លើយតបទៅនឹងសុខភាពសាធារណៈរបស់កម្ពុជាចំពោះជំងឺកូវីដ-១៩។ គំនិតផ្ដួចផ្ដើមនេះបានជួយកម្ពុជាតាមវិធីជាច្រើនដូចជា ចូលរួមជាមួយក្រសួងសុខាភិបាលរួបជាមួយនឹងដៃគូរួមមាន UNICEF និងអង្គការសុខភាពពិភពលោកដោយផ្ដល់ព័ត៌មានត្រឹមត្រូវអំពីជំងឺកូវីដ-១៩ ទិញសឺរុំាងនិងឧបករណ៍ការពារផ្ទាល់ខ្លួនផ្សេងទៀត ផ្ដល់ការណែនាំបច្ចេកទេសដើម្បីជួយដល់ការចាក់វ៉ាក់សាំងការពារ និងធានាដល់ក្រុមដែលជួបការលំបាក ដូចជាជនពិការដើម្បីឲ្យពួកគេអាចទទួលបានការចាក់វ៉ាក់សាំងការពារផងដែរ។ និយាយឲ្យទូលាយជាងនេះ អូស្ត្រាលីក៏បានចូលរួមជាទឹកប្រាក់ចំនួន ១៣០លានដុល្លា ទៅដល់ទីផ្សារចែកចាយវ៉ាក់សាំង COVAX ដែលជាគំនិតផ្ដួចផ្ដើមចែកចាយវ៉ាក់សាំងពហុភាគី។

នៅក្នុងកម្រិតទ្វេភាគី យើងមានកម្មវិធីមួយដែលយើងគាំទ្រនៅក្នុងប្រទេសកម្ពុជា ដែលហៅថាគម្រោងលើកកម្ពស់សមធម៌និងគុណភាពសុខាភិបាល ឬ H Equipped Project។ គម្រោងនេះត្រូវបានរចនាឡើងដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលសាធារណៈនិងបរិក្ខាសាធារណៈ និងជួយកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែក៏នៅតែបន្តផ្ដល់ការថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនកម្ពុជាដែលមិនអាចមានលទ្ធភាពទ្រទ្រង់ផ្នែកសុខាភិបាល ពីព្រោះពួកគេស្ថិតក្នុងភាពក្រីក្រ។ នេះជាការពិតដែលគម្រោង H Equipped Project នេះ គឺជាប្រភពហិរញ្ញវត្ថុដំបូងគេបំផុតសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់កម្ពុជា។ វាជួយដល់ការទិញឧបករណ៍វេជ្ជសាស្រ្ត រថយន្តសង្គ្រោះបន្ទាន់ តំឡើងម៉ាស៊ីនតេស្ត PCR និងធ្វើឲ្យប្រសើរឡើងនូវមន្ទីរពិសោធន៍សម្រាប់តេស្តរកមេរោគកូវីដ-១៩។

បន្ទាប់ពីវិស័យសុខាភិបាល យើងមានគំនិតផ្ដួចផ្ដើមសន្តិសុខសុខាភិបាលប្រចាំតំបន់ ដែលកំពុងជួយកម្ពុជាក្នុងការពង្រឹងសន្តិសុខសុខាភិបាលរបស់ខ្លួន ហើយនេះរួមបញ្ចូលទឹកប្រាក់ប្រហែល ៧លានដុល្លាអូស្រ្តាលី សម្រាប់កម្ពុជាដើម្បីពង្រឹងមជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់សុខភាពសាធារណៈ ដើម្បីកែលម្អសមត្ថភាពធ្វើរោគវិនិច្ឆ័យ និងពង្រឹងសមត្ថភាពជំនាញសុខាភិបាលរបស់កម្ពុជា។ ដូច្នេះ ខ្ញុំគិតថាតាមយុទ្ធសាស្រ្តដែលបានរៀបរាប់ខាងលើនេះ អូស្រ្តាលីកំពុងខិតខំយ៉ាងខ្លាំងដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ពិធីករ ចាស! អរគុណ។ ឯកឧត្ដម ខ្ញុំចង់ដឹងថាតើអូស្ត្រាលីមានចក្ខុវិស័យក៏ដូចជាយុទ្ធសាស្រ្តអ្វីដើម្បីធ្ចើឲ្យទំនាក់ទំនងកាន់តែល្អប្រសើរឡើងជាមួយប្រទេសកម្ពុជានាពេលអនាគត ជាពិសេសដែលកម្ពុជាមានតំណភ្ជាប់ដើម្បីទទួលបានចក្ខុវិស័យនៅឆ្នាំ ២០៥០ ឲ្យកាន់តែប្រសើរឡើង ឬខ្ញុំអាចនិយាយបានថាដើម្បីធ្វើឲ្យជីវិតប្រសើរជាងនេះ។

វាគ្មិន ប្រាកដហើយ ខ្ញុំគិតថាយើងគួរតែនៅតែមានទំនាក់ទំនងបែបនេះ ប៉ុន្តែជាការពិតដែលយើងនឹងបន្តធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់កម្ពុជាឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយខ្ញុំគិតថាគោលដៅដើមនៃគម្រោងនេះ គឺធ្វើឲ្យបាននៅត្រឹមឆ្នាំ២០៣០។ ពិតណាស់ ជំងឺកូវីដ-១៩ មានផលប៉ះពាល់គួរឲ្យកត់សម្គាល់ដូចដែលយើងបានពិភាក្សាអំពីសេដ្ឋកិច្ចកម្ពុជា ដូច្នេះអាទិភាពគួរតែត្រូវជួយកម្ពុជាឲ្យជាសះស្បើយពីបញ្ហានៃវិបត្តិកូវីដ-១៩ ទាំងក្នុងទស្សនៈសុខាភិបាល និងសេដ្ឋកិច្ច។

ខ្ញុំគិតថាជំហានបន្ទាប់នឹងកើតឡើង ហើយក៏នឹងមានការនាំឲ្យមានការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលប្រកបដោយភាពរឹងមាំដូចដែលយើងបានពិភាក្សាខាងលើផងដែរ ថាមានការរីកចម្រើងក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ហើយយើងក៏បានលើកឡើងអំពីសញ្ញានៃការជោគជ័យមួយចំនួនផងដែរ។

ខ្ញុំក៏គិតថាវាសំខាន់ដែលក្នុងនាមជាមិត្ត និងអ្នកជិតខាងនឹងបន្តប្រើប្រាស់ឱកាសដើម្បីពិភាក្សាអំពីបញ្ហានៃការព្រួយបារម្ភ ហើយរដ្ឋាភិបាលអូស្រ្តាលី និងប្រជាជនក៏ត្រូវបានរួមបញ្ចូលផងដែរនៅក្នុងទំនាក់ទំនងជាមួយសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក៏ដូចជាស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា។ នេះមិនមែនដោយសារតែយើងល្អឥតខ្ចោះនោះទេ ប៉ុន្តែដោយសារតែយើងជឿជាក់យ៉ាងមុតមាំទៅលើវឌ្ឍន៍ភាពរួមរបស់កម្ពុជាក្នុងនាមជាប្រទេសមួយ ដែលដើរទន្ទឹមគ្នាជាមួយនឹងការរីកចម្រើននៅក្នុងវិស័យទាំងនេះ។

ពិធីករ៖ ជាចុងក្រោយ តើឯកឧត្ដមមានអ្វីចង់បន្ថែមដែររឺទេ?

វាគ្មិន ខ្ញុំគិតថាយើងបាននិយាយទៅលើរឿងជាច្រើនរួចមកហើយ។ ជាក់ស្ដែង ខ្ញុំចង់លើកទឹកចិត្តជូនពរអ្នករាល់គ្នាឲ្យមានសុវត្ថិភាព និងជៀសវាង ៣ការពារ៖ ជៀសវៀងកន្លែងបិទជិត ជៀងវៀងកន្លែងមានមនុស្សច្រើន និងជៀងវៀងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់។

បច្ចុប្បន្ន ប្រទេសទាំងពីរអូស្រ្តាលីនិងកម្ពុជាកំពុងតែស្ថិតនៅក្រោមវិធានការរឹតត្បិតនៃជំងឺកូវីដ-១៩ ប៉ុន្តែវាតែងតែមានពន្លឺនៅចុងបញ្ចប់ ដូច្នេះយើងត្រូវបន្តខិតខំប្រឹងប្រែងដើម្បីជម្នះឧបសគ្គនេះជាមួយគ្នា ហើយនេះគឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់យើង និងស្ថានទូតអូស្ត្រាលីនៅកម្ពុជាផងដែរ។

ពិធីករ៖ អរគុណច្រើនសម្រាប់ពេលវេលាដ៏មានតំលៃរបស់ឯកឧត្ដម

វាគ្មិន បាទអរគុណអ្នកស្រី លីលី ដូចគ្នា និងអរគុណសម្រាប់ការទស្សនា

ប្រធានដឹកនាំផលិត និងសម្របសម្រួល៖ ឡាក់ លីលី  (លីលី)

វាគ្មិន៖ ឯកអគ្គ​រដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ លោក​ Pablo Kang ​

អ្នកសម្រួលអត្ថបទ៖ ប្រុស​ គីមសាំង

អ្នកបញ្ចូលសំលេង៖ ប្រុសគីសាំ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner