យុទ្ធនាការអប់រំឲ្យអនុវត្ត ការរស់នៅតាមបែបបគន្លងថ្មី ក្នុងបរិបទកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានជម្រុញឲ្យមានសកម្មភាពជាក់ស្តែងចេញពីសេចក្តីណែនាំ តាមរយៈនៃយុទ្ធនាការអប់រំផ្សព្វផ្សាយ រៀនរស់ជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ដែលជាអានុសាសន៍ដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្មានថ្ងៃកន្លងមកនេះ ដោយចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ សេចក្តីណែនាំ១០ចំណុចរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីពង្រឹងការអនុវត្តវិធានការនានា និងការធានាប្រក្រតីភាពសម្រាប់ការរស់នៅតាមបែបគន្លងថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ត្រូវបានស្ថិតនៅក្នុងយុទ្ធនាការយ៉ាងផុលផុស នៅតាមបណ្តាសង្កាត់ទាំង១២នៃក្រុងសៀមរាប ក្រោមចលនាសកម្មភាពនៃក្រុមការងារចំនួន៦ក្រុម ដែលក្រុមនីមួយៗទទួលបន្ទុកគោលដៅអប់រំផ្សព្វផ្សាយឲ្យអនុវត្តសេចក្តីណែនាំនេះលើសង្កាត់ចំនួន២ ដែលដឹកនាំដោយសមាសភាពអភិបាលរងខេត្តមួយរូប ព្រមជាមួយនឹងវត្តមានរបស់មន្រ្តីពាក់ព័ន្ធផងដែរ ដែលមានភារកិច្ចសម្របសម្រួលណែនាំឲ្យអនុវត្ត តាមជំនាញរបស់ខ្លួននោះ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ប្រធានក្រុមទី៣នៃយុទ្ធនាការនេះ បានបង្ហើបឲ្យដឹងយ៉ាងដូច្នេះ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ដែលកំពុងស្ថិតនៅក្នុងសកម្មភាពនៃយុទ្ធនាការគោលដៅសង្កាត់សង្កាត់ទឹកវិល និងសង្កាត់ស្រង៉ែ។

យុទ្ធនាការនេះ ត្រូវបានចូលរួមសហការដោយកម្លាំងសមត្ថកិច្ចផងដែរ ហើយដែលជាភាគីដ៏សំខាន់ដើម្បីជម្រុញឲ្យមានសកម្មភាពចេញពីសេចក្តីណែនាំខាងលើ និងតាមដានលើការអនុវត្តជាក់ស្តែងនៅក្នុងសហគមន៍នោះ គឺអាជ្ញាធរមូលដ្ឋាន កម្លាំងប៉ុស្ថិនគរបាលរដ្ឋបាលសង្កាត់ និងប្រជាការពារផងដែរ ហើយដែលសំខាន់កាន់តែមិនអាចខ្វះបាន គឺអាជីវករ សេវាករ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ អ្នកលក់និងអ្នកទិញ។ នៅក្នុងយុទ្ធនាការ មន្រ្តីជំនាញត្រូវបានផ្តល់នូវការពន្យល់ដើម្បីអនុវត្ត និងបានចែកជូននូវខ្លឹមសារណែនាំ លក្ខ័ណ្ឌស្តង់ដាសុវត្ថិភាពទេចរណ៍ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងៗទៀតរបស់រដ្ឋបាលខេត្តសៀមរាបផងដែរ។

លោក បុត្រ មុទិតា ម្ចាស់ភោជនីយ៍ដ្ឋានមួយកន្លែងនៅសង្កាត់ទឹកវិល និងអ្នកលក់ចាប់ហួយម្នាក់នៅសង្កាត់ស្រង៉ែ ( លោកស្រី រ័ត្ន សុខុម ) បានបង្ហាញនូវចំណាប់អារម្មណ៍ដូចប្រសាសន៍ដ៏មានតម្លៃនៃប្រមុខរាជរដ្ឋាភិបាល ការរៀនរស់ជាមួយកូវីដ-១៩ គឺជាតំណាក់កាលដ៏ចាំបាច់នាពេលបច្ចុប្បន្ន បន្ទាប់ពីកម្ពុជាបានឆ្លងកាត់មេរៀនបទពិសោធន៍ជាច្រើនមកហើយនោះ។ ការរស់នៅជាធម្មតាតាមបែបគន្លងថ្មី គឺជាច្រកផ្លូវដើម្បីសុវត្ថិភាព ទាំងសុខភាពសាធារណៈ និងសេដ្ឋកិច្ចសហគមន៍ប្រជាពលរដ្ឋ លោកស្រីអភិបាលរងខេត្ត ប្រធានក្រុមទី៣នៃសកម្មភាពយុទ្ធនាការ ក៏បានវាយតម្លៃដែរ នេះជាក្តីសង្ឃឹមសម្រាប់អនាគតនៃការចូលរួមរបស់ប្រជាពលរដ្ឋ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner