ក្រសួងទេសចរណ៍ បានចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនវ៉នឌើរផាស ថេកណឡជី ឯ.ក ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍

ក្រសួងទេសចរណ៍រៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Wonder Pass Technology ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍ (Tourism Digitalization) ដោយមានការចូលរួមផ្ទាល់ពីឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហ៊ុល សីលា ទីប្រឹក្សា និងជាអគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក Frederic Proulx ស្ថាបនិកក្រុមហ៊ុន Wonderpass Technology ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ឯឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តាមប្រព័ន្ធថ្នាលបច្ចេកវិទ្យា Zoom Meeting នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ។
អនុស្សារណៈនៃការយោគយល់គ្នានេះមានគោលបំណង សំខាន់ៗចំនួន៣ ទី១ ជំរុញការសិក្សាអភិវឌ្ឍន៍ ការអនុវត្ត និងវាយតម្លៃលើប្រព័ន្ធ វ៉នឌើរផាស ថេកណឡជី (Wonder pass Technology) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទូទាត់រហ័ស និងងាយស្រួល ក្នុងវិស័យទេសចរណ៍ ការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាទេសចរណ៍កម្រិតជាតិ និងអន្តរជាតិនានា (E-Sports and E-Games) និងការគាំទ្រការទូទាត់រហ័សសម្រាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំង (Vaccinated Tourism) ។ ទី២ ពង្រឹងសមត្ថភាពមន្ត្រីក្រសួងទេសចរណ៍លើផែនការអភិវឌ្ឍន៍ទេសចរណ៍ ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការកក់សេវាកម្ម និងការទូទាត់ចំណាយទេសចរ និងបច្ចេកទេសនៃការគ្រប់គ្រងព្រឹត្តិការណ៍ទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងទី៣ សម្រួលដំណើរទេសចរ និងការផ្សព្វផ្សាយទេសចរណ៍ឌីជីថលរូបនីយកម្មទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តម ថោង រដ្ឋសកិ្ត អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា៖ ការចូលរួមរបស់ក្រុមហ៊ុន Wonder Pass Technology នឹងជំរុញបន្ថែមទៀតដល់ការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងផែនទីចង្អុលផ្លូវស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍កម្ពុជា ឆ្នាំ២០៣០។ ការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត៍ ក្នុងវិស័យទេសចរណ៍ នឹងគាំទ្រដល់ការគ្រប់គ្រងវិស័យទេសចរណ៍ លើកកម្ពស់អាជីវកម្មទេសចរណ៍ ក្នុងបរិបទប្រក្រតីភាពថ្មីឲ្យមានភាពធន់ ពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គលិកជំនាញ ជំរុញទីផ្សារនិងការផ្សព្វផ្សាយទេសចរណ៍ឌីជីថល ការលើកកម្ពស់ផលិតភាព និងពង្រឹងគុណភាពសេវាកម្ម នៅក្នុងដំណាក់កាល នៃផែនការស្តារវិស័យទេសចរណ៍ឡើងវិញរួមមាន៖ (១) ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្ដារឡើងវិញ ឆ្នាំ២០២១ (Resilience & Restart) (២) ការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២២-២០២៣ (Recovery) និង (៣)ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២៤-២០២៥ (Relaunch) ។
នាឱកាសពិធីចុះអនុស្សារណៈនៃការយោគយលគ្នាខាងលើ ក្រុមហ៊ុន Wonder Pass Techology ក៏បានឧត្តមម៉ាស KN 95 ទទួលស្គាល់ដោយស្តង់ដា FDA គុណភាពខ្ពស់ពីប្រទេសកាណាដាចំនួន ១០ម៉ឺនម៉ាស ជូនដល់ក្រសួងទេសចរណ៍ ដើម្បីចូលរួមចំណែកគាំទ្រដល់ការរៀបចំកញ្ចប់ទេសចរចាក់វ៉ាក់សាំងនិងការបើកទទួលទេសចរអន្តរជាតិជាជំហ៊ានៗនៅពេលខាងមុខ និងការប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ-១៩ នៅកម្ពុជា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner