ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណបក្សខេត្តសៀមរាបចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគេនទេយ្យវត្ថុដល់វត្តជួបការខ្វះខាតក្នុងឃុំចំនួន៦

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ក្រុមការងារគណបក្សកម្ពុជាចុះមូលដ្ឋានស្រុកស្រីស្នំ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបចុះមូលដ្ឋានស្រុកស្រីស្នំ រួមនិងក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកស្រីស្នំ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រីស្នំ បាននាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន៦ ក្នុងឃុំចំនួន៥ នៃស្រុកស្រីស្នំ ដែលកំពុងគង់ចាំព្រះវស្សា និងជួបការខ្វះខាត ខណៈរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

តាមរបាយការណ៍របស់ក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយស្រុកស្រីស្នំ បង្ហាញថាវត្តដែលជួបការខ្វះខាត
៥ឃុំ ក្នុងចំណោម ៦ឃុំនោះរួមមាន វត្តបុទុមមោង ស្ថិតក្នុងឃុំមោង វត្តចន្ទរង្សីពង្រ ស្ថិតក្នុងឃុំត្រាំសសរ វត្តកោះប្រាសាទប្រីយ៍ ស្ថិតក្នុងឃុំប្រីយ៍ វត្តពោធិ៍ល្បើក ស្ថិតក្នុងឃុំក្លាំងហាយ វត្តសុណ្ណគីរីកេសរធ្លក និងវត្តកោះអារញ្ញបុរីដូនសុខ ស្ថិតក្នុងឃុំស្លែងស្ពាន។ ទេយ្យវត្ថុដែលបានប្រគេនជូនព្រះសង្ឃ ក្នុងវត្តនីមួយៗរួមមាន បច្ច័យ ៣៨០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត។ ដោយឡែក ដោយមើលឃើញពីការខ្វះខាតនៅតាមវត្តអារាមមួយចំនួនទៀត ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ និង ឯកឧត្តម ស៊ឹម សុខា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមោង ក៏បានប្រគេនជាបច្ច័យ គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនបន្ថែមទៀត តាមស្ថានភាពជាក់ស្ដែង។

តាមការលើកឡើងរបស់លោក អ៊ាន សុខា ប្រធានក្រុមការងារយុវជនគណបក្សខេត្តចុះមូលដ្ឋានស្រុកស្រីស្នំ បញ្ជាក់ថា ការនាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ អំឡុងពេលផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ស្របទៅនឹងការព្រួយបារម្ភរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនាំឱ្យមានការខ្វះខាតចង្ហាន់របស់ព្រះសង្ឃនៅតាមបណ្ដាស្រុក តែដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា នៅតែបន្តគម្រាមគំហែង គឺតម្រូវឱ្យរាជរដ្ឋាភិបាលធ្វើការទប់ស្កាត់ជាមុន។ ទន្ទឹមនោះ ការនាំយកទេយ្យវត្ថុពីសំណាក់ក្រុមការងារគណបក្សកម្ពុជាចុះមូលដ្ឋានស្រុកស្រីស្នំ ក្រុមការងារយុវជនគណបក្សខេត្តចុះមូលដ្ឋានស្រុក ក្រុមការងារយុវជនគណបក្សស្រុក ឃុំ ភូមិ បានបង្ហាញពីសាមគ្គីភាពផ្ទៃក្នុង វប្បធម៌ចែករំលែក និងទឹកចិត្តចេះជួយគ្នាទៅវិញទៅមក ដែលជាគំរូដ៏ល្អសម្រាប់ប្រជាជនទូទៅក្នុងសង្គម ដែលមានការអភិវឌ្ឍក្រោមម្លប់សន្តិភាព ៕ ដោយ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner