មីយ៉ាន់ម៉ានៅតែមានអស្ថិរភាព ខណៈអំពើហិង្សាក្រោមរូបភាពនានា នៅតែបន្ដកើតមាន
មីយ៉ាន់ម៉ានៅតែមានអស្ថិរភាព ខណៈអំពើហិង្សាក្រោមរូបភាពនានា នៅតែបន្ដកើតមាន ជាពិសេសការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធគ្រប់ភាគី បន្ទាប់ពីរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ប្រកាស “សង្គ្រាមការពារប្រជាជន” កាលពីដើមខែកញ្ញា។ ទន្ទឹមនឹងនេះ រលកកូវីដ១៩ វ៉ារ្យង់ Delta បានធ្វើឱ្យស្ថានភាពសង្គម និងសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន។
អ្នកនាំពាក្យរដ្ឋាភិបាលស្រមោលលោក Sasa ថា ៨ខែមកហើយដែលប្រជាជនមីយ៉ាន់ម៉ាស្នើសុំឱ្យសហគមន៍អន្តរជាតិមកជួយ ប៉ុន្ដែការឆ្លើយតបកន្លងមកមិនមានភាពគ្រប់គ្រាន់ឡើយ។ ការប្រកាសសង្គ្រាមនេះ គឺបង្ខំចិត្តដើម្បីការពារខ្លួន ពីការសម្លាប់របស់ក្រុមយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះ។
លោកក៏បានបន្ថែមថា៖ “ពិភពលោកនៅពេលនេះ មិនអើពើពីស្ថានភាពនៅមីយ៉ាន់ម៉ាទៀតឡើយ ស្របពេលដែលមីយ៉ាន់ម៉ាកំពុងប្រឈមនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ គ្រោះមហន្តរាយមនុស្សធម៌ និងវិបត្តិជំងឺកូវីដ១៩ ដែលគ្រប់គ្រងស្ថានការណ៍លែងបាន។”
លោកក៏បានអំពាវនាវឱ្យពិភពលោកធ្វើការប្រកាសទទួលស្គាល់ភាពស្របច្បាប់របស់ NUG ក្នុងការគ្រប់គ្រងមីយ៉ាន់ម៉ា ខណៈដែលមកទល់ពេលនេះ មិនទាន់មានប្រទេសណាប្រកាសត្រង់ៗថា ទទួលស្គាល់រដ្ឋាភិបាលយោធា ឬស៊ីវិលឡើយ។

ប្រភព៖ SBS News