ពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះនៅស្រុកបរិបូណ៌ ស្នើរសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាប្រគល់ឈើដែលគាត់ទិញយកមកធ្វើផ្ទះ ហើយត្រូវសមត្ថកិច្ចចាប់ទុក ឱ្យមកគាត់ ដើម្បីបានសង់លំនៅឋានសម្រាប់ជ្រោកកោនឡើងវិញ
កំពង់ឆ្នាំង ៖ នៅថ្ងៃទី 4 ខែតុលាឆ្នាំ2021 នេះពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះរស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ស្នើសុំឱ្យអាជ្ញាធរ និង សមត្ថកិច្ចជំនាញ មេត្តាប្រគល់ឈើដែលគាត់បានទិញមកពីខេត្តពោធិ៍សាត់ ដើម្បីយកមកសង់ផ្ទះឡើងវិញ ហើយត្រូវរដ្ឋបាលព្រៃឈើ សង្កាត់បរិបូណ៌ ចាប់កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។
លោកតា តឹក គឹមឡាយ អាយុ៦២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ បានបញ្ជាក់ឲ្យដឹងថាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថាផ្ទះរបស់គាត់មានទំហំ៧ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ត្រូវបានភ្លើងឆាប់ឆេះអស់ទាំងស្រុង មូលហេតុបណ្តាលមក
ពីទុស្សេខ្សែភ្លើង ។
លោកតាបញ្ជាក់ទៀតថា ផ្ទះដែលត្រូវបានភ្លើងឆេះខាងលើនេះរស់នៅមានចំនួន
៥គ្រួសារ ដែលមានសមាជិកទាំងអស់ជាង ១០នាក់ បន្ទាប់ពីផ្ទះត្រូវភ្លើងឆេះអស់ ក្រុមគ្រួសា ររបស់លោកតា ក៏ត្រូវស្នាក់នៅក្រោមដំបូលស័ង្កសីមួយផ្ទាំងសល់ពីភ្លើងឆេះ ជាបណ្ដោះអាសន្នលើដីចាស់នេះ ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារលោកតា សប្បុរសជនជិតឆ្ងាយរួមទាំងអាជ្ញាធរមូលដ្ឋានបានជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាជាបន្តបន្ទាប់ផងដែរ ។
លោកតាបានឲ្យដឹងទៀតថា បន្ទាប់ពីបានប្រាក់ដែលសប្បុរសជនបានជួយឧបត្ថម្ភលោកតាក៏បានសុំអនុញ្ញាតិច្បាប់ពីអាជ្ញាធរ មូលដ្ឋាន ដើម្បីទៅរកទិញឈើនៅខេត្តពោធិ៍សាត់យកមកសង់ផ្ទះថ្មីខណៈ
នោះដែរអាជ្ញាធរឃុំ និងរដ្ឋបាល ស្រុកបរិបូណ៌បានចេញលិខិតមួយច្បាប់ដោយអនុញ្ញាតឱ្យលោកតាទៅទិញឈើចំនួន ១០គីប ពីខេត្តពោធិ៍សាត់ ដើម្បីយកមកសង់លំនៅឋានថ្មីដើម្បីរស់នៅឡើងវិញ ។
ពេលដែលបាន ការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានរួចហើយ លោកតា ក៏បានជួលគោយន្តពីរគ្រឿងទៅរកទិញឈើ ដោយទិញបានឈើចំនួន ៨ម៉ែត្រគីប នៅរ៉ាបំណក់ស្រុកក្រគរ ខេត្តពោធិ៍សាត់ពេលដឹកឈើត្រឡប់មកវិញត្រូវឆ្លងកាត់សមត្ថកិច្ច ខេត្តពោធិ៍សាត់ដែលឈរជើងតាមគោលដៅជាច្រើនកន្លែង ពេលនោះលោកតាក៏បានបង្ហាញលិខិតអនុញ្ញាតទៅមន្ត្រីឈរជើងគ្រប់គោលដៅ តែមិនមានការឃាត់ឃាំងអ្វីឡើយ។
លុះមកដល់ចំណុចឃុំត្រពាំងចាន់ស្រុកបរិបូណ៌ ក៏ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើចាប់ឃាត់គោយន្តដឹកឈើទុកបើទោះជាលោកតាបានបង្ហាញលិខិតអនុញ្ញាតពីអាជ្ញាធរស្រុកបរិបូណ៌យ៉ាងណាក៏ដោយ ។
មកដល់ពេលនេះការចាប់ឈើរបស់លោកតាខាងលើនេះ មានរយៈពេលជិត ២០ថ្ងៃមកហើយ ឥឡូវនេះលោកតាត្រូវការឈើដើម្បីយកមកសង់លំនៅដ្ឋាន សម្រាប់ជាទីជម្រកដល់ក្រុមគ្រួសារដែលមានសមាជិកទាំងក្មេងទាំងចាស់ មានរហូតដល់ជាង ១០នាក់ដែលកំពុងខ្វះទីជម្រកដើម្បីជ្រកកោនឡើងវិញ។
ហេតុនេះលោកតានិងក្រុមគ្រួសារបានលើកម្រាមដៃដប់សំពះអង្វរសុំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងមន្ត្រីជំនាញសូមលោកមេត្តាអនុញ្ញាតប្រគល់ឈើមកឱ្យលោកតាវិញដោយក្តីអនុគ្រោះដើម្បីនឹងបានសង់ទីជម្រកសម្រាប់កូនចៅតូចៗនៅព្រោះបច្ចុប្បន្នពួកគាត់កំពុងជ្រកក្រោមដំបូលជញ្ជាំងស័ង្កសីមួយផ្ទាំងដែលសល់ពីភ្លើងឆេះនោះពេញមួយរដូវវស្សាទៅហើយ៕ សុខ គឹមសៀន
