ខ្លឹមសារនៃលិខិតផ្លូវការរបស់រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ជូនលោក នីកូស គ្រីស្តូឌូលីដេស រដ្ឋមន្ត្រីការបរទេសស៊ីព្រនីកូស៊ី (Cyprus)

អត្ថបទដោយ៖
AMS OneMinute

ភ្នំពេញ ថ្ងៃទី៦ តុលា ២០២១

សូមគោរពជូនឯកឧត្តម នីកូស គ្រីស្តូឌូលីដេស រដ្ឋមន្ត្រីការបរទេសនៃសាធារណៈស៊ីព្រ

ខ្ញុំមានកិត្តិយសសូមជំរាបជូនជូនឯកឧត្តមថា យើងខ្ញុំមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះសារពត៌មាន ដឺហ្គាឌីយែន (the Guardian) ដែលបានចុះផ្សាយព័ត៌មានមិនពិតកាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ថា “មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនស៊ីព្រ”។

ខ្ញុំសូមជំរាបជូនឯកឧត្តមថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរៈបុរសខ្មែរមួយរូបដែលបានដឹកនាំការតស៊ូតាំងពីអាយុ១៨ឆ្នាំ ដោយបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការវាយឱ្យបរាជ័យពួកចក្រពត្តិរបបខ្មែរក្រហមប្រល័យពូជសាសន៍ តស៊ូលះបង់អាយុជីវិតដើម្បីបុព្វហេតុបង្រួបបង្រួមជាតិពិតប្រាកដ និងក្នុងការកសាង និងអភិវឌ្ឍនប្រទេសជាតិពីបាទដៃទទេ ក្រោយថ្ងៃរំដោះប្រទេសជាតិឆ្នាំ១៩៧៩។

ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម មេត្តាជ្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបានផ្សាភ្ជាប់អាយុជីវិតរបស់សម្តេច ជាមួយអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រប់កាលៈទេសៈទាំងអស់។ ដូចនេះដាច់ខាតពុំមានភាពមន្ទិលសង្ស័យណាមួយចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាវីរៈបុរសជាតិរបស់យើងខ្ញុំនោះទេ ហើយសម្តេចក៏ពុំបាននឹកនា ឬយល់សុបិន្តស្រមើលស្រមៃ សុំសញ្ជាតិ ឬលិខិតឆ្លងដែនពីបរទេសណាមួយនោះឡើយ ពីព្រោះសម្តេចមានកិត្តយស ភាពថ្លៃថ្នូ និងមោទនភាពក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិមួយរូប។

អាស្រ័យដូចបានជំរាបជូនខាងលើ ខ្ញុំសូមស្នើឯកឧត្តម មេត្តាជ្រាប និងផ្តល់កិច្ចសហការដើម្បីស្រាវជ្រាវរកការពិតឱ្យឃើញចំពោះការចោទប្រកាន់ដែលមានចេតនា អាក្រក់នេះសំដៅផ្តល់ភាពយុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ ជូនដល់សម្តេចនាយករដ្ឋមន្ត្រីរបស់យើងខ្ញុំវិញ ហើយម៉្យាងវិញទៀត ដើម្បីឱ្យមតិសាធារណៈជាតិ និងអន្តរជាតិបានយល់ច្បាស់អំពីការពិតនេះ។

ប្រភព៖ FN

ads banner