លទ្ធផលសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៦ ស្ដីពីសន្តិសុខសាយប័រនិងកម្មវិធីសប្តាហ៍នៃសន្តិសុខសាយប័រអន្តរជាតិសិង្ហបុរី ២០២១

រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ បានចូលរួមសន្និសីទរដ្ឋមន្ត្រីអាស៊ានលើកទី៦ ស្ដីពីសន្តិសុខសាយប័រ (The 6th ASEAN Ministerial Conference on Cybersecurity) និងកម្មវិធីសប្តាហ៍នៃសន្តិសុខសាយប័រអន្តរជាតិសិង្ហបុរី ២០២១ (Singapore International Cyber Week 2021) តាមប្រព័ន្ធវីដេអូ។

      គួរបញ្ជាក់ថា សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៦ ស្ដីពីសន្តិសុខសាយប័រ និងកម្មវិធីសប្តាហ៍នៃសន្តិសុខសាយប័រអន្តរជាតិសិង្ហបុរី ២០២១ រៀបចំឡើងក្រោមប្រធានបទ “រៀនរស់ជាមួយកូវីដ-១៩ ” និងមានគោលដៅផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ក្នុងការកសាងប្រព័ន្ធអ៊ីនធឺណិតដែលមានសុវត្ថិភាព និងភាពធន់ជាងមុន។

        ថ្លែងក្នុងសន្និសីទនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជម្រាបជូនកិច្ចប្រជុំអំពីការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដោយបានរួមបញ្ចូលការបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថល (Digital Security Committee) ក្នុងគោលបំណងការពារអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ ទប់ទល់និងឆ្លើយតបទៅនឹងហានិភ័យ ការគំរាមកំហែង និងការវាយប្រហារ ក៏ដូចជាការគ្រប់គ្រងឱ្យបានសន្តិសុខសង្គមជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការចំនួន ៤ ចំណុច រួមមាន៖

១.  ការពង្រឹងសមត្ថភាពសន្តិសុខសាយប័រដោយផ្តោតទៅលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងធ្វើការហ្វឹកហ្វឺនពាក់ព័ន្ធនឹងសន្តិសុខសាយប័រ

២.  ការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានការគំរាមគំហែងសន្តិសុខសាយប័រ

៣.  ការធ្វើសុខដុមនីយកម្មនៃបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (Critical Information Infrastructure)

៤.  ការការពារទិន្នន័យឌីជីថលឱ្យមានសុវត្ថិភាព និងធានាបាននូវប្រសិទ្ធភាពក្នុងការចែករំលែកក្នុងការងារប្រចាំថ្ងៃ។

      ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ឆ្ពោះទៅកាន់លំហសាយប័រមួយ ដែលមានភាពសុវត្ថិភាព និងប្រកបដោយបរិយាប័ន្ន៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner