ចំនួនភ្ញៀវទេសចរណ៍ថ្ងៃភ្ជុំបិណ្ឌទីពីរ មានការកើនឡើង តែមន្ត្រីជំនាញត្អូញត្អែរពីការធ្លាក់ចុះខ្លាំង នៃចំនួនភ្ញៀវដែលបានទៅលេងកំសាន្តតាមរមណីយដ្ឋាន ទាំង១៣កន្លែងនោះ

        ប្រភពដកស្រង់នៅក្នុងរបាយការណ៍ការិយាល័យផែនការអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ និងរមណីយដ្ឋាន នៃមន្ទីទេសចរណ៍ខេត្តបាត់ដំបង បានង្ហាញឲ្យដឹងថា៖ ក្នុងរយៈពេល០២ថ្ងៃ នៃការឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន០៣ថ្ងៃ(ចាប់ពីថ្ងៃទី០៥-០៧ខែតុលាឆ្នាំ២០២១) ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុក នៅតាមរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង ចំនួន១៣កន្លែងបានទទួលភ្ញៀវចូលទៅលេងកំសាន្តមានចំនួនសរុបប្រមាណជិត២ម៉ឺននាក់។ ក្នុងរបាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ នៅថ្ងៃទី១(០៥ខែតុលា) ចំនួនភ្ញៀវទេសចរណ៍សរុប៨.០២០នាក់។នៅថ្ងទី២(០៦តុលា) ចំនួនភ្ញៀវទេសចរណ៍សរុប ១៩.១៣៨នាក់។

        ប្រភពដដែលក៏បានធ្វើការកត់សម្គាល់ឲ្យដឹងបន្ថែមថា៖ក្នុងចំណោមនៃទីតាំងរមណីយដ្ឋានទាំង១៣កន្លែង ដែលអាចទាក់ទាញ ស្រូបយកភ្ញៀវទេសចរណ៍ និងជាកន្លែងពេញនិយម របស់ ភ្ញៀវបានច្រើនជាងគេ ក្នុងរយៈពេល០២ថ្ងៃនេះគឺ៖រមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយ(ស្រុកសំឡូត) និងទីកន្លែងមណ្ឌលកំសាន្តជិះឡូរីជើងភ្នំបាណន់(ស្រុកបាណន់)។

       លោក ហម អរុណ ប្រធាការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងដោយការកត់សម្គាល់ថា៖ទីតាំងទាំង២កន្លែងខាងលើនេះ ចំនួនភ្ញៀវដែលបានចូលទៅកំសាន្តនៅទីនោះ គឺមានចំនួនដ៏ច្រើនលើសលប់ ដែលតម្រូវឲ្យមន្ត្រីជំនាញ បានសហការជាមួយអាជ្ញាធរនិងគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់ភ្ញៀវ និងប្រជាពលរដ្ឋទៅកំសាន្ត ដោយបានបញ្ចៀសពីបញ្ហាកកស្ទះបានទាន់ពេលវេលាដើម្បីជាការឆ្លើយតបក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនិងយកចិត្តទុកដាក់ទៅតាមវិធានសុវត្តិភាពទេសចរណ៍និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី។

      សូមបញ្ជាក់ថា៖ នៅក្នុងឱកាសនៃពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៃថ្ងៃឈប់សម្រាកចំនួន៣ថ្ងៃ ចាប់ថ្ងៃពីទី០៥-០៧ខែតុលាឆ្នាំ២០២១ តំបន់ទេសចរណ៍ និងទីកន្លែងរមណីយដ្ឋាននានា ដែលមន្ទីរទេសចរណ៍ខេត្ត និង រដ្ឋបាលខេត្តបាត់ដំបងបានកំណត់វាយតម្លៃ ឲ្យបើកទទួលភ្ញៀវ ទាំង១៣កន្លែង មានដូចជា៖ ១.រមណីយដ្ឋានប្រាសាទបាណន់,២.រមណីយដ្ឋានភ្នំសំពៅ,៣.រមណីយដ្ឋាន ប្រាសាទឯកភ្នំ,៤.រមណីយដ្ឋានអាងកំពីងពួយ,៤.រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ,៥.រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន, ៦.រមណីយដ្ឋានទឹកធ្លាក់ ៥៣ភ្នំព្រឹក,៧.រមណីយដ្ឋាន នគរជុំភ្នំព្រឹក,៨.រមណីយដ្ឋាន ភ្នំកំពូល,៩.រមណីយដ្ឋាន ចំការធុរេនអូរតង,១០.រមណីយដ្ឋានវាលចម្បាំង ខេមសាយ,១១.ប្រសាទឯកភ្នំ,១២.សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និង១៣.មណ្ឌលកម្សាន្តជិះឡូរីជើងភ្នំបាណន់។

       លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានឲ្យដឹងផងដែរថា៖ដោយសារតែបរិបទកូវីដ សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍មកកាន់តំបន់រមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះអាចនិងមានការថយចុះជាងបណ្តាឆ្នាំមុនៗ ដោយសារតែវិបត្តិនៃការរាតត្បាតពីការឆ្លងរីករាលដាលពីកូវីដ-19។ឆ្នាំកន្លងទៅ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបង ទទួលបាននូវភ្ញៀវទេសចរណ៍សរុប ប្រមាណជាង១៣ម៉ឺននាក់។តែសម្រាប់រយៈពេល ២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ(២០២១)ចំនួនភ្ញៀវធ្វើដំណើរកំសាន្តមកកាន់រមណីយដ្ឋាននានានៅក្នុងខេត្ត មានការធ្លាក់ថមថយចុះច្រើនជាងបណ្តាឆ្នាំកន្លងទៅ គឺក្នុងរយៈពេល០២ថ្ងៃនេះចំនួនភ្ញៀវដែលបានមកកម្សាន្តលេងក្នុងតំបន់ទេសចរណ៍ទាំង១៣កន្លែងខាងលើនេះ គឺមានចំនួនសរុបប្រមាណ២៧.១៥៨នាក់ តែប៉ុណ្ណោះ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner