ប្រមុខការទូតកម្ពុជា​ស្នើផ្ញើលិខិតជូនរដ្ឋមន្រ្តីការបរទេស​សាធារណរដ្ឋ​ស៊ី​ព្រ នី​កូ​ស៊ី សហការ​ស្រាវជ្រាវ​ជុំវិញ​ការចោទប្រកាន់ថា សម្តេច​តេ​ជោនាយករដ្ឋមន្រ្តីកម្ពុជាមាន​លិខិតឆ្លងដែន​ស៊ី​ព្រ ឬ​សញ្ជាតិ​ស៊ី​ព្រ​

ភ្នំពេញៈ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា​បានស្នើ​ដល់​សាធារណរដ្ឋ​ស៊ី​ព្រ នី​កូ​ស៊ី​សហការ​ស្រាវជ្រាវ​ជុំវិញ​ការ​ចោទប្រកាន់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមាន​លិខិតឆ្លងដែន​ស៊ី​ព្រ ឬ​សញ្ជាតិ​ស៊ី​ព្រ​។​

​យោងតាម​លិខិតផ្លូវការ​ចុះ​ថ្ងៃទី​៦ ​ខែតុលា​ ឆ្នាំ​២០២១​ របស់ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើជូន​ឯកឧត្តម នី​កូ​ស គ្រី​ស្តូ​ឌូ​លី​ដេ​ស​រដ្ឋមន្ត្រីការបរទេស​នៃ សាធារណរដ្ឋ​ស៊ី​ព្រ នី​កូ​ស៊ី បានបញ្ជាក់ថា យើង​មាន​ការមិនសប្បាយចិត្ត​យ៉ាងខ្លាំង​ចំពោះ​សារពត៌មាន ដឺ ហ្គា​ឌី​យែ​ន​( The Guardian)​ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​កាលពី​ថ្ងៃអាទិត្យ​ទី​៣​តុលា​២០២១​ថា​“…​មេដឹកនាំ​កម្ពុជា​លោក​ហ៊ុនសែន ត្រូវបាន​គេ​រកឃើញថា​ស្ថិតក្នុង​ចំណោម​ជនជាតិ​មិនមែន​អឺរ៉ុប រាប់ពាន់នាក់ ដែល​បានទទួល​លិខិតឆ្លងដែន​ស៊ី​ព្រ “ ។​

​លិខិតបានបន្តថា​បាន​ជម្រាបជូន​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ស៊ី​ព្រ នី​កូ​ស៊ី ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​វីរៈបុរស​ខ្មែ​មួយរូប​ដែល​បាន​ដឹកនាំ​ការតស៊ូ​តាំងពី​អាយុ​១៨ ឆ្នាំ ដោយបាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ក្នុងការ​វាយ​ឱ្យ​បរាជ័យ ពួក​ចក្រពត្តិ​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍​តស៊ូ​លះបង់​អាយុជីវិត​ដើម្បី​បុព្វហេតុ​បង្រួបបង្រួម ជាតិ​ពិតប្រាកដ និង​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ពី​បាតដៃ​ទទេ ក្រោយ​ថ្ងៃ​រំដោះប្រទេស​ជាតិ​ឆ្នាំ​១៩៧៩​។​

​ឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជាបានបញ្ជាក់ថា” សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបាន​ផ្សារភ្ជាប់​អាយុជីវិត​របស់​សម្តេច​ជាមួយ​អាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ។ ដូចនេះ ដាច់ខាត​ពុំមាន​ភាពមន្ទិលសង្ស័យ​ណាមួយចំពោះ​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ដែលជា​វីរៈបុរស​ជាតិ​របស់​យើងខ្ញុំ​នោះទេ ហើយ​សម្តេច ក៏​ពុំបាន​នឹកនា ឬ យល់​សុបិន​ស្រមើស្រមៃ សុំ​សញ្ជាតិ ឬ​លិខិតឆ្លងដែន​ពី​បរទេស​ណាមួយ​នោះឡើយ ពីព្រោះ​សម្តេច​មាន​កិត្តិយស​ភាពថ្លៃថ្នូរ​និង​មោទនភាព​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​និង​ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេសជាតិ​មួយរូប​”។​

​លិខិត​បន្តថា​ដោយ​បញ្ជាក់ថា អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ យើង​សូម​ស្នើ​ឯកឧត្តម មេត្តា​ជ្រាប និង​ផ្តល់​កិច្ចសហការ ដើម្បី​ស្រាវជ្រាវ​រក​ការពិត​ឱ្យឃើញ ចំពោះ​ការចោទប្រកាន់​ដែលមាន​ចេតនា​អាក្រក់​នេះ សំដៅ​ផ្តល់​ភាពយុត្តិធម៌ កិត្តិយស និង​ភាពថ្លៃថ្នូរជូន​ដល់​សម្តេចនាយក​រដ្ឋមន្ត្រី របស់​យើងខ្ញុំ​វិញ ហើយ​ម្យ៉ាងវិញទៀត ដើម្បីឱ្យ​មតិសាធារណៈ​ជាតិ និង​អន្តរជាតិ​បាន​យល់ច្បាស់​អំពី​ការពិត​នេះ​។​

​ឆ្លៀតឱកាស​នេះ សូម​សម្តែង​នូវ​ក្តី​អំណរ​អរគុណ​ចំពោះ​ការយោគយល់ និង​ការយកចិត្តទុកដាក់រ​បស់ ឯកឧត្តម និង​សង្ឃឹម​ទទួលបានការសហការ​ដ៏​ល្អប្រសើរ​ពី ឯកឧត្តម ក្នុងនាម​ប្រទេស​យើង​ទាំងពីរ ជា​ប្រទេស​ជា​មិត្ត​និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​៕​

ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner