ចំនួនភ្ញៀវទេសចរណ៍ក្នុងខេត្តបាត់ដំបង មានការថយចុះជិត៧២%ក្នុងរយៈពេល០៣ថ្ងៃ នៃឱកាសដើរកំសាន្តក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ
ដោយសារតែបរិបទនៃការឆ្លងរាតត្បាត ជាសកលពីជំងឺឆ្លងកូវីដ19សម្រាប់ដំណើរកម្សាន្តរបស់ស់ភ្ញៀវទេសចរណ៍ក្នុងស្រុក មកកាន់តំបន់រមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង នាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល០៣ថ្ងៃ (ចាប់ពីថ្ងៃទី០៥-០៧ខែតុលាឆ្នាំ២០២១)នេះ ចំនួនភ្ញៀវទេសចរណ៍មានការថយចុះជាងបណ្តាឆ្នាំមុនៗដោយសារតែវិបត្តិនៃការរាតត្បាតពីការឆ្លងរីករាលដាលពីកូវីដ-19។ហើយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃបង្ហើយនៃថ្ងៃឈប់សម្រាក ចំនួនភ្ញៀវទេសចរ ដែលបានទៅកម្សាន្តក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ទាំង១៣កន្លែងក្នុងខេត្ត មានភ្ញៀវសរុប ចំនួន ១០.៥៦៦ នាក់ ។
លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ ក្នុងឆ្នាំនេះចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុក ដែលបានមកកម្សាន្តលេងនៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តគឺ៖មានការធ្លាក់ចុះជាង៧១,៩៤%បើប្រៀបធៀបទៅនិងឆ្នាំកន្លងទៅក្នុងរយៈពេល០៣ថ្ងៃនៃថ្ងៃឈប់សម្រាកនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរណ៍ សរុបចំនួន ១៣៤.២៨០នាក់។ តែសម្រាប់រយៈពេល០៣ថ្ងៃ ឆ្នាំនេះ ចំនួនភ្ញៀវទេសចរ ដែលបានមកកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តបាត់ដំបង មានចំនួនសរុប ៣៧.៧២៤នាក់ប៉ុណ្ណោះ គឺមានការថយចុះ៧១,៩៤% បើធៀបជាមួយនឹងឆ្នាំ២០២០ ដែលមានចំនួនសរុប ១៣៤.៤៤០នាក់.ដោយក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១៣៤.២៨០នាក់។ ភ្ញៀវទេសចរអន្តរជាតិ(ផ្ទៃក្នុង)មានចំនួន ០០នាក់ ថយចុះ១០០% បើធៀបជាមួយ នឹង ឆ្នាំ២០២០ មានចំនួន ១៦០នាក់។
លោកប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្ត ក៏បានថ្លែងឲ្យដឹងបន្ថែមទៀតថា៖កត្តាធ្លាក់ចុះពីចំនួនភ្ញៀវទេសចរណ៍នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ទាំង១៣កន្លែង នៅក្នុងខេត្ត ក្រៅពីបរិបទកូវីដ-19 ក៏នៅមានបញ្ហាប្រឈមពីកត្តាធម្មជាតិផងដែរ ដោយសារតែមានភ្លៀងធ្លាក់ជោគជាំខ្លាំង និងមានទឹកជំនន់ បង្កឲ្យមាន ការហូរកាត់ផ្តាច់ផ្លូវចូលទៅកាន់តំបន់ទេសចរណ៍និងនៅតាមរមណីយដ្ឋានទេសចរណ៍ មួយចំនួនក្នុងស្រុកសំឡូត ដែលធ្វើឲ្យសមត្ថភាពទទួលភ្ញៀវជាអតិបរមា ត្រូវបានកាត់បន្ថយ។ ហើយរមណីយដ្ឋានមួយចំនួនទៀតក៏មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរលើសកំណត់អតិបរិមាជាហេតុធ្វើឱ្យម្ចាស់រមណីយដ្ឋានបិទមិនទទួលភ្ញៀវឱ្យចូលទៅក្នុងទីតាំងរមណីយដ្ឋានរបស់ខ្លួន គឺ៖ដោយសារតែម្ចាស់រមណីយដ្ឋានទេសចរណ៍ទាំងនោះបានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរិមា(SOP)
តាមគន្លងក្រតីភាពថ្មី តាមការណែនាំ របស់ក្រសួងទេសចរណ៍ និងការចូលរួមអនុវត្ត តាមការណែនាំ របស់រាជរដ្ឋាភិបាល និងពីក្រសួងសុខាភិបាល ដោយតម្រូវអោយបុគ្គលិកពាក់ម៉ាស់ រង់ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សានូវគម្លាតសុវត្ថិភាពសង្គមជាដើម។ព្រមជាមួយ និងការចូលរួម របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានទៅកម្សាន្តលេងនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាមានការយល់ដឹងច្រើននិងបានចូលរួមអនុវត្ត នូវ វិធានសុខាភិបាល ការពារខ្លួនយ៉ាងខ្ជាប់ខ្ជួនពីការឆ្លងនិងចម្លងពីជំងឺកូវីដ-19ដោយប្រកាន់ខ្ជាប់នូវ ៣.ការពារនិង៣.កុំ។
លោក ហម អរុណ បានសង្កត់ធ្ងន់បន្ថែមឲ្យដឹងទៀតថា៖រាល់សកម្មភាពក្នុងការអនុវត្តការងារក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានចាត់មន្រ្តីជំនាញរបស់ខ្លួនឲ្យចុះទៅពិនិត្យតាមដានអំពីស្ថានភាពចរន្តភ្ញៀវទេសចរណ៍ និងតាមដានការអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍តាមរមណីយដ្ឋានទេសចរណ៍ ទាំង១៣ទីតាំងផងដែរ។ព្រមទាំងបានណែនាំឱ្យម្ចាស់អាជីវកម្មលក់ដូរ ធ្វើការរៀបចំសម្អាតអនាម័យ បរិស្ថាន និងចូលរួមផ្សព្វផ្សាយពីវិធានការទប់ស្កាត់ពីការរីករាលដាលជំងឺកូវីដ-19។ថែមទាំងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ។ជាការកត់សម្គាល់ក្នុងរយៈពេល០៣ថ្ងៃកន្លងមកនេះគឺមិនមានភាព មិនប្រក្រតីណាមួយ កើតឡើងនៅកំឡុងពេលនៃបុណ្យភ្ជុំបិណ្ឌនេះឡើយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )