ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកមានភាពរឹងស្ទះច្រើន ដែលនាំឲ្យអ្នកមានភាពហត់នឿយច្រើន។ ក្នុងនោះដែររាល់សេចក្តីប៉ងប្រាថ្នាទាំងឡាយក៏មិនទាន់អាចសម្រេចបានផលជាទីគាប់ចិត្តនោះដែរ។ បើទោះជាថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការងារ ក៏មិនត្រូវបាក់ទឹកចិត្តដែរ។ សូមបន្តកិច្ចការងាររបស់អ្នកជាធម្មតា។ ក្នុងនោះពិនិត្យពិចារណាផែនការអនុវត្ត កែលម្អ និងសម្របឲ្យបានទៅតាមកាលទេស។ ប្រការគួរជៀសវាងបំផុតគឺការផ្លាស់ប្តូរទីកន្លែងការងារ ពីព្រោះឧបស័គ្គក្នុងស្ថានភាពថ្មីមានសភាពរឹងមាំ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងជួយដោះស្រាយចំពោះផលលំបាក។ ប្រសិនបើអ្នកមានបញ្ហាដែលជាប់គាំងជាយូរណាស់មកហើយ ក៏សូមជ្រើសរើសពេលវេលានេះដើម្បីស្រាយបំភ្លឺ ឬដោះស្រាយមន្ទិលទាំងនោះ។ លោកអ្នកធានាថានឹងបានជួបស្ថានការណ៍ដែលងាយស្រួល។ ដោយឡែក ប្រសិនបើអ្នកមានបំណងនឹងធ្វើសកម្មភាពទាក់ទងលុយកាក់ គួរតែពិភាក្សាជាពិសេសជាមួយមនុស្សចាស់។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកហាក់មានភាពរឹងស្ទះរាល់សព្វមួយដង។ ស្ថានភាពនៅជុំវិញខ្លួនហាក់មានភាពប្រែប្រួល ហើយក៏ប្រហែលជាពិបាកក្នុងការជឿទុកចិត្តយ៉ាងខ្លាំង។ ទាំងនេះមិនមែនថាលោកអ្នកមិនអាចពឹងពាក់អាស្រ័យជាមួយមនុស្សនៅក្បែរខ្លួនបាននោះទេ ប៉ុន្តែការពិចារណាជាញយៗនឹងអាចបញ្ជៀសរាល់កំហុស និងផលលំបាក។ ក្នុងវេលារសៀល ស្ថានភាពនៃការងារអាចមានភាពប្រែប្រួលខ្លាំង ហេតុនេះសូមលៃលកប្រមូលទិន្នន័យ និងពត៌មានជាក់លាក់របស់ការងារ។ លើសនេះ សូមប្រយ័ត្នការបាត់បង់ទ្រព្យ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះស្ថានភាពវិជ្ជមានជាច្រើននឹងកើតឡើងចំពោះអ្នក។ ចំពោះការចរចា ឬការពិភាក្សាការងារធំតូច រួមនឹងការងារដែលលំបាកបំផុតក៏អាចធ្វើទៅបានដោយរលូន។ លាភសំណាងរបស់អ្នកភាគច្រើនទាក់ទងនឹងសម្ភារៈ ហើយមនុស្សដែលនាំទ្រព្យនោះមកអោយច្រើនតែជាមនុស្សដែលនៅក្បែរខ្លូន។ ដោយឡែក សូមលោកអ្នកផ្សារភ្ជាប់ជំហានការងារជាមួយនឹងពត៌មានដែលទទួលបាន ហើយក៏ត្រូវរៀនសម្របទៅនឹងស្ថានភាពផងដែរ។ ក្នុងនោះ សូមរក្សាចិត្តកុំអោយអារម្មណ៍មានទំនោរខ្លាំងមកលើកិច្ចការងារ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងច្រើនជាងមុនក្នុងការប្រតិបតិ្តកិច្ចការងារ ប្រសិនបើអ្នកអាចធ្វើបាននោះស្ថានការមិនហ្នឹងហ្ន៎ទាំងឡាយនឹងត្រលប់ជាល្អប្រសើរ ហើយមិនរំខានដល់កិច្ចការអ្នកនោះទេ។ ក្នុងនោះហាមដាច់ខាតចំពោះជម្លោះគ្រប់រូបភាពទាំងអស់ ប្រយ័ត្នបង់ទ្រព្យអាសារឥតការ។ អ្នកអាចមានបញ្ហាតូចតាចខ្លះ កើតឡើង ប៉ុន្តែអ្នកអាចសង្គ្រោះខ្លួនឲ្យចេញពីបញ្ហាទាំងនោះបាន ប្រសិនបើអ្នករក្សាភាពស្ងប់ស្ងាត់ និងអនុគ្រោះ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នរាល់ការធ្វើដំណើរជិតឆ្ងាយ ហើយបើធ្វើដំណើរមានគ្នាទើបជាការល្អប្រសើរជាង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើនណាស់ក្នុងថ្ងៃនេះ រួមទាំងជីវិតឯកជន និងការបង្កើតកម្មវិធីមង្គលនានាផង។ ទ្រព្យសម្បត្តិ មុខតំណែងអាចនឹងទទួលបានដំណឹងជាក់លាក់។ អាស្រ័យហេតុនេះ សូមគ្រប់គ្រងពាក្យសំដី និងសកម្មភាពរបស់អ្នកអោយបានក្នុងកំរិតអតិបរមា។ ធ្វើយ៉ាងណាបញ្ជៀសកំហុសជាមួយមនុស្សផ្ទុយភេទឆ្នាំកុរ។ បើអ្នកអាចទប់ទល់ស្ថានភាពនេះនៅពេលព្រឹកបាន នោះពេលវេលារបស់អ្នកក្នុងថ្ងៃនេះឃើញថាសុទ្ធតែជាជោគជ័យ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ កុំខ្លាចធ្វើទំនាក់ទំនង ឬបណ្តាក់ទុនការងារធំតូចនានា ពីព្រោះឳកាសជោគជ័យកើតឡើងក្នុងកំរិតខ្ពស់បំផុត។ ក្នុងនោះដែរពេលវេលាសំណាងរបស់លោកអ្នក គឺនៅពេលព្រឹក ហើយវាច្រើនតែទាក់ទងនឹងសម្ភារៈជាជាងប្រាក់កាស។ ដោយឡែក ប្រសិនបើអ្នកមានបំណងនឹងចាកចេញពីស្ថានភាពចាស់ នោះជាការល្អប្រសើរណាស់ ពីព្រោះស្ថានភាពថ្មីឃើញថាជាប្រភពនែចំណូល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានជោគជ័យបន្តិច ប៉ុន្តែមិនមានន័យថាលោកអ្នកគ្មានសំណាងទាំងស្រុងនោះទេ។ ស្ថានភាពល្អក្នុងពេលនេះគឺអ្នកអាចនិយាយចរចា ដោះស្រាយរាល់បញ្ហា ឬកែប្រែស្ថានការណ៍បានល្អ។ ប្រសិនបើអ្នកមានការលំបាកខ្លះដែលពិបាកដោះស្រាយ សូមកុំភ្លេចមនុស្សនៅក្បែរខ្លួន ពីព្រោះពួកគេនឹងអាចជួយជ្រោមជ្រែងលោកអ្នកបានល្អ។ ចំពោះទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទឆ្នាំរកាគួរតែប្រុងប្រយ័ត្នជាងមុន ក្រែងមានជម្លោះនឹងគ្នា។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីកចម្រើនក្នុងមុខរបរការងារគឺមានគ្រប់ទិសទី។ ទោះក្នុងស្ថានភាពយ៉ាងណាក្តី អ្នកនៅតែអាចមានលទ្ធភាពរកច្រកចេញ ឬកែប្រែស្ថានភាពនានាឲ្យមកជាល្អវិញ។ ជាពិសេសម្រាប់លោកអ្នកដែលបំពេញការងារទាក់ទងនឹងសិល្បៈគឺអាចទទួលបានការសរសើរលើកទឹកចិត្តដែលអាចឲ្យអនាគតការងារអ្នកមានការអភិវឌ្ឍន៍។ លើសពីនេះ លោកអ្នកទទួលបានអំណោយផលជាពិសេសទៅលើការគិតគូរបានលឿន និងត្រឹមត្រូវ ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផលចំនេញសម្រាប់ការងារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ គឺស្ថិតនៅលើគន្លងផ្លូវរបស់អ្នក ហេតុដូច្នេះអ្នកគួររក្សាការងារ ឬស្ថានភាពផែនការអនុវត្តអោយនៅដដែលសិន។ សញ្ញាណនៃបញ្ហាអាចកើតមានឡើងក្នុងពេលនេះ ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់កិច្ចទិន្នផលការងាររបស់អ្នកឡើយ ដូច្នេះលោកអ្នកអាចដោះស្រាយ ឬបណ្តោយស្ថានការណ៍អោយកន្លងទៅក៏សឹងបាន។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះសម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ដូច្នេះផលចំណេញរបស់លោកអ្នកមានការកើនឡើងគួរឲ្យកត់សម្គាល់។ លោកអ្នកដែលប្រកបការងារដ្ឋនិងឯងជន ប្រហែលជាអាចនឹងទទួលបានពត៌មានដ៏រីករាយក្នុងការងារ ឬការតម្លើងប្រាក់ខែផងដែរ។ ប៉ុន្តែសូមប្រុងប្រយ័ត្នពាក្យសំដី បើទោះបីជាលោកអ្នកមានហេតុផលត្រឹមត្រូវយ៉ាងណាក្តី។ ភាពទន់ភ្លន់ និងការយោគយល់គួរតែជម្រើសដ៏ល្អក្នុងការអនុវត្តការងារក្នុងថ្ងៃនេះ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារអាចនឹងទទួលបាននៅរវាងពេលព្រឹកតែម្តង។ ចំពោះការសម្រេចចិត្តក្នុងអាជីព គឺលោកអ្នកអាចធ្វើទៅបានយ៉ាងពេញលេញ ប៉ុន្តែមិនគួរសំដែងអាកប្បកិរិយារឹងទទឹងពេកនោះទេ ពីព្រោះវាគ្មានហេតុផលណាមួយដែលលោកអ្នកអាចនឹងធ្វើការងារជាមួយអំណាចនោះឡើយ។ ដោយឡែក សូមលោកអ្នកព្យាយាមរក្សាពេលវេលាអោយមានម៉ត់ចត់ ពីព្រោះនៅរវាងពេលរសៀលអ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអនុវត្តការងារទាំងអស់នោះទេ។ អាស្រ័យហេតុនេះ រាល់ការងារសំខាន់ គួរចាប់ផ្តើមពីពេលព្រឹក។
ចំណាំៈ
រាសីឆ្នាំទាំង៥ ថោះ ម្សាញ់ មមី វក កុរ រាសីឡើងខ្ពស់ត្រដែតល្អណាស់។ លោកអ្នកនឹងទទួលបានទ្រព្យសំណាង លាភសក្ការ តំណែងការងារ និងភាពសុខសាន្តក្នុងពេលជាមួយគ្នា។