រយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ រមណីយដ្ឋានឆ្នេរកែបទទួលភ្ញៀវទេសចរជិត ១ម៉ឺននាក់

ខេត្តកែប ៖ ក្នុងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ រមណីយដ្ឋានខេត្តកែបទទួលអ្នកទេសចរចំនួន ៩៦,១៣២ នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣៣៩នាក់។

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ នៃឱកាសបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈបញ្ជាការឯកភាពខេត្តកែប ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយវិធានសុខាភិបាល នៅតាមបណ្តោយឆ្នេរកែប។

ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ បានធ្វើការផ្សព្វផ្សាយអំពីវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នៅតាមបណ្តោយឆ្នេរទេសចរណ៍ក្នុងខេត្តកែប និងសូមបងប្អូនគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធាន បីកុំ បីការពារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកសម្រាកកំសាន្ត ក្នុងរមណីយដ្ឋានក្នុងខេត្តកែប ប្រមាណ ៣៥,៨៦៤នាក់ ក្នុងនោះអន្តរជាតិ ប្រមាណ ១០៣នាក់ ហើយបើគិតសរុបរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវសរុបចំនួន ៩៦,១៣២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ ៣៣៩នាក់។

ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅគ្រប់តំបន់ ភូមិសាស្ត្រខេត្ត ពិតជាមានលក្ខណៈល្អប្រសើរ។ រីឯចរាចរណ៍តាមដងផ្លូវពុំមានការកកស្ទះនោះទេ ដោយកម្លាំងសមត្ថកិច្ចបានអនុវត្ត បានយ៉ាងហ្មត់ចត់បំផុត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner