កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ) ដោយមានការបន្ថែមពាក្យពេចន៍មួយចំនួន

អត្ថបទដោយ៖
AMS OneMinute

សេចក្តីព្រាងច្បាប់ស្តីពី ភ.រ.ជ គឺត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍៖

១-ការថយចុះហិរញ្ញប្បទានឥតសំណងលើសកលលោក និងការបាត់បង់ជាបណ្ដើរៗនូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជានាពេលអនាគត។ ម្យ៉ាងទៀត ប្រភពធនធានថវិកាជាតិនៅមានកម្រិតនៅឡើយ ប៉ុន្តែតម្រូវការទុនវិនិយោគសាធារណៈកាន់តែមានទំហំធំឡើងជាលំដាប់

២-វិបត្តិជំងឺកូវីដ១៩ កំពុងយាយីនិងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ជាពិសេសអាចនឹងពន្យាពេលនៃការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

៣-កិច្ចខិតខំប្រែងក្នុងការបញ្ចៀសកម្ពុជាកុំឱ្យធ្លាក់ផុងទៅក្នុង “អន្ទាក់នៃថ្លៃ” ដែលអាចកើតឡើងតាមរយៈការចុះកិច្ចសន្យាដែលមានរយៈពេលវែង ដោយមិនមានការពិនិត្យ និងវាយតម្លៃត្រឹមត្រូវ និងហ្មត់ចត់ និង

៤-ការជំរុញកំណើន និងការរក្សាជីវភាពសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើមូលដ្ឋានប្រភពធនធាន និងនវានុវត្តន៍ពីវិស័យឯកជន ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាសាធារណៈ។

សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទញចំពោះវិស័យឯកជនពីបរទេសនិងក្នុងស្រុក ដើម្បីចូលរួម និងជំរុញការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ តាមយន្តការភ.រ.ជ ដែលជាតម្រូវការចាំបាច់ក្នុងការទ្រទ្រង់ចីរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង, ការបង្កើនសមត្ថភាពប្រកួតប្រជែង, និងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា៕

៨ តុលា ២០២១

ប្រភព៖ Phay Siphan

ads banner