បុរសម្នាក់ ត្រូវឃាតករចាក់និងកាប់សម្លាប់ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់

ភ្នំពេញ ៖ ប្រទះឃេីញបុរសវ័យចំណាស់ម្នាក់ ត្រូវបានជនដៃដល់ជាឃាតករចាក់និងកាប់សម្លាប់ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣៥នាទីយប់ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែទើបបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៨ ថ្ងៃដដែលនោះ ក្នុងរោងឈើប្រក់ស័ង្ហសី នៅដីចំការមួយកន្លែង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា សពបុរសដែលត្រូវបានគេសម្លាប់នេះ គឺមានឈ្មោះ អាត់ សូត ហៅតា យ៉េត អាយុ ៧០ឆ្នាំ ជាអ្នកចាំដីឱ្យគេ បានបែកបាក់ជាមួយប្រពន្ធមុនយូរឆ្នាំមកហើយ រួចមករស់នៅជាមួយប្រពន្ធក្រោយ ឈ្មោះ យាយ ប៉ៅ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា តាយ៉េត ដែលជាជនរងគ្រោះ និងយាយ ប៉ៅ ដែលជាប្រពន្ធក្រោយនេះ គាត់បានរស់នៅចាំដីឱ្យគេ និងសុំម្ចាស់ដី ដាំឈូកលក់ លុះដល់យប់កើតហេតុ ប្រហែលកណ្តាលអាធ្រាត្រ គឺបានលឺសម្លេងយាយប៉ៅ ស្រែកយំឱ្យគេឯងជួយ ថាប្ដីរបស់គាត់ ត្រូវគេសម្លាប់ទៅហើយ។ ដោយគ្មាននរណាម្នាក់ បានដឹងថាមានរឿងអ្វីនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកចក្ខុ និងកោសល្យវិច័យក្រុង ចុះមកហ៊ុព័ទ្ធទីតាំងកើតហេតុ និងបាននាំខ្លួនយាយប៉ៅ ដែលជាប្រពន្ធក្រោយរបស់ជនរងគ្រោះដែលស្លាប់ ដើម្បីយកទៅធ្វើការសាកសួរផងដែរ បើតាមការពិនិត្យលើសាកសព នគរបាលជំនាញផ្នែកចក្ខុ និងកោសល្យវិច័យក្រុង លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា សពជនរងគ្រោះ គឺមានស្នាមកាប់ចំក ចំឆ្អឹងកងក ផ្នែកខាងស្តាំ១កាំបិត កាប់បញ្ឆិតស្មារឆ្អឹងខ្នង១កាំបិត ចាក់លើឆ្អឹងខ្នង ២កាំបិត និងកាប់ក្បាល១កន្លែងទៀត សរុបទាំងអស់៥កាំបិត ដោយប្រើអាវុធតែមួយ គឺកាំបិត។ ហើយរហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់មុខសញ្ញាជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាន់តែបាន៕ ឆៃហួត និងប៊ុធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner