ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ជំរុញឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ ត្រូវគិតគូរពីការអភិវឌ្ឍ ពង្រឹងសហគមន៍ បង្កើតការបណ្ដុះបណ្ដាលវិស័យកសិកម្ម

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានមានប្រសាសន៍ថា ខេត្តឧត្តរមានជ័យ ជាខេត្តទាក់ទាញវិស័យកសិកម្ម ធ្វើឱ្យប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ និងរក្សាកេរ្តិ៍ឈ្មោះវិស័យកសិកម្ម ដូច្នេះត្រូវគិតគូរពីការអភិវឌ្ឍ ការពង្រឹងសហគមន៍ បង្កើតការបណ្ដុះបណ្ដាល និងត្រូវសិក្សាគម្រោងរយៈខ្លី-វែង ដោយសារខេត្តមួយនេះ ជាខេត្តជាប់ព្រំដែនប្រទេសថៃ ដែលត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ។ ជាមួយគ្នានេះដែរ ឯកត្តម ឡូយ សុផាត ក៏បានសម្តែងនូវការកោតសរសើរថា ក្នុងខេត្តមួយនេះមន្ត្រីសុទ្ធតែមានបទពិសោធន៍ ក្នុងការបំពេញការងារ និងបានកត់សម្គាល់ឃើញថា ខេត្តឧត្តរមានជ័យ ជាខេត្តមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងបានស្នើសុំបន្តថែរក្សាតម្លៃសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ព្រោះជាវិស័យសាធារណៈមានសារៈសំខាន់។

ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ជួបប្រជុំ និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ គណៈកម្មការទី៣នៃរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះ គឺចង់ស្វែងយល់ពីស្ថានភាពភូមិសាស្ត្រទូទៅ ការអនុវត្តច្បាប់នានា ប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់ខេត្ត លទ្ធផលការងារ ការលំបាក បញ្ហាប្រឈម វិធានការដោះស្រាយរបស់ខេត្តដើម្បីរួមគ្នារកដំណោះស្រាយ និងទិសដៅការងារនាពេលខាងមុខ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក្នុងនាមរដ្ឋបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានគណៈកម្មការទី៣នៃរដ្ឋសភា និងប្រតិភូអមដំណើរ ក្នុងបេសកកម្មចុះត្រួតពិនិត្យអំពីវឌ្ឍនភាពលើវិស័យសំខាន់ៗមួយចំនួនក្នុងខេត្តឧត្តរមានជ័យ។ ព្រមទាំងបានរាយការណ៍ជូនគណ:ប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ជាមួយឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក៏បានរាយការណ៍លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធលើវិស័យរបស់គណៈកម្មការទី៣នៃរដ្ឋសភា។

ឯកឧត្ដម ប៉ែន កុសល្យ បានបន្តថា ការងារដែលជាអាទិភាពដែលរដ្ឋបាលខេត្តកំពុងអនុវត្ត គឺការពារ បង្ការ និងទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃជំងឺកូវីដ១៩ បានយ៉ាងមានប្រសិទ្ធភាព លើកកំពស់ខឿនការពារជាតិ ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងបានល្អ ពិសេសការអភិវឌ្ឍតាមព្រំដែន ពង្រឹង និងវិនិយោគនៅតំបន់ច្រកព្រំដែន ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លើកកំពស់វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយកៀងកងក្រុមហ៊ុនវិនិយោគនានាមកវិនិយោគក្នុងខេត្តលើ ដំណាំកៅស៊ូ អំពៅ ល្ហុងខ្វង ស្វាយ ពោត ម្រេច និងដំឡូងមីជាដើម ដែលរួមចំណែកជួយស្វែងរកការងារ ជូនប្រជាពលរដ្ឋកាត់បន្ថយចំណាកស្រុក និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការខិតខំប្រឹងប្រែងកែលម្អនិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈ។

ឯកឧត្ដម ប៉ែន កុសល្យ បានបន្ថែមទៀតថា ការងារអាទិភាពមួយទៀត គឺការរៀបចំកាត់ឆ្វៀលដីចេញពីផែនទីជម្រក ដែកការពារទេសភាព និងគម្របព្រៃឈើ ដើម្បីរដ្ឋបាលខេត្តអាចរៀបចំផែនការប្រើប្រាស់ដី ក៏ដូចជាផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងរស់នៅ កាន់កាប់ និងអាស្រ័យផលជាក់ស្តែងក្នុងតំបន់នោះ ស្របតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យរួចមក នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងប្រឡាយស្រែងទី១ ស្ថិតនៅក្នុងភូមិគោកពង្រ ឃុំជើងទៀន ស្រុកចុងការ ខេត្តឧត្តរមានជ័យផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner