កាន់តែច្បាស់​ហើយ​រឿង​លក់​ដី​អាងទឹក​ដងទង់៖ពាក់ព័ន្ធ​ជាមួយ​នាយក​រដ្ឋបាលខេត្ត​កំពត, លោក ប៉ិល កុសល និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន

​ភ្នំពេញៈប្រជាពលរដ្ឋ​បាន​ទទូច​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពិនិត្យមើល​រឿង​របស់លោក វ៉ិ​ត វ​ឌ្ឍ​នា ជា​នាយក​រដ្ឋបាលខេត្ត​កំពត, លោក ប៉ិល កុសល អភិបាលរង​ខេត្តកំពត និង​ជា​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ដីធ្លី មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ចាប់តាំងពី​ថ្នាក់ភូមិ​ឃុំ​ថ្នាក់ស្រុក ថ្នាក់​មន្ត្រី​ជំនាញ រហូតដល់​ថ្នាក់​ខេត្ត​បាន​ឃុបឃិត​គ្នា​លក់ ទៅ​ឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃ​រាប់លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្ទះល្វែង​លក់​នោះ​។​

​អាងទឹក​ដងទង់ ស្ថិតនៅ​ភូមិ​សុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត ជា​កន្លែង​ស្តុក​ទឹក​ស្រោចស្រប​ស្រែប្រាំង កសិកម្ម និង​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែលមាន​ផ្ទៃដី​ទំហំ​ជាង១២​ហិកតា​។​

​ចំពោះ​លោក​ វ៉ិ​ត វ​ឌ្ឍ​នា ជា​នាយក​រដ្ឋបាលខេត្ត​កំពត ​និង​មន្ត្រី​មួយ​ចំ​នន​កំពុងតែ​ខ្វែងដៃខ្វែងជើង​ដើម្បី​បិទបាំង​រឿងអាស្រូវ របស់ខ្លួន​ខណៈដែល​ការប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​កំពត​ថ្មី​នឹង​ឈានចូល​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹងថា ពួកគាត់​សង្ឃឹមលើ​អភិបាលខេត្ត​កំពត​ថ្មី​ដែល​នឹងត្រូវ​ចូលមក​ជំនួស​ឯកឧត្តម ជាវ តា​យ នឹង​អាច​ដោះស្រាយ​រឿង​មន្ត្រី​មួយចំនួន​ឃុបឃិត​គ្នា​លក់​ដី​អាងទឹក​ដងទង់​ទៅ​ឱ្យ​ក្រុមហ៊ុន សេង សម្បត្តិ​ក្នុងតម្លៃ​រាប់លានដុល្លារ​ដើម្បី​សាងសង់​ផ្ទះល្វែង​លក់​នោះ​។ ជាពិសេស​ពួកគាត់​សង្ឃឹមថា សម្តេច​តេ​ជោ ហ៊ុន សែន​និង​សម្តេច​ក្រឡា ហោម ស ខេង នឹង​ចាត់វិធានការ​លើ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ និង​សើរើ​ករណីនេះ​ឡើងវិញ​។​

​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ថា បើទោះបី​ជាមាន​ភស្តុតាង​រូបថត​លោក​ វ៉ិ​ត វ​ឌ្ឍ​នា ជា​នាយក​រដ្ឋបាលខេត្ត​កំពត បានទទួល​លុយរាប់​ម៉ឺន​ដុល្លារ​ពី​លោក ​សេង សម្បត្តិ ប្រធាន​ក្រុមហ៊ុន សេង សម្បត្តិ យ៉ាងណាក៏ដោយ​ក៏​លោក​ វ៉ិ​ត វ​ឌ្ឍ​នា បាន​អះអាងថា ជា​រូប​កាត់ត មិនមែនជា​រូប​ពិត​នោះទេ​។ ប៉ុន្តែ​នៅពេលដែល​មានការ​ចោទសួរ​ថាបើ​រូបថត​ទទួល​លុយ ពី​លោក ​សេង សម្បត្តិ កាត់ត ចុះ​វីដេ​អូ​នៅពេល​ទទួល​លុយ​នោះ កាត់ត​ដែរឬទេ​? ស្រាប់តែ​ឮ​បែបនេះ លោក ​វ៉ិ​ត វ​ឌ្ឍ​នា ហាក់ដូចជា​ភ័យ​ និង​បាន​ហៅ​អ្នកសារព័ត៌មាន​ឱ្យ​ទៅ​ជួប​ខ្លួន​នៅ​ខេត្តកំពត​ដើម្បី​សម្របសម្រួល​។​

​ចំណែក​លោក​លោក​ សេង សម្បត្តិ ប្រធាន​ក្រុមហ៊ុន សេង សម្បត្តិ​ បាន​ទទួលស្គាល់ថា​ខ្លួន​ពិតជា​បានប្រគល់​លុយ​ជូន លោក​ វ៉ិ​ត វ​ឌ្ឍ​នា ។ លោក​បាន​បញ្ជាក់ថា “… យើង​មក​អភិវឌ្ឍន៍​អីចឹង​ទៅ។ ​យើង​ចេះតែ​ជួយ​ទៅ​។ គ្នា​សុំ​ដំបូង​អី​តិចតួច សុំ​អង្ករ កូ​វីដ​អី​យើង​ជួយ​រហូត​”​។​

​អាងទឹក​ដងទង់ ស្ថិតនៅ​ភូមិ​សុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត ជា​កន្លែង​ស្តុក​ទឹក​ស្រោចស្រប​ស្រែប្រាំង កសិកម្ម និង​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែលមាន​ផ្ទៃដី​ទំហំ​ជាង១២​ហិកតា​ ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ចាប់តាំងពី​ថ្នាក់ភូមិ​ឃុំ​ថ្នាក់ស្រុក ថ្នាក់​មន្ត្រី​ជំនាញ រហូតដល់​ថ្នាក់​ខេត្ត បាន​ឃុបឃិត​គ្នា​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃ​រាប់លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្ទះល្វែង​លក់​នោះ​។​

ឯកឧត្តម​ លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្រុមមន្ត្រី​ទាំងនោះ​ថា សុទ្ធតែ​ពួក​បំផ្លាញ​ជាតិ​។​

​មន្ត្រីជាន់ខ្ពស់​ម្នា​ក់នៅ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា​រឿង​លួច​លក់​ដី​អាងទឹក​ដងទង់ ខេត្តកំពត គឺមាន​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ចាប់តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់​ខេត្ត​ដូច​សម្ល​កំពឹស​ហើយ​នេះ​ជាការ​ភ្លាត់ស្នៀតមួយ​។​

​ប្រភព​ច្បាស់​ការណ៍​បាន​ទម្លាយ​ថា មេ​ចំណែក​ធំ​បែងចែក​លុយ​ពុករលួយ​ពី​ការលក់ «​អាងទឹក​ដងទង់​» ដី​របស់​រដ្ឋ គឺ​លោក ​វ៉ិ​ត វ​ឌ្ឍ​នា ជា​នាយក​រដ្ឋបាលខេត្ត​កំពត បានទទួល​លុយ​សុទ្ធៗ​ពី​លោក សេង សម្បត្តិ ម្ចាស់​ក្រុមហ៊ុន សេង សម្បត្តិ ទើប​បង្កើត​ថ្មី​ដែលជា​ខែល​បាំង​មុខ​រាប់ម៉ឺន​ដុល្លារ​ដើម្បី​យកទៅ​ចែកគ្នា​។ ក្រុម​លោក វ៉ិ​ត វ​ឌ្ឍ​នា បានធ្វើ​របាយការណ៍​ភូតភរ​កុហក​ថ្នាក់ដឹកនាំ​ជាពិសេស​គឺ ក្រសួងមហាផ្ទៃ​ថា​ទីនោះ​គ្មាន​អាងទឹក​នោះ​មានដូចជា​លោក ប៉ិល កុសល អភិបាលរង​ខេត្តកំពត និង​ជា​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ដីធ្លី​។ លោក ដា​ញ់ សារី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​។ លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​។ លោក ស៊ីវ ផេង អភិបាល ស្រុក​ដងទង់​។ លោក កែវ គឹម មេឃុំ​ស្រែ​ជា​ខាងជើង និង​លោក តិ​ល រិ​ន មេភូមិ​សុ​ភី​។ ពួកគាត់​ទាំងនោះ​សុទ្ធតែ​បានទទួល​កញ្ចប់​លុយ​ពី​លោក សេង សម្បត្តិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​រៀងៗ​ខ្លួន​។​

​សូមជម្រាបថា អាងទឹក​ដងទង់ ដែលជា​សម្បត្តិ​រដ្ឋ​មានតម្លៃ​រាប់លាន​ដុល្លារ​ត្រូវ​ក្រុមហ៊ុន សេង សម្បត្តិ ចាក់ដី​លុប​កាលពី ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ កន្លងទៅ​បានជា​ស្ថាពរ​ដោយ​បើក​លក់​គម្រោង​ខ្យល់ បុរី​ដង​ទង​ធម្មជាតិ​ដោយ​គ្មាន ច្បាប់​អនុញ្ញាត​។​ក្រុមហ៊ុន​សេង​សម្បត្តិ​បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្ងាត់ៗ​គ្រប​លើដី​អាស្រ័យ​ផល​ពលរដ្ឋ​ចំនួន​២៩​គ្រួសារ​ដោយ​ក្នុង នោះ​មាន​១៩​គ្រួសារ​យល់ព្រម​លក់​ឱ្យ​ឈ្មួញកណ្តាល ណែម សារឿន តែ​មិនទាន់​ទទួលបាន​លុយ​គ្រប់​ចំនួន ទេ​។ ប៉ុន្តែ​ករណីនេះ​បែរជា​ធ្លាយ​មាន​លិខិត​របស់លោក តិ​ល រិ​ន មេភូមិ​សុ​ភី​តំណាង​ប្រជាពលរដ្ឋ​៣០​គ្រួសារ​លក់​ដី​ផ្តាច់ ឱ្យ​លោកស្រី សុខ ហ្គិ​ច លោកស្រី ចាន់ ស្រី​ឡែ​ន និង​លោក សេង សម្បត្តិ ទៅវិញ ? តើ​ដី​មួយកន្លែង​អាច​លក់បាន​បួន ដង​មែន​ទេ ? ហើយ​ការលក់​ដី​នោះ​ស្របតាម​ច្បាប់​រដ្ឋ​ដែរឬទេ ? មូលហេតុ​អ្វីខ្លះ​និង​ឯកសារ អ្វីខ្លះ​ទើប​មេឃុំ កែវ គឹម ហ៊ាន​បោះត្រា​ទទួលស្គាល់​ការលក់ដូរ​ដី​កំពុងតែ​មានរឿង​ទំនាស់ ?​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ដងទង់​មាន​ចម្ងល់​ថា​ឈ្មួញ​ទិញ​ដី​តែ​១៩​គ្រួសារ​មាន​ផ្ទៃដី​សរុប​ប្រហែល​៩​ហិកតា​សោះ​ហេតុអ្វី​ក្រុមហ៊ុន​ទៅ​ចាក់ដី​លុប​ផ្ទៃ​អាងទឹក​ទាំងមូល រហូតដល់​ជាង​១២​ហិកតា​ទៅវិញ ? តើ អាងទឹក​ដងទង់ នរណា​ខ្លះ​ជា​អ្នក​លួច​លក់​ឱ្យ​ឈ្មួញ សេង សម្បត្តិ ? តើន​រណា​ចេញ​ច្បាប់​ឱ្យ​ចាក់ដី​សាងសង់​លក់​បុរី​ខ្យល់ ? ហេតុអ្វី​ឈ្មួញ​ដឹក​ដី​ចាក់​លុប​អាងទឹក​កក្រើក ស្រុក​ដង ទង់ អាជ្ញាធរ​មិនមាន​វិធានការ ? នេះ​ជា​សំណួរ​គ្មាន​ចម្លើយ​។​

​រឿង​មន្ត្រី​ពាក់ព័ន្ធ​លួច​លក់ អាងទឹក​ដងទង់ នេះ​ធ្វើឱ្យប៉ះពាល់​ដី​អាស្រ័យ​ផល​របស់​ពលរដ្ឋ​យ៉ាងតិច​២៩​គ្រួសារ នេះ​មិនទាន់​រាប់បញ្ចូល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​បារម្ភ​ពី​ទឹកជំនន់​លិច​ភូមិ​ដោយ​គ្មាន​កន្លែង​ដោះ​ទឹក​នោះ​។ ក្រុមមន្ត្រី​ទាំងនោះ​បាននាំគ្នា​និយាយ​បិទបាំង​ការពិត និង​ធ្វើ​របាយការណ៍​ភូតកុហក​ថ្នាក់ដឹកនាំ​ខែត្រ និង​ក្រសួង ថា កន្លែង អាងទឹក​ដងទង់ ជា​ដីស្រែ​គឺ​ដើម្បី​តែ​ផលប្រយោជន៍​បក្ខពួក​ពុករលួយ​។

​សាក្សី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ជា​អតីតមន្ត្រី​បម្រើ​ការងារ​ជាមួយ​លោក ហៃ សូន អតីត​អភិបាល ស្រុក​ដងទង់ លើកឡើងថា កាលពី​អំឡុង ឆ្នាំ​១៩៨៦ កើត​ស្រុក​ដងទង់ ថ្មី​លោក ហៃ សូន បាន​បញ្ជា​ឱ្យ​មេឃុំ​កែន​ប្រមូល​ប្រជាជន​មក ជីក​ទំនប់​ដើម្បី​ទប់ទឹក​សម្រាប់​អ្នកស្រុក​ប្រើប្រាស់​។ ពីព្រោះ​តំបន់​នោះ​ជា​កន្លែង​ខ្សត់​ទឹក​ប្រើប្រាស់​គ្មាន​ប្រភពទឹក​ហូរ​ឆ្លង កាត់ ហើយក៍​ជា​កន្លែង​លេនដ្ឋាន​នៃ​ភូមិសាស្ត្រ​ការពារ​ស្រុក​ផងដែរ​។​

​ការខិតខំ​បកស្រាយ​បង្វែងដាន​យក​ត្រូវ​ពី​សំណាក់​លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខែត្រ បាន​លើកឡើងថា​អាងទឹក​ដងទង់​ពុំមាន​សំណង់​ដោះ​ទឹក​ទេ​ដំបូង​ឡើយ​។​នៅ​កន្លែង​ផ្ទៃ​អាង​ដែលមាន​ទឹក​ដក់​ជ្រៅ​នោះ​បើតាម​លោក​ធ្លាប់​វាស់វែង​កន្លងមក​តាម​ប្រព័ន្ធ​ហ្គូ​ហ្គ​ល​មាន​ទំហំ​ប្រហែល​ជាង​២​ហិកតា​តែប៉ុណ្ណោះ​។​អាងទឹក​នេះ​ពុំមាន​ចារឹក​លក្ខណៈ​ជា​ប្រព័ន្ធធារាសាស្ត្រ​ទេ​ព្រោះ វា​មាន​ទំហំ​តូច​។​

​លោក​ប្រធាន​មន្ទីរ​ក៏​មិនបាន​ជូនដំណឹង​ទៅ ក្រសួង​ធនធានទឹក អំពី​ការចុះបញ្ជី​ដី​អាង​ទឹកជា​សម្បត្តិ​រដ្ឋ​នោះដែរ​កន្លង មក​។ ប៉ុន្តែ​កាល មន្ទីរ​សុរិយោដី ខែត្រ​កំពត បាន​ចុះ​វាស់វែង​ដីធ្លី​ឱ្យ​ពលរដ្ឋ​នៅ​ម្ដុំ​នោះ​ក៍​ចង់ ចុះបញ្ជី​ដី អាងទឹក​ដងទង់ ជា​សម្បត្តិ​រដ្ឋ​។ ប៉ុន្តែ​មាន​ប្រជាជន​មិន​ព្រម​ហើយ​ខាង​អាជ្ញាធរ​ក៍បាន​ចុះបញ្ជី​ដី​នេះ​ថា «​ដី​គ្មាន​ទិន្នន័យ​» នោះ​ទៅ​…​។​
​ត្រង់ចំណុច​ដែល​គេ​ថា «​ដី​គ្មាន​ទិន្នន័យ​» នេះហើយ​ទើប​ធ្វើឱ្យ​ពួក​មន្ត្រី​ខិលខូច​ទាំងនោះ​លួច​លក់​ដី​រដ្ឋ «​អាង ទឹក​ដងទង់​» បាន​ដោយ​ជោគជ័យ​។

​លោក​ វ៉ិ​ត វ​ឌ្ឍ​នា នាយក​រដ្ឋបាល​ខេត្តកំពត មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចូល​គ្រាន់តែ​ឮថា​អ្នកកាសែត​ចុច បិទ​តែម្តង បើទោះបីជា​ព្យាយាម​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ក៏​លែង​លើក​ទូរស័ព្ទ​។​

​ចំណែក​លោក ប៉ិល កុសល អភិបាលរង​ខេត្តកំពត និង​ជា​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ដីធ្លី​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ឲ្យ​សួរ​ទៅ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​។​

​ទាក់ទង​ការចោទប្រកាន់​មន្ត្រី​ខេត្តកំពត​មួយចំនួន​ឃុបឃិត​គ្នា​លក់​អាងទឹក​ដងទង់​ត្រូវ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពត បានបញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែកញ្ញា​នេះ​ថា​“​ខ្ញុំ​ទទួល​ព័ត៌មាន​នឹងមិន​ច្បាស់លាស់​ទេ​គ្រាន់តែ​ក្នុងនាម​ជា​អភិបាលរង​ទទួលបន្ទុក​ព័ត៌មាន​ដឹង​តែ​ពី​រឿង​អ្វី​ដែលជា​ការពិត យើង​និយាយ​ការពិត តែ​មិនដឹង​រឿង​យើង​មិនអាច​និយាយ​បានទេ រឿង​នឹង​ពិត​ឬ​មិន​ពិត​យ៉ាងម៉េច​យើង​មិនដឹង​”​។​

​រីឯ​ឯកឧត្តម​ ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ពាក់ព័ន្ធ​រឿងនេះ សំណើ​របស់​ប្រជាពលរដ្ឋ១៨​គ្រួសារ ដែល​ក្នុងនោះ​មាន ៣០​នាក់ ដែល​ស្នើសុំ​ប័ណ្ណកម្មសិទ្ធិ ហើយ​សំណើ​នេះ​តាំងពី​ឆ្នាំ​២០២០ ហើយ​ត្រង់​ថា​ប្រជាពលរដ្ឋ លក់​បន្តទៅ​ឲ្យ​ក្រុម​យ៉ាងម៉េច​គឺជា​សិទ្ធិ​របស់គាត់​ប៉ុន្តែ​រដ្ឋបាល​និង​រដ្ឋអំណាច​ធ្វើតាម​នីតិវិធី​មិនអាច​ធ្វើ​ខុស​នីតិវិធី​បានទេ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា “​ការចោទប្រកាន់​ណាមួយ​ជាការ​លើកឡើង​រប​ស់បុ​គ្គល​។ ​ធម្មតា​ការអភិវឌ្ឍ​ត្រូវតែមាន​ច្បាប់​មាន ទម្លាប់​។ ប៉ុន្តែ​ជួនកាល​អាចធ្វើ​មុន​ច្បាប់​តិចតួច ហើយ​ច្បាប់​ធ្វើតាម​ក្រោយ​សម្របសម្រួល​អ៊ីចឹ​ង​។ ​វា​មានអ៊ី​ចឹ​ង​ដែរ​ហើយ ដំណោះស្រាយ​នឹង​វា​នឹង​ចប់​នៅពេល​ខាងមុខ​។ មាន​ប្រជាពលរដ្ឋ​បួន​គ្រួសារ​ចេះតែ​ទាមទារ​ថា​ខ្លួន​មាន​ដី​នៅ​ទីតាំង​នឹង បាន​គាត់​ចេះតែ​លើក​ពីនេះ​ពី​នោះ​ចឹ​ង​ទៅ​”៕
ដោយៈពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner