កងយោធពលខេមរភូមិន្ទនឹងចាក់វ៉ាក់សាំង ដូសជំរុញកូវីដ-១៩ ជូនកម្មករនិយោជិតចាប់ពីថ្ងៃទី១១ ខែតុលា តទៅ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែ តុលាឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីការកងយោធពលខេមរភូមិន្ទនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង ដូសជំរុញកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយឥតគិតថ្លៃ។
បើតាមក្រសួងការងារបានបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ដូចជារក្សាបាននូវស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម និងសុខភាពរបស់កម្មករនិយោជិត នៅតាមរោងចក សហគ្រាស ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តទៅ កងយោធពលខេមរភូមិន្ទនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង ដូសជំរុញកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយឥតគិតថ្លៃ។
ជាមួយគ្នានេះក្រសួងការងារបញ្ជាក់បានបញ្ជាក់ដែរថាដើម្បីចូលរួមក្នុងយុទ្ធនាការដែលជាផលប្រយោជន៍របស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នេះ ក្រសួងស្នើម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមាន ប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។
ក្រសួងសង្ឃឹមជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ៕ដោយ៖ម៉ាដេប៉ូ
