ជិះកង់ និងដាំដើមឈើនៅអង្គរ ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌ស៊ាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា កាលពីព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២១ រៀបចំកម្មវិធីជិះកង់ និងដាំដើមឈើជាង ១ពាន់ដើម នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន។ ពិធីនេះ ធ្វើឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រទេសកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្ប:។
ឯកឧត្ដម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្មវិធីជិះកង់ និងដាំដើមឈើនៅរមណីយដ្ឋានអង្គរ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ រៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និង ASEAN ២០២២ កាលពីថ្ងៃទី០៩ កញ្ញាឆ្នាំ២០២១ ក្រោមវត្តមានលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា។ ក្នុងពេលនោះលោកជំទាវ បានជ្រើសរើសយកខេត្តសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន” Siem Reap ASEAN City of Culture” សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ ឯកឧត្ដមបន្ដថា ការជ្រើសរើសទីក្រុងសៀមរាបជាទី «ក្រុងវប្បធម៌អាស៊ាន» សម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ២០២២ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានី នៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ក៏ធ្វើឡើងដើម្បីឱ្យសមាជិកប្រទេសអាស៊ាន ចូលទៅសិក្សាស្វែងយល់ពីវប្បធម៌របស់ប្រទេសកម្ពុជា ប៉ុន្ដែដោយសារពិភពលោកជួបបញ្ហាជំងឺកូវីដ-១៩ ក្រុមសមាជិកប្រទេសអាស៊ាន ត្រូវបានផ្អាករាល់ការជួបប្រជុំគ្នា សិក្សាស្វែងយល់ពីបញ្ហាវប្បធម៌នេះ។ឯកឧត្ដមបានបន្ដថា ពិធីនេះ គ្រោងធ្វើតាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១មកម្ល៉េះ ដោយសារបញ្ជហាជំងឺកូវីដ-១៩ ទើបបានលើកមកធ្វើនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះវិញ ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ។ ជាមួយគ្នានោះ ការដាំដើឈើ និងជិះកង់នាពេលនេះ ក្រុមសមាជិកវប្បធម៌ និងសិល្ប:អាស៊ានទាំង ១០ប្រទេស មិនបានទៅចូលរួមដាំដោយផ្ទាល់នោះទេ គឺមានតំណាងបណ្តាស្ថានទូត នៃប្រទេសសមាជិកអាស៊ាននីមួយៗចូលរួម ហើយក្នុងក៏មានតំណាងស្ថានទូតជប៉ុន និងកូរ៉េខាងត្បូងចូលរួមផងដែរ។
សូមជ្រាបថា ការដាំដើមឈើនេះ ធ្វើឡើងនៅផ្នែកខាងលិច នៃប្រាសាទអង្គរវត្ត ដោយមានដើមឈើប្រណិតៗជាង ១ពាន់ដើមដាំរួមគ្នា។ដោយឡែកការជិះកង់ ត្រូវបានចាប់ផ្ដើមឡើង ចេញពីចំណុចខាងមុខប្រាសាទអង្គរវត្ដ ឆ្ពោះទៅប្រាសាទអង្គរធំ និងកាត់តាមផ្លូវវង្សធំ និងប្រាសាទបុរាណជាច្រើនទៀត ក្នុងរមណីយដ្ឋានអង្គរ ហើយបានបញ្ចប់រួមគ្នានៅប្រាសាទស្រះស្រង់ ស្ថិតក្នុងសង្កាត់នគរធំក្នុងរមណីយដ្ឋានអង្គរ នាថ្ងៃដដែល៕ ប្រភពៈមន្ទីរព័ត៌មានខេត្តសៀមរាប