ឯកឧត្តមប្រាក់ សុខុននឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាង ទំនុក ចិត្ត នៅអាស៊ី (CICA)

តបតាមការអញ្ជើញរបស់ ឯកឧត្តម មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាង ទំនុក ចិត្ត នៅអាស៊ី (CICA) លើកទី៦ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ក្រោមមូលបទ «សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី ក្នុងតថភាព ថ្មី នៃ ពិភពលោកក្រោយការរីករាលដាលនៃជំងឺរាតត្បាត» កិច្ចប្រជុំ នឹងផ្តល់ឱកាសសម្រាប់អ្នកចូលរួម ទាំងអស់ផ្លាស់ប្តូរយោបល់គ្នាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ CICA ជាពិសេស ការ ស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

នៅក្នុងបទអន្តរាគមន៍ ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើការកោតសរសើរចំពោះដំណើរការ របស់កិច្ចសហប្រតិបត្តិការ CICA ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។ ឯកឧត្តម អាចនឹងលើកឡើងផងដែរអំពីជំងឺកូវីដ-១៩ និងផលប៉ះពាល់មកលើសន្តិភាព និងវិបុលភាពរបស់ពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិ។ ឯកឧត្តម ក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដប្រជា ដល់កិច្ចប្រជុំផងដែរ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា របស់ ឯកឧត្តម ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំ បញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ CICA ព្រមទាំងនឹងជួយពង្រឹង និង ពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner