ពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីអន្ដរជាតិ មួយរវាងសាលាវិស្វកម្មធំចំនួនពីរគឺ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និង ECAM LaSalle នៃប្រទេសបារាំង

រាជធានី ភ្នំពេញ៖ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីអន្ដរជាតិមួយ រវាងសាលាវិស្វកម្មធំចំនួនពីរគឺ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និង ECAM LaSalle នៃប្រទេសបារាំង ដោយមានការចូលរួមផងដែរពីលោក Étienne Fabrice ទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងលោក Didier DESPLANCHE អគ្គនាយកនៃសាលាវិស្វកម្ម ECAM LaSalle និងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លើសពីនេះក៏មានវត្តមានតំណាងក្រុមហ៊ុនឯកជនសំខាន់ៗមួយចំនួនផងដែរដូចជា៖ Legrand, Confluences, Seco Power, BDB Engineering, Comin Khmere, EuroCham, CCI France Cambodge។ល។

ECAM Engineering គឺជាកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង សម្រាប់រយះពេល៥ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែចំពោះកិច្ចសហការកម្មវិធីនេះជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រយៈពេលនៃការបណ្តុះបណ្តាលមានរយះពេល៦ឆ្នាំ ដើមី្បឱ្យស្របតាមបទដ្ឋានគុណវុឌ្ឍជាតិ ។ កម្មវិធីនេះមានឯកទេសវិស្វកម្មចំនួន៥ ប៉ុន្តែសម្រាប់ការចាប់ផ្តើមសហការដំបូង កម្មវិធីបណ្តុះបណ្តាលមានតែ២ជំនាញធំៗគឺ វិស្វកម្មឧស្សាហកម្ម និងមេកាត្រូនិក (ប្រព័ន្ធបញ្ជា)។

សម្រាប់វគ្គដំបូងដែលចាប់ផ្តើមនៅថ្ងៃទី១១ ខែតុលាឆ្នាំ ២០២១ យើងមាននិសិ្សតចំនួន១៦ នាក់ក្នុងនោះ មាន១២នាក់ជាជនជាតិខ្មែរ និង៤នាក់មកពីបរទេស។ នៅពេលបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានសញ្ញាបត្រពីរ មួយពីសាលាតិចណូ និងមួយទៀតពី ECAM LaSalle។

គួររំលឹកផងដែរថាគោលដៅចម្បងនៃការបណ្តុះបណ្តាលនេះគឺផលិតកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើមី្បឱ្យពួកគាត់អាចមានឪកាសការងារ មិនត្រឹកតែនៅក្នុងប្រទេសកម្ពុជា តែថែមទាំងនៅបរទេសផងដែរ ជាពិសេសក្នុងសករាជបដិវត្តន៍ឧស្សាហកម្ម៤.០។ យើងពិតជាមានសុទិដ្ឋិនិយមថា ធនធានមនុស្សទាំងនេះពិតជាកំលាំងចលករយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពស្របតាមគោលនយោបាយចតុកោណយុទ្ធសាស្ត្រដំណាក់កាលទី៤ ដែលអាចនឹងនាំព្រះរាជាណាចក្រទៅជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner