ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ រំលឹកខួបអនុស្សារីយ៍លើកទី៦០ នៃសន្និសីទលើកដំបូងរបស់បណ្តាប្រទេសមិនចូលបក្សម្ព័ន្ធនៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

តាងនាមឱ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុច បូរិទ្ធ បាន សម្តែងនូវក្តីអំណរសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អ៊ីហាម អាលីយែវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធ (NAM) និងឯកឧត្តម អាឡិចសាន់ដឺ វូឈីគ (Aleksandar Vučić) ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី ដែលបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃចលនា មិន ចូលបក្សសម្ព័ន្ធ នេះ។ នឹង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែប៊ី ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅដែលបានផ្តល់ជូនដល់គណៈប្រតិភូកម្ពុជា យើងខ្ញុំ។

ឱកាសនេះគឺជាពេលវេលាដ៏ថ្លៃថ្លាណាស់ ដែលយើងទាំងអស់គ្នាចូលរួមឆ្លុះបញ្ចាំងពីបុព្វហេតុដ៏ឧត្តុង្គឧត្តម ដែលយើងបានបន្តអស់រយៈពេល ៦០ឆ្នាំមកនេះ និងផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមិទ្ធផលរួមរបស់យើង។
កាលពី៦០ឆ្នាំមុន ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវបានបង្កើតឡើង និងគាំទ្រដោយបណ្តាប្រទេសក្រោយសម័យអាណានិគមនិងក្រោយជម្លោះ ដែលស្រែកឃ្លានឯករាជ្យភាពពិតប្រាកដ អធិបតេយ្យភាព បូរណភាពទឹកដី និង សិទ្ធិ ស្វ័ យស ម្រេចស្តីពីមាគ៌ាអភិវឌ្ឍន៍សមស្របតាមបរិបទនៃប្រទេសជាតិនីមួយៗ។ ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជាជំរើសមួយក្នុងការប្រឆាំងនឹងការបែកបាក់ នៃការបែងចែកភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជាដែលកើតចេញពីសង្គ្រាមត្រជាក់ ហើយនេះជាបាតុភូតមួយដែលរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ បានចាត់ទុកថាមិនមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាមិនគាំទ្រដល់ពហុភាគីនិយមដែលជា ស្នូលនៃអង្គការសហប្រជាជាតិ។

ដោយកត់សម្គាល់ឃើញថា យើងបានធ្វើតាមការរំពឹងទុករបស់បិតាស្ថាបនិក ក្នុងការបំភ្លឺគោលការណ៍និងទិសដៅស្នូលរបស់ចលនាមិនចូលបក្សសម្ព័ន្ឋ ក្នុងការស្វែងរកសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព និងការតស៊ូប្រឆាំងនឹងចក្រពត្តិនិយម អាណានិគមនិយមបែបថ្មី ការរើសអើងជាតិសាសន៍ និងគ្រប់ទម្រង់នៃការឈ្លានពានបរទេស ការកាន់កាប់ ការត្រួតត្រា ការជ្រៀតជ្រែក ឬអនុត្តរភាព។

ដោយឈរយ៉ាងរឹងមាំរួមគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដោយខុសច្បាប់ ជាឯកតោភាគី ក្រៅប្រព័ន្ធតុលាការ និងការដាក់ទណ្ឌកម្មក្រៅប្រព័ន្ឋសមត្ថកិច្ចរបស់ខ្លួន។ ជាអកុសល បញ្ហាប្រឈមដែលយើងបានជួបប្រទះកាលពី៦០ឆ្នាំមុន នៅតែបន្តទាក់ទិនមកដល់បច្ចុប្បន្ន ដោយសារតែការប្រកួតប្រជែងរវាងមហាអំណាចកំពុងឡើងកំដៅ ហើយការបែកខ្ញែកសណ្តាប់ធ្នាប់ពិភពលោកកំពុងក្លាយជាការពិត។ ការបែងចែកជាតិសាសន៍ និងការបង្កើតសម្ព័ន្ធមិត្តចេញមកពីរបៀបវារៈភូមិសាស្ត្រនយោបាយ បានធ្វើឱ្យមានសង្គ្រាមបច្ចេកវិទ្យា ពាណិជ្ជកម្ម និងវិស័យលំហសាយប័រ (Cyberspace) និងបានធ្វើឱ្យមានការរើសអើងវ៉ាក់សាំង ដែលបានរឹតត្បិតដល់ការចល័តប្រជាជន ទោះបីវ៉ាក់សាំងអស់ទាំងនោះត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ។

យើងក៏បានឃើញការអនុវត្តន៍បែបជ្រើសរើស (selective application) និងការបកស្រាយអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីបម្រើរបៀបវារៈនយោបាយ និងគោលបំណងត្រួតត្រា ដោយពុំបានគិតគូរពីភាពបរិសុទ្ធនៃសន្តិភាព ស្ថិរភាព និងឆន្ទៈរបស់ប្រជាជនក្នុងតំបន់។
ជាថ្មីម្តងទៀតចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវតែមានការប្តេជ្ញាចិត្តក្នុងការបរិហារនយោបាយរើសអើង និងការបែងចែកជាតិសាសន៍ ដែលប្រឆាំងនឹងគោលការណ៍ និងគោលបំណងរបស់យើងដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

វាគឺជាការពិតដែលថា ទោះបីជាមានការតាំងចិត្ត និងការតស៊ូយ៉ាងខ្លាំងក្លាពីបងប្អូនប្រុសស្រីរបស់យើង រដ្ឋសមាជិកយើងខ្លះបានទទួលរងគ្រោះដោយសារការជ្រៀតជ្រែកពីបរទេស សង្គ្រាមដើម្បីផលប្រយោជន៍ប្រទេសមហាអំណាច(proxy war) ការផ្លាស់ប្តូររបប សង្គ្រាមស៊ីវិល និងសង្គ្រាមជនជាតិភាគតិច ។ ហេតុការណ៍អស់ទាំងអស់នេះវាហួសពីសមត្ថភាពរបស់យើងនៅក្នុងការគ្រប់គ្រងវាសនា និងការពារខ្លួនរបស់យើង។ ជាអកុសល សន្តិភាពនៅតែជាសុបិនដែលមិនអាចសម្រេចបានសម្រាប់ប្រទេសជាច្រើន។

ជាការពិតណាស់ សន្តិភាពអាចត្រូវបានចរចាដោយជោគជ័យ ប៉ុន្តែវាមិនអាចត្រូវបានកំណត់ដោយតួអង្គខាងក្រៅ ហើយការកសាងរដ្ឋក៏មិនអាចនាំចូល ឬនាំចេញបាននោះទេ។

ដូចសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ជាច្រើនទៀតដែរ កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។ កម្ពុជាបានធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយ ហើយតាមបទពិសោធន៍របស់យើងខ្ញុំ សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្តុងឧត្តមបំផុត ដែលយើងខ្ញុំខឹតខំការពារ និងតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា «បដិវត្តន៍ពណ៌» ដកហូតសិទ្ធិកំណត់ជោគវាសនាខ្លួនឯង របស់យើងខ្ញុំ ។ ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការបញ្ចប់ការបង្ហូរឈាម និងការសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃយើង ក្នុងឆ្នាំ ១៩៩៨។
ក្នុងនាមជារដ្ឋក្រោយអាណានិគម និងក្រោយសង្រ្គាម ជាមួយនឹងជំនួយដ៏ថ្លៃថ្លា និងទាន់ពេលវេលារបស់បណ្តាប្រទេសជាមិត្ត កម្ពុជាបានខិតខំតស៊ូស្ដារប្រទេសជាតិឡើងវិញពីបាតដៃទទេ និងកសាងសន្ដិភាព ។ បច្ចុប្បន្ន ទោះបីជាសមត្ថភាពរបស់កម្ពុជានៅមានកម្រិតយ៉ាងណាក្តី ក៏កម្ពុជាបានចូលរួមចែករំលែកបទពិសោធន៍ ដោយទឹកចិត្តមនុស្សធម៌ កសាង និងការពារសន្តិភាព នៅក្នុងពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

វីរជនទ័ពមួកខៀវខ្លះបានពលីជិវិត របស់ខ្លួន ហើយមួយចំនួនទៀតបានបាត់បង់ជីវិតដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្ដែកត្តាអស់ទាំងនេះ មិនបានកាត់បន្ថយការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកជាមួយអន្ដរជាតិ ទៅកាន់សន្ដិភាពពិភពលោកនោះទេ ហើយកងទ័ពរបស់កម្ពុជា នៅតែបន្តចល័តជាប្រចាំ ក្នុងការគាំទ្រដល់ប្រតិបត្តិការរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។

នៅពេលជំងឺរាតត្បាតកូវីដ-១៩ កំពុងផ្ទុះឡើង ជាភ័ព្វសំណាងល្អ ដែលកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានលទ្ធភាពចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាយើងខ្ញុំ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្រចំពោះកម្ពុជា ពីបណ្តាប្រទេសជាមិត្តជុំវិញពិភពលោក ដោយឈលើស្មារតីប្រាកដនិយម «វ៉ាក់សាំងពហុនិយម»។ គិតត្រឹមថ្ងៃទី១០ ខែតុលា កម្ពុជា បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បាន ៨៤ភាគរយ ជូនដល់ប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ រួមទាំងកម្ពុជាផងដែរ ត្រូវតែប្រកាន់ជំហរគាំទ្រពហុភាគីនិយម នៅពេលដែលយើងទាំងអស់គ្នាកំពុងខិតខំស្វែងរកដំណោះស្រាយបញ្ហាប្រឈមរួម ព្រោះយើងបានដឹងហើយថា ពុំមានប្រទេសណាមួយ អាចដោះស្រាយបញ្ហាទាំងនេះតែឯកឯងបានទេ។

ជាផ្នែកមួយនៃពិភពលោក កម្ពុជាមានមោទនភាពដែលបានក្លាយជាមជ្ឈមណ្ឌលរួមមួយ សម្រាប់ពហុភាគីនិយមដ៏មានសក្តានុពលបំផុត ដោយកម្ពុជាកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី១៣ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM13) តាមបែបនិម្មិត នៅខែវិច្ឆិកាខាងមុននេះ និងត្រៀមទទួលធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងខិតខំលើកកម្ពស់វិធីសាស្រ្ដតំរង់ទិស ក្នុងការដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងការគាំទ្រ និងសាមគ្គីភាពដ៏រឹងមាំនៃរដ្ឋសមាជិកអាស៊ាន និងភាគីដៃគូខាងក្រៅនានា កម្ពុជានឹងព្យាយាមធានាឱ្យបាននូវភាពច្បាស់លាស់នៃផលប្រយោជន៍សម្រាប់ប្រជាជននៅទូទាំងតំបន់ ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ខ្ញុំសូមសរុបដោយរំលឹកឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះគោលការណ៍ទីក្រុងបានឌុង ដែលបានប្រកាសនៅឆ្នាំ១៩៥៥ ស្ដីពីការរួបរួមគ្នាក្នុងសកម្មភាពដែលផ្អែកលើពហុភាគីនិយម ក្នុងការស្វែងរកសន្ដិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង សម្រាប់ពិភពលោកទាំងមូល។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner