សម្ដេចតេជោ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៉ីណូវ៉ាក់ (Sinovac) ២លានដូស ដែលជាជំនួយចិនបានមកដល់កម្ពុជាទៀតហើយ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន ២លានដូសទៀតហើយ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោ បានបន្តថា ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស ហើយមកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក។

គិតត្រឹមថ្ងៃទី១៣ ខែតុលា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនជាង ១៣.៥លាននាក់ហើយ ស្មើនឹងប្រមាណ ៨៤.៦៦ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ ក្នុងនោះអ្នកចាក់បានទាំងពីរដូស មានចំនួនជាង ១២លាននាក់ ហើយអ្នកចាក់ដូសទី៣ ឬដូសជំរុញ បានជាង ១លាននាក់៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner