វិបត្តិថាមពលរបស់ចិនបង្ហាញចំណុចទន់ខ្សោយយុទ្ធសាស្ត្រ
វិបត្តិកង្វះថាមពលអគ្គិសនីនៅប្រទេសចិន ចាប់ផ្ដើមកាលពីខែមុន គឺកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្វាក់ផលិតកកម្មតាមរោងចក្រ និងសិប្បកម្មនានា ហើយវាកំពុងសាកល្បងកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះជាអ្នកផលិតផលិតផលនានាអាចជឿទុកចិត្តបានជាងគេក្នុងពិភពលោក។
អ្នកវិភាគមួយចំនួនបាននិយាយថាតម្លៃធ្យូងថ្មខ្ពស់ ការកើនឡើងតម្រូវការបន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ និងគោលនយោបាយថាមពលដែលមានមានលក្ខណៈផ្ទុយគ្នា បានរួមចំណែកដល់ការខ្វះខាត។
កាលពីថ្ងៃពុធនេះ ភាពធ្ងន់ធ្ងរនៃវិបត្តិនេះបានបង្ខំឱ្យអាជ្ញាធរប្រកាសវិធានការប្រញាប់ប្រញាល់បង្កើនការជីក និងដុតរ៉ែធ្យូងថ្មនៅទូទាំងប្រទេស បើទោះបីជាមានការសន្យាកន្លងមក ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នដែលបណ្ដាលឱ្យមានការប្រែប្រួលអាកាសធាតុក៏ដោយ។
អណ្ដូងរ៉ែដែលត្រូវបានបិទដោយគ្មានការអនុញ្ញាតត្រូវបានបញ្ជាឱ្យបើកឡើងវិញ។ អណ្តូងរ៉ែផលិតធ្យូងថ្ម និងរោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលត្រូវបានបិទសម្រាប់ការជួសជុលក៏នឹងត្រូវបើកឡើងវិញដែរ។ ការលើកទឹកចិត្តខាងពន្ធកំពុងត្រូវបានព្រាងសម្រាប់រោងចក្រថាមពលដើរដោយធ្យូងថ្ម។ និយតករបានបញ្ជាឱ្យធនាគារចិនផ្ដល់ប្រាក់កម្ចីច្រើនដល់វិស័យធ្យូងថ្ម។ រដ្ឋបាលមូលដ្ឋានត្រូវបានគេព្រមានឱ្យប្រយ័ត្នប្រយែងបន្ថែមទៀតអំពីដែនកំណត់នៃការប្រើប្រាស់ថាមពលដែលត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ។
ទិន្នន័យគយចេញផ្សាយកាលពីថ្ងៃពុធ បង្ហាញថាប្រទេសចិនបាននាំចូលធ្យូងថ្មចំនួន ៣២,៩ លានតោននៅក្នុងខែកញ្ញា ពោលគឺកើនជាង ៧៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈពេលដែលការនាំចូលឧស្ម័នធម្មជាតិបានកើនដល់១០,៦ លានតោន ដែលជាការកើនឡើង ២៣ ភាគរយក្នុងកំឡុងពេលដដែល។
«យើងនឹងខិតខំប្រឹងប្រែងដើម្បីបង្កើនការផលិត និងការផ្គត់ផ្គង់ធ្យូងថ្ម» លោកចាវ ចេនស៊ីន អគ្គលេខាធិការនៃគណៈកម្មការអភិវឌ្ឍ និងកំណែទម្រង់ជាតិ ដែលជាទីភ្នាក់ងាររៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បាននិយាយបែបនេះ។
កង្វះអគ្គិសនីរបស់ចិនអាចចោទជាសំណួរថាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះតើទីក្រុងប៉េកាំងអាចផ្ដល់នូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំដែលប្រជាជនចិនបានរំពឹងទុក។
ការដាច់ចរន្តអគ្គិសនី ក៏បានបង្ហាញពីចំណុចខ្សោយយុទ្ធសាស្ត្រមួយរបស់ចិនផងដែរ។ ឥឡូវនេះប្រទេសចិនមានតម្រូវការអគ្គីសនាដ៏ធំ ដែលពីមួយឆ្នាំទៅមួយឆ្នាំកាន់តែត្រូវការច្រើនជាងមុន។ បន្ថែមពីលើនេះប្រទេសចិនបានក្លាយជាប្រទេសបញ្ចេញឧស្ម័នធំជាងគេក្នុងពិភពលោក ដោយសារការរំពឹងទៅលើរ៉ែធ្យូងថ្ម។
ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ប្រទេសចិនបានរំពឹងឧស្សាហកម្មចំណាយថាមពលច្រើន ដូចជារោងចក្រចម្រាញ់ដែក រោងចក្រស៊ីម៉ងត៍ និងរោងចក្រគីមី។ ខណៈពេលដែលរោងចក្រថ្មីៗជាច្រើនក្នុងឧស្សាហកម្មទាំងនេះបានកាត់បន្ថយភាពខ្ជះខ្ជាយ បើប្រៀបធៀបទៅនឹងរោងចក្រនៅអាមេរិក ការគ្រប់គ្រងតម្លៃជាច្រើនឆ្នាំដោយរដ្ឋាភិបាលបានធ្វើឱ្យឧស្សាហកម្មដទៃទៀត និងម្ចាស់ផ្ទះភាគច្រើនមិនធ្វើការកែលម្អដើម្បីកាត់បន្ថយភាពខ្ជះខ្ជាយថាមពល។
ខណៈពេលដែលរដូវរងាកាន់តែខិតជិត តម្រូវការថាមពលតាមគេហដ្ឋាននឹងកើនឡើង ធ្វើឱ្យក្រុងប៉េកាំងប្រឈមនឹងជម្រើសដ៏លំបាក៖ តើគួរអនុញ្ញាតឱ្យរោងចក្រដំណើរការពេញលេញដើម្បីបំពេញតម្រូវការរបស់ពិភពលោក ដែលកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។
ការដាក់កំណត់លើការប្រើប្រាស់អគ្គិសនីកាលពីចុងខែមុន ហាក់បីដូចជាបានជួយបន្ធូរបន្ថយវិបត្តិនេះ ប៉ុន្តែគេរំពឹងថាតម្រូវការថាមពលដោយសាររដូវរងានឹងចាប់ផ្ដើមកើនឡើងនៅថ្ងៃសុក្រនេះសម្រាប់តំបន់ភាគខាងជើង ហើយនៅខែក្រោយសម្រាប់តំបន់កណ្ដាល។
ប្រទេសចិនបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័សទៅការប្រើប្រាស់ប្រភពថាមពលដទៃទៀតដូចជាឧស្ម័នធម្មជាតិ បន្ទះស្រូបពន្លឺព្រះអាទិត្យ តួប៊ីនខ្យល់ និងទំនប់វារីអគ្គិសនី។ ប៉ុន្តែប្រទេសចិននៅតែមិនមានថាមពលគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ។ សូម្បីតែការផ្លាស់ប្តូរទៅជាថាមពលបៃតងអាចមានត្រូវថាមពលយ៉ាងច្រើនផងដែរ ពោលគឺបញ្ហាផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសនេះ ក៏បានបង្កើនថ្លៃដើមផលិតបន្ទះសូឡា។
សម្រាប់ ពេលនេះប្រទេសចិនកំពុងបង្កើនការប្រើប្រាស់ធ្យូងថ្ម តិចជាងមួយខែក្រោយពិមេដឹកនាំពិភពលោកជួបជុំគ្នានៅទីក្រុង Glasgow ដើម្បីពិភាក្សាអំពីការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ។
រហូតដល់ពេលមានថាមពលគ្រប់គ្រាន់ រោងចក្ររបស់ចិនប្រឈមនឹងការឈប់ដំណើរការដែលមិនអាចរំពឹងទុកមុខជាមុន ហើយអាចបង្កអស្ថិរភាពយ៉ាងខ្លាំង។ រោងចក្រនៅប្រទេសចិនប្រើប្រាស់អគ្គិសនីច្រើនជាងទ្វេដងនៃផ្នែកដទៃនៃសេដ្ឋកិច្ចរបស់ប្រទេស៕