ថ្នាក់ដឹកនាំក្រសួងកសិកម្ម បានជំរុញកសិករឲ្យបង្កើនការដាំបន្លែសុវត្ថិភាព ដើម្បីធានាបានគុណភាព អនាម័យ និងសុខភាព ដែលជាតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋកម្ពុជា !
ខេត្តព្រះវិហារ៖ ការជំរុញដល់ប្រជាកសិករ ឲ្យបង្កើនការដាំដុះបន្លែសុវត្ថិភាព របស់អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី យ៉ើ អាស៊ីគីន បានថ្លែងក្នុងគ្រាដែលលោកស្រី រួមជាមួយនឹងដៃគូរអភិវឌ្ឍន៍ បានអញ្ជើញចុះពិនិត្យស្ដង់លក់បន្លែសុវត្ថិភាព និងការដាំដុះបន្លែសុវត្ថិភាព របស់ប្រជាកសិករ ដែលគាំទ្រដោយគម្រោងបន្លែផ្លែឈើកម្ពុជា ហៅកាត់ថា « គម្រោងឈេន » នៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥មករា ម្សិលមិញនេះ។
នៅក្នុងដំណើរ ចុះពិនិត្យស្ដង់លក់បន្លែសុវត្ថិភាព និងការដាំដុះបន្លែសុវត្ថិភាព របស់លោកស្រី យ៉ើ អាស៊ីគីន និងសហការី នោះទៀត ក៏មានការចូលរួមពី តំណាងក្រសួងកិច្ចការនារី ភ្នាក់ងារអភិវឌ្ឍន៍ស្វីស SDC ថ្នាក់ដឹកនាំគម្រោងឈេន និងក្រុមការងារមន្ទីរជំនាញ ផងដែរ បានចុះពិនិត្យស្ដង់លក់បន្លែសុវត្ថិភាព ដែលមានទីតាំងនៅផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ និងបានបន្ដចុះពិនិត្យ និងសិក្សាពីការដាំដុះបន្លែសុវត្ថិភាព របស់ប្រជាកសិករ ដែលជាសមាជិកបណ្ដុំអាជីវកម្មបន្លែ គាំទ្រដោយគម្រោងឈេន ចំនួន ២គ្រួសារ គឺលោក ហែម ជាតិ និងភរិយា ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និងលោក វ៉ាង វ៉ា និងភរិយា ស្ថិតនៅភូមិកំពង់ចំលង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
កសិករទាំងពីរគ្រួសារ ដែលសមាជិកបណ្ដុំអាជីវកម្មបន្លែ នៃគម្រោងឈេន បានលើកឡើងថា ចាប់តាំងពីគ្រួសាររបស់លោក ចូលជា សមាជិកបណ្ដុំអាជីវកម្មបន្លែ ដែលគាំទ្រដោយគម្រោងឈេន និងមានការគាំទ្រពីមន្ដ្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនោះមក លោកទទួលបានធនធានផ្នែកដាំដុះបន្ថែម នូវ អត្ថប្រយោជន៍ បទពិសោធន៍ និងការយល់ដឹងជាច្រើន អំពីសារៈសំខាន់ នៃការប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសទំនើបក្នុងការដាំដុះ ដែលជាទុន និងទំនុកចិត្តដ៏រឹងមាំ ដើម្បីបង្កើនផលិតភាពផលិតកម្ម ក្នុងការរកប្រាក់ចំណូល ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសាររបស់ពួកគាត់ បានយ៉ាងល្អប្រសើរ។
អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី យ៉ើ អាស៊ីគីន បានថ្លែងលើកទឹកចិត្តដល់ប្រជាកសិករដាំបន្លែ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលគម្រោងឈេន សម្រេចបានយ៉ាងល្អប្រសើរនេះ។ លោកស្រី អនុរដ្ឋលេខាធិការ ក៏បានណែនាំបន្ថែម ដល់កសិករដាំបន្លែសុវត្ថិភាព ត្រូវខិតខំបន្ថែមទៀត ទាំងការងារអនុវត្ត និងទ្រឹស្ដី ដើម្បីជាទុនក្នុងការផលិតបន្លែ ដែលធានានបានទាំងគុណភាព អនាម័យ សុវត្ថិភាព និងក៏ដើម្បីឆ្លើយតប តាមសេចក្ដីត្រូវការរបស់អ្នកបរិភោគ ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជា ពិសេស គួរសិក្សាបន្ថែម ក្នុងការជ្រើសយកប្រភេទបន្លែ ដែលមានទីផ្សារ តម្លៃខ្ពស់ និងទុកបានយូរ មិនងាយខូចជាដើម។ល។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបង្ហាញរបាយការណ៍ថា នៅក្នុងឆ្នាំ២០១៩ កន្លងទៅ មន្ទីរកសិកម្ម មានក្រុមកសិករ ចំនួន ៥៩ក្រុម ក្នុងនោះក្រុមដាំបន្លែអាជីព មាន៩ក្រុម ក្រុមដាំបន្លែពាក់កណ្ដាលអាជីព ៣៤ក្រុម និងក្រុមដាំហូប ចំនួន ១៥ក្រុម។ លើសពីនេះទៀត មន្ទីរមានពិសោធន៍ក្រុមដាំបន្លែអាជីព និងពាក់កណ្ដាលអាជីព ចំនួន ៣០បង្ហាញ ដោយបានបញ្ចប់ការធ្វើបង្ហាញ ចំនួន២៤ និងការបង្ហាញក្នុងក្រុមដាំហូប មាន១៦បង្ហាញ។ ចំពោះការឧបត្ថម្ភដល់ក្រុមកសិករ នោះវិញ គឺមានគ្រាប់ពូជ ប្រព័ន្ធតំណក់ទឹក កៅស៊ូគ្របរង ជីទ្រាប់បាតទ្រើង ត្រេបណ្ដុះកូន រួមនឹងសម្ភារៈមួយចំនួនទៀត ហើយមន្ដ្រីជំនាញ នៅតែបន្ដគាំទ្រផ្តល់បច្ចេកទេស ទៅដល់ប្រជាកសិករ ក្នុងការដាំដុះបន្លែជានិច្ច៕ធ.ដ
ដោយ៖ឡុង សំបូរ