ទេសាភិបាលធនាគារជាតិនៃកម្ពុជា រំលេចថា កំណើនសេដ្ឋកិច្ចកម្ពុជា បន្តកើនឡើងក្នុងអត្រា ៧,១% ខណៈវិស័យធនាគារ ក៏មានសុខភាពល្អ បានរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា
ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ ២០២០ របស់ ធនាគារជាតិនៃកម្ពុជា កាលពីពញរឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅសាលសន្និសីទ ចតុមុខ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច កម្ពុជា បានបន្តកើនឡើងក្នុងអត្រា ៧,១% ដែលជាអត្រាខ្ពស់ជាងគេ ក្នុងបណ្តាប្រទេសអាស៊ាន ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរឹងមាំ ទោះបីជា បានប្រឈមនឹងហានិភ័យមួយចំនួន ក៏ដោយ។
ជាក់ស្តែង អត្រាអតិផរណាមានកម្រិតទាប ហើយអត្រាប្ដូរប្រាក់ មានស្ថិរភាពល្អប្រសើរ ស្របពេលដែលសេដ្ឋកិច្ចទទួលបានកំណើនរឹងមាំនៃលំហូរមូលធន ដែលបានជំរុញដល់ការ វិនិយោគ ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា។ លំហូរមូលធនក៏បានគាំទ្រទុនបម្រុងអន្តរជាតិ ឱ្យកើនឡើង ជាលំដាប់ក្នុងកម្រិតខ្ពស់ បានរួមចំណែករក្សាជំនឿទុកចិត្តមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ។
ដោយឡែកវិស័យធនាគារ ក៏មានសុខភាពល្អ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ លើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ ។ លើស ពីនេះ ប្រព័ន្ធធនាគារ ត្រូវបានធ្វើ ទំនើបកម្មជាលំដាប់ ស្របពេលដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ បានវិវត្តយ៉ាង ឆាប់រហ័ស ជាពិសេស នៅក្នុងប្រព័ន្ធទូទាត់ ដែល ធ្វើឱ្យការផ្តល់សេវាហិរញ្ញវត្ថុ កាន់តែមានភាពងាយ ស្រួល សុវត្ថិភាព និងប្រសិទ្ធភាព ។ ឆ្លើយតបនឹងការរីកចម្រើនវិស័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាព ស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក៏បានពង្រឹងយន្តការបង្ការ និងទប់ស្កាត់ប្រតិបត្តិការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ ។
ឯកឧត្តម ជា ចាន់តូ ក៏បានលើកឡើងពីការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជិត ៣ទស្សវត្សរ៍ ក្រោមការអនុវត្តគោល នយោបាយ ឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បាននាំឱ្យកម្ពុជា មានសុខសន្តិភាព និងឯកភាពជាតិតែ មួយ ហើយសន្តិភាព បានធានាការអភិវឌ្ឍប្រកបដោយចីរភាព និងការរីកចម្រើន លើគ្រប់វិស័យ ហើយបានពង្រឹងលទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ។
ឯកឧត្តម ទេសាភិបាល បានបញ្ជាក់ថា ក្រោយពីការទទួលបានសន្តិភាពពេញលេញមក ប្រព័ន្ធធនាគារបាន អភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយ នៅឆ្នាំ២០១៩ កន្លងទៅ យើងក៏បានសម្ពោធជាផ្លូវការនូវសារមន្ទីរ សេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា សារមន្ទីរ ស.ស.រ ដែលបានបង្ហាញពីប្រវត្តិពាក់ព័ន្ធនឹងការវិវត្តសេដ្ឋកិច្ចសង្គមក និងរូបិយវត្ថុម្ពុជា ចាប់តាំងពីសតវត្សរ៍ ទី១មក ជាពិសេស ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ។
ឯ,ឧ ទេសាភិបាល ជា ចាន់តូ បានបន្ថែមថា លទ្ធផលល្អដែលយើងសម្រេចបាននៅឆ្នាំ២០១៩ ជាសមិទ្ធផលដែល កើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីសាមគ្គីភាពនិងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម ជា ចាន់តូ ក៏បានថ្លែង អំណរគុណចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រីធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលរួមចំណែក សម្រេចបានសមិទ្ធផលសំខាន់ៗ ជាបន្តបន្ទាប់ សម្រាប់ការរីកចម្រើនរបស់វិស័យធនាគារ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល ៕ធ.ដ