សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបានតុលាការផ្អាកសវនាការហើយ ដោយនឹងបន្តសវនាការ នៅថ្ងៃទី២២ និង២៣ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ
ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាក សវនាការហើយ លើសំណុំរឿងក្បត់ជាតិរបស់ជនជាប់ចោទ កឹម សុខា អតីតប្រធានអតីតគណបក្ស សង្គ្រោះជាតិ ដោយសួរដេញដោលលើសកម្មភាពក្បត់ នៅក្នុងឃ្លីបវីដេអូ។ សវនាការ បន្តនឹងធ្វើឡើង នៅថ្ងៃទី២២ និងទី២៣ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីបន្តសួរដេញដោលលើសកម្មភាពក្បត់ ជាតិប្រព្រឹត្តពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ ។
លោក គី តិច មេធាវីការពារក្ដីរាជរដ្ឋាភិបាល បានប្រាប់អ្នកសារព័ត៌មាន នៅក្រៅរបងតុលាការថា សវនាការព្រឹកនេះ មានការជជែកគ្នាតឹងតែង ដោយសារក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចឲ្យមេធាវីដើម បណ្តឹងរដ្ឋប្បវេណី ដាក់សំណួរសម្រាប់សួរដេញដោលពីសកម្មភាពក្បត់ជាតិ ប្រព្រឹត្តឡើងក្នុងរង្វង់រយៈ ពេល១៤ឆ្នាំកន្លងមកនេះ ។ ភាគីមេធាវីការពារជនជាប់ចោទ ច្រើនដាក់សំណួរមិនចំកម្មវត្ថុ មិនចំចន្លោះ ឆ្នាំ ដែលក្រុមប្រឹក្សាកំណត់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ ។
លោកមេធាវី គី តិច បានពន្យល់ថា ការលើកឡើងបែបនេះ តាមការយល់ឃើញរបស់ខ្ញុំ គឺគាត់មាន ចេតនាឲ្យក្រុមប្រឹក្សាឃាត់ ធ្វើឲ្យសាធារណៈជន ដែលអង្គុយក្នុងបន្ទប់សវនាការ វាយតម្លៃខុសលើការ ផ្តល់សិទ្ធិ ហើយចោទប្រកាន់ខាងណុះនិយាយមិនបានទេ ។ លោក គី តិច បានបន្ថែមថា នីតិវិធីនៅក្នុងសវនាការនេះ មានភាពស្មុគស្មាញ និងត្រូវការពេលវេលាយូរ ប៉ុន្តែមេធាវីការពារជនជាប់ចោទ ព្យាយាមបង្កបញ្ហាស្មុគស្មាញ នៅដំណើរការនីតិវិធី ដើម្បីឲ្យអ្នកសង្កេត ការណ៍មើលឃើញថា តុលាការ មិនបានផ្តល់សិទ្ធិស្មើគ្នា ក្នុងការបកស្រាយដាក់បន្ទុក និងដោះបន្ទុក ។
ដោយឡែក លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យ ដឹងថា មន្ត្រីទូតបរទេស រាប់ទាំងទូតមកពីប្រទេសដែលមានឈ្មោះសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើក្បាត់ ជាតិរបស់លោក កឹម សុខា បានបន្តចូលរួមសង្កេតការណ៍ និងចូលស្តាប់សវនាការនេះ ប៉ុន្តែមានចំនួន តិចជាងថ្ងៃទី១៥ ខែមករា ។ លោកបានបញ្ជាក់ថា ដំណើរនីតិវិធី បានប្រព្រឹត្តិទៅដោយរលូន ។
សូមបញ្ជាក់ថា ចៅក្រមនៅក្នុងសវនាការនេះ មានលោក កូយ សៅ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយ មានចៅក្រមប្រឹក្សា២រូបទៀត គឺលោក សេង លាង និងលោក ធាម ច័ន្ទពិសិដ្ឋ រីឯតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ មានលោកព្រះរាជអាជ្ញារង ២រូប គឺលោក វង្ស ប៊ុនវិសុទ្ធ និងលោក ប្លង់ សុផល ៕ធ.ដ