៣ថ្ងៃនេះគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បន្តយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ នៅសង្កាត់ទួលសង្កែទី១
ភ្នំពេញ៖ ក្រុមអាជីវករ ដែលដាក់តាំងលក់ដូរទំនិញផ្សេងៗ រំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងរបៀបរៀបរយសង្គម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ និងផ្លូវលេខ៦៨R ជុំវិញបរិវេណផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ពេលនេះចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញហើយ តាំងពីថ្ងៃទី១៤-១៥-១៦ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីប្រតិបត្តិការក្ដៅទ្រង់ទ្រាយធំ និងឈានដល់ការដកហូតសម្ភារមួយចំនួនមករក្សាទុក ពីក្រុមអាជីករលក់ដូរទាំងឡាយ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវរបស់រដ្ឋ ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ។
ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋនេះ ស្ថិតក្រោមការបញ្ជាផ្ទាល់ដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំផ្ទាល់ដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដែលជាវិធានការដាក់ចេញដោយគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានឲ្យដឹងផងដែរថា ដើម្បីទប់ស្កាត់មិនឲ្យបាត់បង់ចំណីចិញ្ចើមផ្លូវ ការបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ឫបង្កជាឧបត្ថវៈហេតុគ្រោះថ្នាក់ចរាចរណ៍ ជាដើម គឺត្រូវបានអនុវត្តន៍ឡើងជាប្រចាំ «ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ» ដែលជាវិធានការរួមចាំបាច់មួយ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងគោលបំណងបញ្ជៀសរាល់ការរំលោភបំពាន ដោយប្រជាអាជីវករដាក់តាំងលក់ដូរទំនិញ ឬសម្ភារផ្សេងៗ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួនលយលើចិញ្ចើមផ្លូវ គឺមិនត្រូវបានអនុញាតិឲ្យកើតមានឡើងជាដាច់ខាត ក្រោយពីអាជ្ញាធរសង្កាត់-ខណ្ឌ ចេញសេចក្ដីជូនដំណឹង ច្រើនលើកច្រើនសារ តែក្រុមអាជីវករមិនស្ដាប់ ហើយរឹងរូស ដដែលជាដដែល នោះអាចប្រឈមលើការចាប់ដកហូតសម្ភារ មករក្សាទុក ដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ ឫខូចខាតឡើយ៕ធ.ដ
ដោយ ហាស់ កំសាន្ដ